នាយករដ្ឋមន្ត្រីម៉ាឡេស៊ីពេញចិត្តនឹងកិច្ចពិភាក្សាដែលគ្របដណ្តប់លើបញ្ហាជាច្រើនក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា
កម្ពុជានិងម៉ាឡេស៊ីនៅថ្ងៃចន្ទបានប្តេជ្ញាពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ថាមពល កសិកម្ម ការអប់រំនិងការងារក្នុងចំណោមវិស័យផ្សេងទៀតដើម្បីផលប្រយោជន៍ទៅវិញទៅមក។លោកនាយករដ្ឋមន្រ្តី Datuk Seri Anwar Ibrahim បានពេញចិត្តនឹងដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃរបស់លោកមកកាន់ប្រទេសកម្ពុជាដោយសារលោកមានឱកាសពិភាក្សាអំពីបញ្ហាទ្វេភាគីជាច្រើន រួមទាំងបញ្ហាតំបន់ក៏ដូចជាបញ្ហាសកលលោកជាមួយសមភាគីសម្តេចហ៊ុន សែន។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក ។លោក អាន់វ៉ាបានមានប្រសាសន៍ថាលោកបានកោតសរសើរយ៉ាងខ្លាំងនិងបានវាយតម្លៃខ្ពស់ចំពោះការអញ្ជើញពីសមភាគីរបស់គាត់ ដែលពិតជានឹងពង្រឹងទំនាក់ទំនងទ្វេភាគីរឹងមាំដែលមានស្រាប់ និងទំនាក់ទំនងការទូតដែលមានអស់រយៈពេល៦៦ឆ្នាំ។លោកបានមានប្រសាសន៍ថា«ក្នុងជំនួបទ្វេភាគីនេះសម្តេចហ៊ុន សែន បានអញ្ជើញម៉ាឡេស៊ីឲ្យប្រើប្រាស់ផលិតផលរបស់ប្រទេសគាត់ធ្វើពីឫស្សី ខណៈខ្ញុំក៏មានឱកាសទទួលទានអាហារស្រាយបួសជាមួយសាសនិកប្រមាណ ៦០០០នាក់ផងដែរ។ លោកក៏បានជួបសហការីម៉ាឡេស៊ីនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាផងដែរ»។លោកអាន់វ៉ាបានបន្ថែមថាកិច្ចពិភាក្សានៅកម្រិតអាស៊ាននឹងក្លាយជាវេទិកាដ៏សមស្របមួយបន្ថែមទៀតដើម្បីពិភាក្សាអំពីបញ្ហាតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានសម្តេចហ៊ុនសែនលើកឡើង។នេះគឺដោយសារតែបញ្ហាមីយ៉ាន់ម៉ាជាបញ្ហានយោបាយផ្ទៃក្នុងហើយអាស៊ាននឹងក្លាយជាវេទិកាដ៏ល្អបំផុតដើម្បីពិភាក្សាលើបញ្ហានេះជាក្រុម។លោកអាន់វ៉ាបានមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ដែលមានតាំងពីឆ្នាំ១៩៥៧។នៅពេលមកដល់លោកនាយករដ្ឋមន្ត្រី អ៉ាន់វា ត្រូវបានទទួលស្វាគមន៍ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អមដោយកងកិត្តិយសត្រែទ័ពនៅវិមានសន្តិភាព។បន្ទាប់មក មេដឹកនាំទាំង២បានបើកកិច្ចប្រជុំទ្វេភាគីរបស់ពួកគេដែលគ្របដណ្តប់លើបញ្ហាតំបន់និងពិភពលោកមួយចំនួន។កិច្ចប្រជុំនេះត្រូវបានបន្តដោយសន្និសីទសារព័ត៌មានដើម្បីប្រកាសព័ត៌មានលម្អិតនៃកិច្ចប្រជុំមុនពេលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំង២។អនុស្សរណៈដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីររួមមានដូចជា ការជ្រើសរើសពលករការងារនិងការធ្វើមាតុភូមិនិវត្តន៍របស់ពលករកម្ពុជាក្នុងវិស័យក្នុងស្រុកនិងក្នុងវិស័យផ្លូវការ។ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះត្រូវបានគេរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យការងារបន្ថែមទៀត។លោក អាន់វ៉ា ក៏បានចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងបានចូលជួបសម្តែងការគួរសមជាមួយសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។លោកនាយករដ្ឋមន្ត្រីបានធ្វើពិធីសូត្រធម៌តារ៉ាវី (Tarawih) នៅវិហារឥស្លាម Al-Serkal ក្នុងរាជធានីភ្នំពេញ មុននឹងចាកចេញទៅទីក្រុងគូឡាឡាំពួ៕ Bernama/Khmer Times
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ លោក អាន់វ៉ា បានមកដល់រាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃតាមការអញ្ជើញរបស់សម្តេចហ៊ុន សែន។
Post a Comment