គ​.​ជ​.​​ប​ប្រតិ​កម្ម​នឹ​ង​វិទ្យុ​អាស៊ី​សេរី​ ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​បាន​ប្រតិកម្ម​ទៅ​នឹង​វិទ្យុ​អាស៊ី​សេរី​ដែល​មាន​ទីស្នាក់ការ​ផ្សាយ​នៅ​ក្រៅ​ប្រទេស​ដែល​លើកឡើង​ថា​លោកប្រាជ្ញ​ ​ចន្ទ​ដឹកនាំ​ស្ថាប័ន​ឯករាជ្យ​។ប៉ុន្តែ​ស្មោះត្រង់​ជាមួយ​នឹង​សម្តេចនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​និង​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​។​​កាលពី​ថ្ងៃអង្គារ​ ​គ​.​ជ​.​ប​ ​បាន​ចេញ​សេចក្ដី​បំភ្លឺ​ថា​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០២៣​ ​ពាក់ព័ន្ធ​នឹង​លោក​ ​ប្រាជ្ញ​ ​ចន្ទ​ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គឺ​មាន​បំណង​បំភាន់​ទស្សន​មហាជន​និង​បម្រើ​ផល​ប្រយោជន៍​របស់​បក្ខពួក​ខ្លួន​។​ស្ថាប័ន​ខាងលើ​នេះ​បន្ថែម​ថា​រាល់​សេចក្តី​សម្រេច​របស់​ ​គ​.​ជ​.​ប​ ​ជា​សេចក្តី​សម្រេច​របស់​សមាសភាព​ ​គ.ជ.ប​ ​ទាំង​មូល​ហើយ​ប្រធាន​ ​គ​.​ជ​.​ប​ ​គ្រាន់តែ​ជា​អ្នកដឹកនាំ​រាល់​ការ​ប្រជុំ​តាម​បទបញ្ជាផ្ទៃក្នុង​របស់​ ​គ​.​ជ​.​ប​។​ប្រភព​ដដែល​បន្ត​ថា​​វិទ្យុ​ខាងលើ​នេះ​ផ្សាយ​ថា​​ក្រុម​អ្នក​សង្កេតការណ៍​ឯករាជ្យ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​វាយ​តម្លៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ឆ្នាំ​២​០​២​២​ ​មិនមែន​ជា​ការបោះឆ្នោត​ដោយសេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​នោះ​ទេ​។ ​ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត​ ​បក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​និង​អង្គការ​សង្កេតការណ៍​ភាគច្រើន​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​គាំទ្រ​។​ស្ថាប័ន​កំពូល​នេះ​បន្ថែម​ថា​៖​​«​ករណី​ ​គ​.​ជ​.​ប​ ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ ​លោក​ សុ​ន​ ​ឆ័យ​ ​ដោយសារ​លោក​ សុ​ន​ ​ឆ័យ​ ​បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​លោក​ ​តាំង​ ​សា​រ៉ាដា​ ​កាល​ពី​ថ្ងៃ​ទី​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​គឺជា​អំពើ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​ស្របតាម​មាត្រា​ ​៣​០​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ស្ថាប័ន​ ​គ​.​ជ​.​ប​ ​ដែល​ត្រូវ​បំពេញ​ភារកិច្ច​ដោយ​ឯករាជ្យ​ ​និង​អព្យាក្រឹត​ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយសេរី​ ​ត្រឹមត្រូវ​និង​យុត្តិធម៌​»​។​ស្ថាប័ន​ខាងលើ​បន្ត​ថា​បណ្តឹង​ប្រឆាំង​នឹង​ ​លោក​ សុន​ ​ឆ័យ​ ​គឺ​ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ ​សេរី​ពហុ​បក្ស​អនុលោម​តាម​មាត្រា​ ​១​៥​០​ថ្មី​ (​ពីរ​) ​នៃ​រដ្ឋធម្មនុញ្ញ​ ​មាត្រា​ ​៣​ ​នៃ​ច្បាប់​ស្តីពី​កា​រៀបចំ​ ​និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​ ​ប្រភព​ដដែល​ថា​ការ​សម្រេច​របស់​តុលាការ​ទាំង​ ​៣​ ​ថ្នាក់​ ​កាល​ពី​កន្លង​មក​​គឺ​បាន​ផ្តល់​នូវ​ភាព​ស្អាតស្អំ​ ​កិត្តិយស​ ​និង​សេចក្តី​ថ្លៃថ្នូរ​មក​ ​គ​.​ជ​.​ប​ ​ដែល​ជា​ស្ថាប័ន​កំពូល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​ស្ថាប័ន​នេះ​ថ្លែង​ថា​​ចំពោះ​ការ​ផ្ញើ​លិខិត​មួយ​ច្បាប់​របស់​លោក​ ​ប្រាជ្ញ​ ​ចន្ទ​ ​ទៅ​កាន់​នាយក​រដ្ឋ​ម​ន្រ្តីគឺ​មិន​ពាក់ព័ន្ធ​នឹង​ឯករាជ្យ​ភាព​របស់​ ​គ​.​ជ​.​ប​ ​នោះ​ទេ​។ប៉ុន្តែ​ជា​ការ​ចូលរួម​របស់​លោក​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ​ដើម្បី​អបអរ​សាទរ​សម្តេច ​ហ៊ុន​ ​សែន​ ​ដែល​មាន​ស្នាដៃ​ ​និង​កិត្តិយស​ទទួល​បាន​ពានរង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​ថ្នាក់​ដឹកនាំ​ឆ្នើម​ពិភពលោក​ដែល​ប្រគល់​ដោយ​វិទ្យាស្ថាន​យុទ្ធ​សា​ស្រ្ត​សម្រាប់​អាស៊ី​ប៉ាស៊ីហ្វិក​ (KS​I​)​។​ ​គ​.​ជ​.​ប​ ​បន្ត​ថា​ ​ការ​ផ្ញើ​លិខិត​ខាងលើ​នេះ​មិន​មានច្បាប់​ណា​បិទ​សិទ្ធិ​ស្ថាប័ន​ឯករាជ្យ​មិន​ឱ្យ​ចូលរួម​អប​អរសាទរ​និង​ជូនពរ​ដល់​ឥស្សរជន​ខ្មែរ​នោះ​ទេ​។​កាលពី​ថ្ងៃ​ទី​២​២​ ​និង​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យុ​អាស៊ី​សេរី​ ​បាន​ចេញ​ផ្សាយ​ដោយ​ដាក់​ចំណង​ជើង​ថា​ ​«ប្រវត្តិ​លោក​ប្រាជ្ញា​ ​ចន្ទ​ ​ប្រធាន​ ​គ​.​ជ​.​ប​ ​ស្មោះ​នឹង​សម្តេច​ហ៊ុន​ ​សែន​»​។​ ​វិទ្យុ​នេះ​បាន​លើក​ឡើង​ថា​ ​វិញ្ញាសា​រ​ដំបូង​របស់​លោក​ ​ប្រាជ្ញ​ ​ចន្ទ​ ​គឺជា​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​​ប្រឹក្សា​ ​ឃុំ​ ​សង្កាត់​ ​កាល​ពី​ឆ្នាំ​២​០​២​២​ ​ដែល​លោក​អះអាង​ថា​ ​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​សេរី​ ​និង​យុត្តិធម៌។​ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​វាយ​តម្លៃ​ការ​បោះឆ្នោត​នេះ​ ​គ្មាន​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​នោះ​ទេ​៕​Khmer Times 

លោក​ប្រាជ្ញ​ ​ចន្ទ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ។រូបភាពសហការី

Powered by Blogger.