នាយ​​​​​ករដ្ឋមន្ត្រីប្រាប់​​​ឲ្យក្រសួ​ងសុ​ខា​ភិ​បា​ល​កែ​លម្អគុ​ណ​​ភា​​ព​សេវាក្រោយ​មា​​​នមនុស្សស្លាប់​ដោ​​យកែស​ម្ផស្ស

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងកម្មវិធីបិទសន្និបាទបូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ឆ្នាំ(២០១៨-២០២២) របស់ក្រសួងសុខាភិបាលកាលពីម្សិលមិញបានថ្លែងរំលឹកឲ្យក្រសួងសុខាភិបាលបន្តកែលម្អគុណភាពសេវាសុខាភិបាលជាប្រចាំ។ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូច្នេះធ្វើឡើងក្រោយមានការធ្វេសប្រហែសផ្នែកវេជ្ជសាស្ត្រមួយចំនួនដែលបានកើតឡើងជារឿយៗនៅតាមគ្លីនិកឯកជនកន្លងមក។សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃម្សិលមិញបានថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលឲ្យកែលម្អគុណភាពសេវាសុខាភិបាលជាប្រចាំសំដៅលើកកម្ពស់គុណភាពសេវា ថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬអតិថិជន និងដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈដែលក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាពនៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។សម្តេចហ៊ុន សែន បញ្ជាក់ថាក្រសួងសុខាភិបាលត្រូវពិនិត្យ និងរៀបចំការអភិវឌ្ឍនិងការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្របទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈនិងឯកជនដើម្បីធានាថាសេវាថែទាំសុខភាពដែលបានផ្តល់មានអនុលោមភាពស្របតាមបទដ្ឋានស្តង់ដារដែលបានកំណត់។សូមរំលឹកថាកាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញលិខិតបិទមជ្ឈមណ្ឌលកែសម្ផស្សមួយឈ្មោះ M25 ប៊ីយូធី ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីមានស្ត្រីម្នាក់ស្លាប់ ក្រោយការវះកាត់កែសម្ផស្ស។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ក្រសួងសុខាភិបាលបានចេញលិខិតបិទមន្ទីរសំរាកព្យាបាល ឬគ្លីនិកឯកជនមួយឈ្មោះ«ដើមអង្គ្រង» ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វេសប្រហែសគ្មានជំនាញនៅក្នុងការព្យាបាលស្ត្រីរំលូតកូនដែលស្លាប់ក្នុងផ្ទៃ។គួរបញ្ជាក់ដែរថាគុណភាពសេវាកម្មសុខាភិបាលនៅប្រទេសកម្ពុជា ត្រូវគេមើលឃើញថាបានប្រឈមនឹងទំនុកចិត្តនិងជំនឿជឿជាក់ពីសាធារណជនខ្មែរនៅឡើយខណៈពលរដ្ឋខ្មែរមួយចំនួននៅតែបន្តចាកចេញទៅស្វែងរកសេវាសុខាភិបាលនៅប្រទេសជិតខាងឬសេវាសុខាភិបាលនៅតាមប្រទេសជឿនលឿនផ្សេងទៀត ទៅតាមលទ្ធភាពរៀងៗខ្លួន។ទោះយ៉ាងណា ក្រសួងសុខាភិបាលក៏មានគុណសម្បត្តិផងដែរនៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការពិនិត្យ និងព្យាបាលពលរដ្ឋខ្មែរ តាមរយៈមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ហើយរយៈពេល៣ឆ្នាំកន្លងទៅនេះក្រសួងសុខាភិបាលបានដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នឹងជំងឺកូវីដ-១៩៕RFI



Powered by Blogger.