នាយករដ្ឋមន្ត្រីកម្ពុជា៖រដូវតថ្លៃបានមកដល់ហើយ
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថារដូវតថ្លៃបានមកដល់ហើយចាប់ពីពេលនេះរហូតដល់ថ្ងៃ២៣ខែកក្កដាឆ្នាំ២០២៣ខណៈនៅជិតដល់ការបោះឆ្នោតគឺមានអ្នកដើរសន្យាជាមួយនឹងប្រជាជនដោយសន្យាផ្ដល់នេះផ្ដល់នោះឱ្យប្រជាជន។ ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១ ៧២៨ នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។សម្ដេចហ៊ុន សែន បានថ្លែងថាអ្នកខ្លះជិះតែកង់សោះទៅសន្យាថាពេលខ្លួនឈ្នះឆ្នោតនឹងផ្ដល់ម៉ូតូអ្នកខ្លះនៅផ្ទះស្បូវទៅសន្យាផ្តល់ផ្ទះថ្មឱ្យប្រជាជន។ ឯអ្នកខ្លះទៀតទៅសន្យាផ្ដល់តួនាទីជាមេឃុំមេស្រុកឬចៅហ្វាយខេត្ត ខណៈដែលខ្លួនឯងមិនទាន់មានអ្វីសោះ។ជាមួយគ្នានេះ សម្តេចក៏សូមផ្ដាំទៅអ្នកដទៃដែលមិនមែនជាខ្មែរកុំតាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរជាងខ្មែរព្រោះពេលមានសង្រ្គាមពួកគេរត់ចោលខ្មែរអស់ ទុកឱ្យខ្មែររងទុក្ខនិងស្លាប់យ៉ាងច្រើន។ប៉ុន្តែនៅពេលខ្មែរមានសន្តិភាពក៏តាំងមកកង្វល់នេះកង្វល់នោះទៅវិញ។សម្តេចនាយករដ្ឋមន្រ្ដីសង្ឃឹមថា អ្វីដែលសម្តេចនិយាយនេះគឺជាការដាស់តឿនដល់អ្នកដែលកសាងកំហុសទីមួយឱ្យកម្ពុជាដែលបានគាំទ្ររដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុធ្វើឱ្យប្រទេសកម្ពុជារងនូវសង្រ្គាម។ សម្តេចបានបន្ដថា ប្រទេសណាក៏ដោយដែលបានគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០សុទ្ធតែមានចំណែកទាំងអស់នៃការដុតកម្លោចសង្គ្រាមនៅកម្ពុជា។សម្ដេចអះអាងថា៖«តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ។ប៉ុន្តែគាំទ្ររដ្ឋប្រហារ។ ដូចនេះសូមកុំនិយាយពីប្រជាធិបតេយ្យតទៅទៀតហើយបើសិនជាអ្នកក្រោយត្រឡប់មកមើលពីអតីតកាលដែលអ្នកបានគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ»។ សម្តេចនាយករដ្ឋមន្រ្ដីក៏បានសុំឱ្យប្រទេសដែលគាំទ្ររដ្ឋប្រហារឆ្នាំ១៩៧០និងគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិអស់១២ឆ្នាំ សូមកុំកសាងកំហុសទី៣សម្រាប់កម្ពុជាបន្តទៅទៀត។ សម្ដេចបានថ្លែងបញ្ជាក់បន្ថែមថា៖«យើងមិនអត់ឱនឱ្យប្រទេសណាទាំងអស់ដែលប៉ុនប៉ុងបង្កើតឱ្យមានសង្គ្រាមនៅកម្ពុជាឡើងវិញ ទោះតម្លៃណាក៏ដោយយើងត្រូវការពារសន្តិភាពឱ្យបាន»៕AKP
Post a Comment