ប៉ាគីស្ថានពន្យារពេលដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី
តុលាការប៉ាគីស្ថានបានបញ្ជាឱ្យប៉ូលីសបញ្ឈប់ការអនុវត្តដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីImran Khanបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងហ្វូងអ្នកគាំទ្ររបស់លោក។ប្រធានមន្ត្រីព័ត៌មានខេត្តPunjab លោក Amir Mir បាននិយាយកាលពីថ្ងៃទី១៥ខែមីនាថាតុលាការនៅទីក្រុង Lahore រាជធានីខេត្ត បានបញ្ជាឱ្យប៉ូលិសបញ្ឈប់កិច្ចខិតខំប្រឹងប្រែងចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី Imran Khan ដោយសារតែស្ថានភាពសន្តិសុខមិនប្រក្រតី។យោងតាមការសម្រេចនេះ ប៉ូលិសអាចបន្តប្រតិបត្តិការនេះឡើងវិញបាននៅថ្ងៃទី១៦ខែមីនា។
ការសម្រេចរបស់តុលាការបានធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងមន្ត្រីដែលអនុវត្តដីកាចាប់ខ្លួនលោកKhanនិងហ្វូងមនុស្សដែលកំពុងព្យាយាមការពារអតីតនាយករដ្ឋមន្ត្រី។មនុស្សមួយក្រុមនេះបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់លោកKhanដោយបានគប់ដុំថ្មទៅលើសន្តិសុខ ដោយបង្ខំឱ្យប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកជាការឆ្លើយតប។ការប៉ះទង្គិចគ្នានេះបានធ្វើឱ្យប៉ូលិសជាង៦០នាក់និងបាតុករយ៉ាងហោច៨នាក់រងរបួសនិង១៥នាក់ត្រូវចាប់ខ្លួន។ ប៉ូលីសប៉ាគីស្ថានក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅឯបរិវេណលំនៅដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីKhanដោយចោទប្រកាន់អង្គរក្សនៅខាងក្នុងថាមានកាំភ្លើង។ជាមួយគ្នានេះដែរអតីតនាយករដ្ឋមន្ត្រីKhanបានពណ៌នាស្ថានភាពបច្ចុប្បន្នថាមានភាពវឹកវរ ហើយថាលោកមិនអាចគ្រប់គ្រងហ្វូងអ្នកគាំទ្ររបស់លោកបានទេ។
លោក Khan បាននិយាយថា "មនុស្សនៅទីនោះមិនស្តាប់ខ្ញុំទេ។ នៅពេលដែលមានភាពចលាចលហើយពួកគេត្រូវបានវាយប្រហារ ពួកគេនឹងមិនស្តាប់ខ្ញុំទៀតទេ។ខ្ញុំអស់ការគ្រប់គ្រងហើយ" ។
ប៉ូលិសប៉ាគីស្ថាន ធ្លាប់បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី Khan ពីបទបំពានតួនាទីរបស់លោកក្នុងការលក់អំណោយដែលផ្តល់ឱ្យលោកដោយមេដឹកនាំបរទេស។ ដីកាចាប់ខ្លួនត្រូវបានចេញបន្ទាប់ពីលោកមិនបានចូលខ្លួនទៅតុលាការតាមដីកាកោះហៅជាច្រើនលើក។អតីតនាយករដ្ឋមន្ត្រី លោក Khan បាននិយាយកាលពីថ្ងៃទី៥ ខែមីនាថា លោកមិនចូលខ្លួនក្នុងតុលាការទេ ដោយសារ «ខ្លាចអាយុជីវិតលោករងការគំរាមកំហែង»ដោយបន្ថែមថា តុលាការមិនផ្តល់សន្តិសុខគ្រប់គ្រាន់សម្រាប់លោកទេ។លោក Khan បានបាត់បង់តំណែងនៅក្នុងខែមេសាឆ្នាំ២០២២បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតមិនទុកចិត្តនៅក្នុងសភា ហើយកំពុងប្រឈមមុខនឹងការចោទប្រកាន់រាប់សិប រួមទាំងអំពើពុករលួយនិងអំពើភេរវកម្ម។ ថ្មីៗនេះលោកបានជំរុញម្តងហើយម្តងទៀត ដល់រដ្ឋាភិបាលប៉ាគីស្ថានឱ្យរៀបចំការបោះឆ្នោតមុនកាលកំណត់ ។ប៉ុន្តែត្រូវបានបដិសេធដោយអ្នកស្នងតំណែងរបស់លោកគឺលោក Shehbaz Sharif ៕យោងតាមGuardian
អ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកImranKhanកាន់ដំបងឈរនៅខាងក្រៅផ្ទះរបស់លោកក្នុងទីក្រុងLahoreដើម្បីការពារប៉ូលីសពីការអនុវត្តដីកាចាប់ខ្លួននៅថ្ងៃទី១៥ខែមីនា។ រូបថត៖ AFP។
Post a Comment