នាយករដ្ឋមន្រ្តីកម្ពុជា៖បច្ចុប្បន្នការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិ
សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពជាបានគូសបញ្ជាក់ថាបច្ចុប្បន្នការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបនោះទេ ហើយសមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយបានកាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស។ការគូសបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្ដីនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ចក្ខុវិស័យនិងយុទ្ធសាស្ត្រ «គណនេយ្យភាពសមិទ្ធកម្ម»នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤(២០២៣-២០២៧) នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ។សម្តេចហ៊ុន សែន បានថ្លែងរម្លឹកថាផ្ទុយទៅវិញនៅក្នុងអតីតកាល៣០ឆ្នាំមុនចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯងមានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិ សរុបតែប៉ុណ្ណោះបានន័យថាតមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។ សម្តេចបញ្ជាក់ថានេះគឺជាលទ្ធផលជាក់ស្ដែងដែលយើងសម្រេចបានស្របតាមគោលជំហរដឹកនាំដែលសម្ដេចបានប្រកាសជាសាធារណៈនាពេលកន្លងទៅគឺ «កែទម្រង់រស់មិនកែទម្រង់- ស្លាប់»។ ទស្សនៈដឹកនាំនេះ រួមជាមួយនឹងសមិទ្ធផលជាក់ស្តែងនៃកិច្ចការកែទម្រង់បានធ្វើឱ្យក្ដីរំពឹងទុកលើការកសាងប្រជាជាតិរបស់យើងដែលត្រូវបានចារឹក ទុកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក្លាយទៅជាការពិតនោះគឺ «ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងជានិច្ចនិរន្តរ៍»និងប្រែក្លាយកម្ពុជាឱ្យទៅជា «កោះសន្ដិភាព»យ៉ាងពិតប្រាកដ ។សម្តេចនាយករដ្ឋមន្រ្ដីបន្តថា សន្ដិភាពនិងវិបុលភាពសង្គមដែលកំពុងតែផ្តល់មនុញ្ញផលដល់យើងទាំងអស់គ្នានាបច្ចុប្បន្ននេះបានធ្វើឱ្យយើងមានមោទនភាពជាតិយ៉ាងក្រៃលែងនិងមានការជឿជាក់កាន់តែរឹងមាំថា «ខ្មែរពិតជាអាចធ្វើបាន»។ប៉ុន្តែច្បាស់ណាស់ថាយើងក៏មិនត្រូវស្កប់ស្កល់ ឬលង់លក់នៅក្នុងជោគជ័យបច្ចុប្បន្នដែរ។ផ្ទុយទៅវិញយើងត្រូវ ប្រឹងប្រែងរៀនសូត្រនិងដកស្រង់ពិសោធន៍ពីការអនុវត្តនិងបណ្តាបញ្ហាប្រឈមនាពេលកន្លងទៅដើម្បីបោះជំហានទៅដំណាក់កាលថ្មីជាបន្តទៀត ជាមួយនឹងមហិច្ឆតាបែបប្រាកដនិយមនិងមិនបង្អង់រង់ចាំ ។ ប្រការនេះមានន័យថាយើងត្រូវវាយតម្លៃឱ្យចំសកម្មភាពជាអាទិភាពដែលយើងត្រូវធ្វើជាបន្ទាន់ និងអាចធ្វើទៅបានដើម្បីឆ្លើយតបឱ្យ ចំសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនិងឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរនិងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុកស្របពេលដែលយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើកត្តាបរិបទនិងកត្តាបរិស្ថាន គ្របដណ្ដប់ជារួមផងដែរដើម្បីធានានូវការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានឱ្យបានក្នុងក្រមិតជាអតិបរមា ។ជាមួយគ្នានេះនាយករដ្ឋមន្ត្រីបានលើកឡើងថា សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនៃកំណែទ្រង់ហិរញ្ញវត្ថុសាធារណៈគឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតគឺដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ។សម្តេចតេជោបានថ្លែងបន្ដថាជារួមការកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជាទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម- សេដ្ឋកិច្ចរបស់កម្ពុជា ។សម្តេចតេជោក៏បានអះអាងផងដែរថា ជាការពិតការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬថវិកាជាតិ ។នៅឆ្នាំ ២០០៣ មុនការចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់នេះចំណូលថវិកាជាតិសរុបមានប្រមាណតែ១ ៨២១ប៊ីលានរៀលប៉ុណ្ណោះ រីឯចំណាយថវិកាជាតិមានប្រមាណ២ ៩៩៤ ប៊ីលានរៀល។ រយៈពេល២០ឆ្នាំ ក្រោយចំណូលថវិកាជាតិក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ស្មានថានឹងមានរហូតដល់ ៣២ ៩៣៦ ប៊ីលានរៀលឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល ។សម្តេចនាយករដ្ឋមន្រ្ដីក៏បានមានប្រសាសន៍ថា៖«សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរ នេះគឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយដែលធ្វើឱ្យកម្ពុជាទទួលបានកំណើននិងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០»។សម្ដេចតេជោបានបញ្ជាក់បន្ថែមថាសមិទ្ធកម្មដ៏ប្រសើរនេះក៏បានផ្ដល់លទ្ធភាពកាន់តែខ្ពស់ជូនរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅក៏ដូចជាលើកកម្ពស់ជីវភាពនិងគុណភាពរបស់មន្ត្រីរាជការពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈនិងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើងតាមរយៈអាទិភាពចំនួន៤នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺមនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាងនិងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្តនិងមិនមែនរូបវន្តលើគ្រប់វិស័យ ។លើសពីនេះទៀត សមិទ្ធផលទាំងអស់នេះគឺជាកត្តារួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែលមានការធ្លាក់ចុះជាលំដាប់៕AKP
Post a Comment