នាយករដ្ឋមន្ត្រីដាស់តឿនអ្នកទាំងឡាយនៅក្រៅប្រទេសឱ្យបញ្ឈប់យុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា
សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ដាស់តឿនដល់អ្នកទាំងឡាយដែលនៅខាងក្រៅប្រទេសឱ្យបញ្ឈប់យុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា តាមរយៈការអភិវឌ្ឍកំពង់ផែរាមដែលមានសកម្មភាពឡើងវិញក្រោយពីស្ងប់ស្ងាត់មួយរយៈនោះ។ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយជាង៤៥០០នាក់នាព្រឹកថ្ងៃទី១៦ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពីព័រណ៍កោះពេជ្រ សម្ដេចហ៊ុន សែន បានថ្លែងថាកម្ពុជាកំពុងតែពង្រឹងសមត្ថភាពយោធារបស់កម្ពុជាមានអ្វីខុស ទឹកដីនេះជាទឹកដីកម្ពុជាហើយកម្ពុជាមានសិទ្ធិនឹងធ្វើពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន។ សម្ដេចលើកឡើងថាជម្រៅទឹកដើមនៅកំពុងផែរាមមានតែ២ម៉ែត្រ ៧តឹកទេពេលនេះត្រូវតែបូមវាឱ្យជ្រៅដើម្បីធ្វើមូលដ្ឋានកងទ័ពឱ្យច្បាស់លាស់ គឺមិនបានទៅគំរាមកំហែងអ្នកណាទេ ហើយរឿងគួរឱ្យចង់សើចអ្នកខ្លះថា កំពង់ផែរាមអាចដាក់នាវាចុះចតយន្តហោះរបស់ចិនរហូតដល់២គ្រឿង។ សម្ដេចលើកជាសំណួរថា៖«តើចិនល្ងង់ដល់ប៉ុណ្ណឹងដល់ថ្នាក់យកនាវាផ្ទុកយន្តហោះមកដាក់នៅស្រុកខ្មែរ ចុះសមុទ្រចិនខាងត្បូងម្ដេចក៏មិនដាក់ហើយបើថាដាក់នាវានៅស្រុកខ្មែរដដែល ព្រលានយន្តហោះកងកេងម៉េចមិនចុះយន្តហោះតែម្ដងទៅចាំបាច់យកនាវាមកធ្វើអ្វី។ ទេកុំបបួលខ្មែរឆ្កួតហើយកុំបបួលចិនឆ្កួតបើឆ្កួតខ្លួនឯងសូមអញ្ជើញឆ្កួតទៅ»។ ជាមួយគ្នានេះនាយករដ្ឋមន្រ្ដីបានថ្លែងបន្តថាខ្មែរមិនល្ងង់ដល់ថ្នាក់ឱ្យចិនមកកាន់កាប់ស្រុកខ្មែរនោះទេហើយចិនមិនល្ងង់ដល់ថ្នាក់មកកាន់កាប់កំពង់ផែស្រុកខ្មែរយករហូតដល់នាវាផ្ទុកយន្តហោះមកដាក់ទីនោះដែរ។សម្ដេចតេជោ បានចង្អុលបង្ហាញថាសូមកុំមើលកម្ពុជាត្រឹមតែកម្ពុជាសូមមើលកម្ពុជាឱ្យឆ្ងាយពីកម្ពុជាបន្តិច គឺបានសេចក្ដីថាកម្ពុជាគឺមានដៃគូអង្គការនៅក្នុងក្របខណ្ឌអាស៊ានបើអ្នកឯងចង់ធ្វើជាដៃគូល្អរបស់អាស៊ានអ្នកឯងត្រូវធ្វើជាដៃគូល្អជាមួយប្រទេសជាសមាជិកអាស៊ាន ដើម្បីចៀសវាងការជំទាស់ណាមួយពីសមាជិករាប់ទាំងកម្ពុជាផងដែរ។
សម្ដេចថ្លែងសង្កត់ធ្ងន់ថា៖ «នេះជាចំណុចដែលខ្ញុំសូមជូនសារទៅមិត្តភក្ដិបរទេសទាំងឡាយសូមកុំធ្វើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាហើយកុំភ្លេចថា កម្ពុជាជាសមាជិកអាស៊ានក្នុងពេលដែលអ្នកចង់មកទំនាក់ទំនងអាស៊ាន ត្រូវមើលឱ្យផុតពីកម្ពុជាថាកម្ពុជាសមាជិកអាស៊ានដែលមានការទទួលខុសត្រូវ ហើយក៏មានសិទ្ធិបន្ទុចបង្អាក់កុំឱ្យមានកុងសង់ស៊ីសដែរ។បើចង់ទំនាក់ទំនងល្អជាមួយអាស៊ានត្រូវធ្វើកិច្ចការឱ្យល្អជាមួយប្រទេសជាសមាជិកអាស៊ានទាំងអស់»។សម្ដេចគូសបញ្ជាក់ទៀតថា៖«វាជាការជ្រៀតជ្រែកមួយដែលមានចរឹតជាយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា»។
នាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថាកម្ពុជាមានការចាំបាច់ដើម្បីកសាងសមត្ថភាពកងទ័ពជើងទឹកដើម្បីការពារអធិបតេយ្យប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន ការនេសាទខុសច្បាប់ឬឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងសមុទ្ររបស់កម្ពុជា។ដូច្នេះសូមជូនសារត្រឡប់ទៅវិញមិនចាំបាច់ធ្វើយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជាទេកម្ពុជាមានសិទ្ធិគ្រប់គ្រាន់អនុវត្តន៍ដោយរដ្ឋធម្មនុញ្ញរបស់ខ្លួន ការពារទឹកដីរបស់ខ្លួន។សម្ដេចតេជោបានអះអាងថាកម្ពុជាសូមបញ្ជាក់សារជាថ្មី មិនមានវត្តមានកងទ័ពចិនឬកងទ័ពបរទេសណានៅកម្ពុជាទេហើយបន្ទាប់ពីការសាងសង់កំពង់ផែរាមរួចរាល់កម្ពុជានឹងស្វាគមន៍គ្រប់ប្រទេសទាំងអស់ចូលចតនាវានៅក្នុងកំពង់ផែកម្ពុជា ហើយយើងអាចធ្វើសមយុទ្ធជាមួយគ្នា៕AKP
កងទ័ពជើងទឹកកម្ពុជាឈរនៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០១៩។taipeitimes
Post a Comment