សម្ដេច​ស ខេងស្នើលេខា​ធិការដ្ឋានគ.ជ.ប.​ជពាក់​ព័ន្ធការជួញ​ដូរមនុស្ស

 សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈ​កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានស្នើលេខាធិការ​ដ្ឋាន គ.ជ.ប.ជ ស្រង់គ្រប់ព័ត៌មានទាំងឡាយពាក់ព័ន្ធការជួញដូរមនុស្សរាប់ទាំងព័ត៌មាន​ចេញដោយក្រសួងការបរទេសអាម៉េរិកដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឱ្យបានសមស្របនិងទាន់ពេលវេលាចំពោះបញ្ហាជួញដូរមនុស្សនេះ។ការស្នើរបស់សម្ដេចក្រឡា​ហោមបែបនេះអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពី​ការងារប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិ​ការ​ជាតិប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរមនុស្ស នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាប្រសិនបើថ្នាក់ដឹកនាំ និងមន្រ្តី​ពាក់​ព័ន្ធទាំង​អស់​ខិត​ខំអនុវត្តន៍ទៅតាមទិសដៅដែលបានដាក់ចេញប្រាកដណាស់​ការ​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជានឹងទទួលបានលទ្ធផលកាន់តែប្រសើរនៅ​ឆ្នាំ​២០២៣នេះ។សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ថ្វីត្បិតលទ្ធផលការងារឆ្នាំ២០២២មានភាពប្រសើរច្រើនធៀបនឹងឆ្នាំ២០២១។ប៉ុន្តែបញ្ហានេះនៅតែស្ថិតក្នុងស្ថានភាពប្រឈម​ដែល​ទាមទារការយកចិត្តទុកដាក់អនុវត្តន៍ជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ដ្បិតការ​ងារ​នេះមិនទាន់បញ្ចប់និងមិនទាន់មានការពេញចិត្តនៅឡើយទេ ពិសេសការងារបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ ការចាប់ជនល្មើសមកផ្ដន្ទាទោស និងការបិទអាជីវកម្មពាក់​ព័ន្ធ​នឹងអំពើជួញដូរមនុស្ស។សម្ដេចក្រឡាហោម បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជាប្រមុខ មានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់លាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្សហើយទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពតាម​ឆន្ទៈ​​នយោ​បាយ​របស់រាជរដ្ឋាភិបាលដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ។លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ.បានធ្វើរបាយការណ៍អំពីការលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆ្នាំ២០២២ ក្នុងនោះ សមត្ថកិច្ចបង្ក្រាបបាន១៦៦ករណី ធៀបនឹងឆ្នាំ២០២១ មាន៣៥៩ ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន២០២នាក់ ក្នុងនោះ ជនសង្ស័យ ជាជនបរទេសចំនួន៣៣នាក់។ លោកជំទាវបន្តថា សមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ ៣៥៨​នាក់ ក្នុងនោះស្រីចំនួន២៦៥នាក់ ដោយប្រគល់ជូនមន្ទីរសង្គមកិច្ច និងក្រុមគ្រួសារ។ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអះអាងដែរថា ក្រោយមានកិច្ច​ប្រតិបត្តិការយ៉ាងក្ដៅគគុកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច បញ្ហាជួញដូរមនុស្សពិសេស​ករណីនៅខេត្តព្រះសីហនុ បានថមថយច្រើនគួរឱ្យកត់សម្គាល់។ប៉ុន្តែសម្ដេចព្រួយបារម្ភថា​ពួកឧក្រិដ្ឋជន អាចចេញទៅជ្រកនៅតាមខេត្តផ្សេងទៀត ដែលទាមទារឱ្យយកចិត្តទុក​ដាក់​ទាំងមន្រ្តី និងវិស័យឯកជន។ សម្ដេចក្រឡាហោមបានថ្លែងអំណរគុណភាគីពាក់ព័ន្ធ រួម​មាន​ជនរងគ្រោះ វិស័យឯកជនរួមទាំងម្ចាស់ទីតាំងអាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ និងបណ្ដាប្រទេសជាដៃគូ ដែលបានផ្ដល់កិច្ចសហការជាមួយអាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​ងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសការឈានទៅបង្ក្រាប​អំពើល្មើស​ប្រកប​ដោយ​ជោគជ័យជាបន្តបន្ទាប់ ៕AKP



Powered by Blogger.