មនុស្សជិត ៨ សែននាក់បានស្ម័គ្រចិត្តចូលបម្រើទ័ព ដើម្បីប្រឆាំងនឹងអាម៉េរិក
កាសែតរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសៅរ៍ទី ១៨ ខែមីនាថា ពលរដ្ឋរបស់កូរ៉េខាងជើងប្រហែល ៨ សែននាក់បានស្ម័គ្រចិត្តចូលរួម ឬចុះឈ្មោះក្នុងជួរយោធារបស់ប្រទេសនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាម៉េរិក។
កាសែត Rodong Sinmun បានរាយការណ៍ថា ត្រឹមតែថ្ងៃសុក្រ ទី១៧ ខែមីនាមួយថ្ងៃតែប៉ុណ្ណោះ និស្សិត និងកម្មករប្រហែល ៨ សែននាក់នៅទូទាំងប្រទេសកូរ៉េខាងជើង បានបង្ហាញពីបំណងចង់ចុះឈ្មោះ ចូលរួមក្នុងជួរយោធាឡើងវិញ ដើម្បីប្រឆាំងនឹងមហាអំណាចសហរដ្ឋអាម៉េរិក។
ការអះអាងរបស់កូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ខែមីនា បានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 (ICBM) ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធាអាម៉េរិក-កូរ៉េខាងត្បូងដែលកំពុងដំណើរការ។ មិនត្រឹមតែប៉ុណ្ណោះកូរ៉េខាងជើងបានបាញ់មីស៊ីល ICBM ចូលទៅក្នុងសមុទ្ររវាងឧបទ្វីបកូរ៉េ និងជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែមីនាផងដែរ នៅប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូសម្រាប់កិច្ចប្រជុំកំពូល ដែលពិភាក្សាអំពីវិធីដើម្បីទប់ទល់នឹងកូរ៉េខាងជើង។
សូមរំឭកថា មីស៊ីលផ្លោងរបស់កូរ៉េខាងជើងត្រូវបានហាមឃាត់ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយការបាញ់បង្ហោះនេះបានទាក់ទាញការថ្កោលទោសជាខ្លាំងពីសំណាក់រដ្ឋាភិបាលនៅទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូ។ គួរបញ្ជាក់ថា កងកម្លាំងកូរ៉េខាងត្បូង និងអាម៉េរិកបានចាប់ផ្តើមសមយុទ្ធរួមគ្នារយៈពេល ១១ ថ្ងៃ ដែលមានរហ័សនាមថា «ខែលការពារសន្តិភាព (Freedom Shield 23)» កាលពីថ្ងៃចន្ទ ទី១៣ ខែមីនា ដែលធ្វើឡើងក្នុងកម្រិតមួយដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៧ ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់ប្រទេសឯកោនៅអាស៊ីមួយនេះ។
ជាចុងក្រោយ មេដឹកនាំដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងថា បង្កើនភាពតានតឹងជាមួយនឹងសមយុទ្ធយោធា៕
Post a Comment