លោកហ៊ុន​​​ ម៉ា​និតឡើងជាមេបញ្ជាការ​រងទ័ពជើងគោក​បន្ទាប់ពីលោកហ៊ុន ម៉ា​ណែតឡើងជានា​យឧត្តមសេនីយ៍

 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ខែមីនាកន្លងទៅ បានចេញអនុក្រឹត្យតែងតាំងមុខតំណែងលោកហ៊ុន ម៉ានិត ជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន។ ការតែងតាំងលោក ហ៊ុន ម៉ានិត ពេលនេះ គឺធ្វើឡើងតំណាលគ្នានឹងលោកហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកដែលត្រូវបានតម្លើងឋានន្តរស័ក្តិដោយព្រះរាជក្រឹត្យជានាយឧត្តមសេនីយ៍(ផ្កាយ៤)។ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅសល់ពេលជាង៣ខែទៀត កូនប្រុសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនចំនួន២រូបត្រូវបានតែងតាំង និងតម្លើងឋានន្តរសក្តិដូចជាការសម្រុកតែងតាំងកូនៗមេដឹកនាំគណបក្សប្រជាជនកម្ពុជាឯទៀតដែរ។ដែលពួកគេសុទ្ធសឹងជាអ្នកបន្តវេនគណបក្សកាន់អំណាច។លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត កូនប្រុសទី២សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតួនាទីជា​​​ប្រធាន​នាយកដ្ឋាន​ចារកិច្ច​នៃ​ក្រសួង​ការ​​ពារ​ជាតិត្រូវបានតែងតាំងដោយអនុក្រឹត្យជាមេបញ្ជាការរងកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ កាលពីថ្ងៃទី១៧ ខែមីនាដែរលោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក ដែលជាកូនប្រុសច្បងលោកហ៊ុនសែនក៏ត្រូវបានតម្លើងឋានន្តរសក្តិដោយព្រះរាជក្រឹត្យផងដែរជានាយឧត្តមសេនីយ៍(ផ្កាយ៤)។ជាការកត់សម្គាល់ កូនប្រុសទាំង៣របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានរំកិលតួនាទីឲ្យដល់កំរិតខ្ពស់ខណៈកូនប្រុសពៅគឺលោក ហ៊ុន ម៉ានី បច្ចុប្បន្នគឺជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដែល ស.ស.យ.ក នេះ មានឥទ្ធិពលអាចប្រមែប្រមូលយុវជនបានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសកម្មភាពសង្គមក៏ដូចជាសកម្មភាពនយោបាយ។ការតែងតាំងជាបន្តបន្ទាប់មិនថាតែក្នុងតំណែងស៊ីវិលឬកងកម្លាំងប្រដាប់អាវុធនោះទេត្រូវបានរិះគន់ពីសំណាក់អ្នកតាមដាននយោបាយមួយចំនួននិងអ្នកនយោបាយប្រឆាំងថាខ្វះសមភាពនិងជាការតែងតាំងបក្សពួកនិងសាច់ញាតិរបស់ខ្លួន។ ក៏ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់តាមរយៈវេទិកាសាធារណៈកន្លងមកថាសម្តេចក៏មានសិទ្ធិចង់ឲ្យកូនៗរបស់សម្តេចមានការងារធ្វើល្អ បានធ្វើការងារធំដូចអ្វីដែលអ្នករិះគន់សម្តេចចង់បានដែរ៕RFI

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនលើកដៃចង្អុលលោកហ៊ុនម៉ាណែត(ធ្វេង)លោកហ៊ុនម៉ានី(គណ្តាល)និងហ៊ុនម៉ានិត(ស្តាំ)។រូបឯកសារអ៊ីនធឺណិត

Powered by Blogger.