នាយក​រដ្ឋមន្ត្រីកម្ពុជាចា​ត់ទុ​កថាការប្រគល់វត្ថុបុរា​​ណគឺជាការបង្ហា​ញពីក្រមសី​លធម៌លើ​កក​ម្ពស់ដ​ល់​វប្បធម៌នៃ​ជា​តិសាសន៍​​មួយ

 សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាដែលជាម្ចាស់ដើមគឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរពជាការបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ។ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាពសម្ដេចហ៊ុន សែន បានថ្លែង ក្នុងនាមសម្ដេចផ្ទាល់ជាមួយប្រជាជនកម្ពុជាទាំងមូល សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅប្រកបដោយសេចក្ដីសោមនស្ស ចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតារបស់ខ្លួនបន្ទាប់ពីបានរសាត់ឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយឆ្លងកាត់ដំណើរដ៏វែងឆ្ងាយនៃសង្គ្រាមស៊ីវិលការលួច និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។ សម្ដេចបន្តថា បច្ចុប្បន្នកម្ពុជាកំពុងបន្តធ្វើការស្រាវជ្រាវប្រមូលភស្តុតាងនៃសម្បត្តិវប្បធម៌ ដែលត្រូវបានលួចចេញពីកម្ពុជាដោយខុសច្បាប់និងដំណើរការទាមទារ ដោយសហការជាមួយសហគមន៍អន្តរជាតិនិងគ្រប់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យបាយ ចរចា ដំណើរការផ្លូវទូត រដ្ឋបាល ឬតុលាការ ក្នុងករណីចាំបាច់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរសូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាដែលជាម្ចាស់ដើមគឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ ដែលបានរួមចំណែកដ៏ឧត្ដុង្គឧត្ដម ក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃនិងរងគ្រោះពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។សម្ដេចបានគូសបញ្ជាក់ថាពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជានេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យដ៏ឧត្ដុង្គឧត្ដម មិនមែនតែសម្រាប់ប្រជាជនកម្ពុជាដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ។ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសនានានិងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិនៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្មនិងចរាចរនិងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។គួរបញ្ជាក់ដែរថាការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះគឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិនិងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តប្រទេសនានា ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្របខណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចតទៅ៖ កិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាតំណាងនៃ រាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោកឌូប្លាស ឡាតហ្វូដ (Douglass Latchford) បានប្រគល់ជូនមកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ។ បន្ថែមពីលើនេះ សម្បត្តិវប្បធម៌ ខ្មែរសំខាន់ៗជាច្រើនដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានា និងអ្នកកាន់កាប់សមុច្ច័យឯកជន(មួយចំនួនរឹបអូសបានដោយសមត្ថកិច្ចអាម៉េរិក និងមួយចំនួនទៀតតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ក៏ត្រូវបានបញ្ចូន ត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ថ្មីៗនេះទៀតសោត គ្រឿងអលង្ការ បុរាណខ្មែរធ្វើពីមាសនិងលោហៈមានតម្លៃទាំងធំ-តូច ចំនួន៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់ កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្រុមការងារកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ានី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេសរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជា។ ទន្ទឹមនឹងនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងកំពុងសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងប្រទេសដ៏ទៃទៀតក៏ដូចជាបន្តការចរចាជាមួយស្ថាប័នថ្មីនិងអ្នកកាន់កាប់សមុច្ច័យឯកជនដើម្បីរៀបចំនីតិវិធីទាមទារនិងបញ្ចូនវត្ថុបុរាណខ្មែរជាច្រើនទៀតត្រឡបើមកកម្ពុជវិញ។ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមា ថ្មធំៗដូចជា ព្រះឥសូរនឹងព្រះស្កន្ធ ព្រះស្កន្ទគង់លើក្ងោកនិងព្រះគណេសដែលមានប្រភពដើមមកពីរមណីយ ដ្ឋានប្រាសាទកោះកេរអតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស.ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិលនិងអសន្តិសុខក្នុងស្រុក៕AKP

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា។AKP



Powered by Blogger.