នាយករដ្ឋមន្ត្រីហ៊ុន សែនប្តេជ្ញាធានាសន្តិសុខស្បៀង
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធានាសន្តិសុខស្បៀងនៅក្នុងប្រទេស។ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាធ្លាប់ជួបប្រទះនឹងការខ្វះខាតស្បៀងកាលពីអតីតកាល។ប៉ុន្តែឥឡូវនេះមានអតិរេកស្បៀងដែលធានាបាននូវសន្តិសុខស្បៀងជាតិ។សម្តេចបានសង្កត់ធ្ងន់ថា“ពិភពលោកឥឡូវនេះមានភាពផុយស្រួយ ។ប៉ុន្តែទោះបីជាមានរឿងអ្វីកើតឡើងនៅក្នុងពិភពលោកក៏ដោយ យើងត្រូវធានាសន្តិសុខស្បៀងនៅក្នុងប្រទេសរបស់យើង” ។ជាមួយគ្នានេះ សម្តេចហ៊ុន សែន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលបាននឹងកំពុងស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ និងធន់នឹងអាកាសធាតុ ដើម្បីធានាសន្តិសុខស្បៀង។ប្រជាជនកម្ពុជាជិត៦១ភាគរយរស់នៅក្នុងតំបន់ជនបទ ហើយ ៧៧ភាគរយនៃគ្រួសារនៅជនបទពឹងផ្អែកលើវិស័យកសិកម្ម នេសាទ និងព្រៃឈើសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ។ កសិករកម្ពុជាងាយរងគ្រោះយ៉ាងខ្លាំងចំពោះការកើនឡើងកម្តៅដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរនៃរបបទឹកភ្លៀង និងគ្រោះធម្មជាតិ។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ប្រជាជនកម្ពុជាចំនួន៤៥ ភាគរយរស់នៅក្នុងស្ថានភាពអសន្តិសុខស្បៀងកម្រិតមធ្យម ឬធ្ងន់ធ្ងរ។ទឹកជំនន់ និងគ្រោះរាំងស្ងួតជារឿយៗគំរាមកំហែងដល់ប្រព័ន្ធស្បៀងអាហារ ហើយនឹងកើនឡើងញឹកញាប់ និងក្នុងអាំងតង់ស៊ីតេនាពេលអនាគត ដោយសារឥទ្ធិពល និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕AKP/Khmer Times
កសិករកំពុងចាក់គ្រាប់ស្រូវអំឡុងពេលប្រមូលផលកន្លងមក។cambodia.oxfam
Post a Comment