នាយករដ្ឋមន្រ្តីថ្លែងសារជូនពរជ័យដល់សាសនិកឥស្លាម
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយប់ថ្ងៃទី២២ ខែមីនា បានថ្លែងសារជូនពរជ័យដល់សាសនិកឥស្លាមទាំងអស់ចំពោះការចូលមកដល់នូវខែរ៉ម៉ាឌនឬការចាប់ផ្តើមចូលខែបួសរបស់ពួកគេ។ ក្នុងនោះសម្តេច ក៏ប្រកាសពីការត្រៀមចូលរួមពិសារអាហារស្រាយបួសជាមួយពួកគេផងដែរ បន្ទាប់ពីខកខាន ដោយសារជំងឺកូវីដ១៩។សាសនិកឥស្លាមនៅកម្ពុជា ចាប់ផ្តើមខែរ៉ម៉ាឌនពីថ្ងៃទី២៣ មីនា តទៅ បន្ទាប់ពីឃើញខ្នើតនាល្ងាចថ្ងៃទី២២។ ក្រៅពីអបអរហើយនោះ សម្តេចនាយករដ្ឋមន្រ្តី បានផ្ញើក្ដីនឹករឭក និងអរគុណដល់បងប្អូនខ្មែរឥស្លាមទាំងអស់ ដែលជានិច្ចកាលមានជំនឿលើការដឹកនាំរបស់សម្តេច ក៏ដូចជាបក្សប្រជាជនកម្ពុជា។សម្តេចសរសេរក្នុងបណ្ដាញសង្គមដូច្នេះថា៖« ជាមួយគ្នានេះដែរ បន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំ កន្លងមកដោយសារជំងឺកូវីដ-១៩ ឆ្នាំនេះ រាជរដ្ឋាភិបាល នឹងរៀបចំឡើងវិញ នូវពិធីជួបជុំពិសាអាហារ ស្រាយបួស ខែរ៉ាម៉ាឌន របស់សាសនិកឥស្លាមកម្ពុជា ថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២៣ ដែលមានការរៀបចំ អ្នកចូលរួមប្រមាណជាង៦១០០នាក់»។សម្តេចហ៊ុន សែន បញ្ជាក់ថា ឆ្នាំនេះ នឹងមានមិត្តភក្ដិបរទេសបានមកចូលរួមក្នុងនិងក្រៅប្រទេសប្រមាណជាង ៥០០ នាក់ ពិសេសនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Datuk Seri Anwar Ibrahim។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា នាសាលសន្និបាត និងពិព័រណ៍កោះពេជ្រ៕KhmerTimes
Post a Comment