រដ្ឋមន្ត្រីក្រសួងព័ត៌មានសរសើរសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យដែលបានចូលរួមបណ្តុះបណ្ដាលអ្នកសារព័ត៌មាន
ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសើរសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យហៅកាត់ថា (IPA)ដែលបានជួយបណ្តុះបណ្ដាលអ្នកសារព័ត៌មានបានច្រើនដោយមិនរើសអើងបក្សពួកឬនិន្នាការនយោបាយឡើយ។ការកោតសរសើរនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិតកុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូល» របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នៅសណ្ឋាគារសុខាភ្នំពេញ។ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រសាសន៍ថាសន្និបាតរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យហៅកាត់ថា(IPA)នេះមានទ្រង់ទ្រាយធំបើប្រៀបធៀបអង្គការសមាគមកាសែតផ្សេងទៀត។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រសាសន៍ថា«ខ្ញុំសូមសម្ដែងការរីករាយដែលបានចូលរួមអង្គសន្និបាតដ៏ធំហើយសំខាន់នេះមានតែមួយឬពីរអង្គការទេដែលអាចធ្វើបានធំយ៉ាងហ្នឹងនេះបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកកាសែតរបស់យើងក្នុងការពង្រឹងវិជ្ជាជីវៈនៅក្នុងតួនាទីរបស់ខ្លួនក្នុងសង្គម យើងដឹងហើយសម័យនេះព័ត៌មាន មានច្រើនហើយមានសារៈសំខាន់ក្នុងការរស់នៅការអភិវឌ្ឍខ្លួននិងអភិវឌ្ឍន៍សង្គម»។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសរសើរ ឯកឧត្តម ស សុខា ដែលបានខិតខំជំរុញការងារសារព័ត៌មាននេះនិងអរគុណដល់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យដែលបានខិតខំប្រមូលគ្នាដើម្បីរៀនសូត្រហើយធ្វើសន្និបាតឱ្យស្គាល់គ្នាដើម្បីយកគ្នាធ្វើជាបណ្ដាញងាយស្រួលសហការគ្នាធ្វើព័ត៌មានឱ្យបានច្រើន។ឯកឧត្តម បណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឱ្យដឹងថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យជាសមាគមក្រៅរដ្ឋាភិបាល បង្កើតឡើងដោយក្រុមយុវជនជាបញ្ញាវន្តខ្មែរនិងក្រុមអ្នកមានអាជីព បទពិសោធលើវិស័យសារព័ត៌មានជាច្រើនឆ្នាំ ពិសេសជាក្រុមយុវជនដែលស្រឡាញ់ការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌ វិស័យសារព័ត៌មាននិងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងត្រូវបានប្រកាសអនុញ្ញាតពីក្រសួងមហាផ្ទៃ លេខ១០៥៩ប្រកចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ហើយថ្ងៃនេះ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេល ១ឆ្នាំគត់ និងទទួលបានការអនុញ្ញាតលើវិស័យសារព័ត៌មាន ពីក្រសួងព័ត៌មាន ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ឯកឧត្តម បណ្ឌិត ទូច វណ្ណៈ បានឱ្យដឹងទៀតថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងក្នុងគោលបំណង ដើម្បីចងក្រងអង្គភាពសារសារព័ត៌មាននិងកៀរគរអ្នកសារព័ត៌មាន សិស្ស និស្សិត យុវជនពលរដ្ឋ រួមគ្នាពង្រឹងគុណភាពនៃការផ្សព្វផ្សាយនៅកម្ពុជា ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងការអនុវត្តច្បាប់ស្តីពី របបសារព័ត៌មាន បណ្តុះបណ្តាលជំនាញសារព័ត៌មានផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនិងជំរុញគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្សព្វផ្សាយសមិទ្ធផលនានារបស់ថ្នាក់ក្រោមជាតិនិងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ក្រោមដំបូលនៃសន្តិភាពតែមួយ៕AKP
Post a Comment