ប្រមុខដឹ​កនាំកម្ពុជាប្រកាសជា​ថ្មី​ថាមិនញញើតនឹង​ប្រើគ្រប់ម​ធ្យោបា​យដើម្បីការពារ​ស​ន្តិភាព

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនជាថ្មីម្តងទៀតនៅក្នុងឱកាសនៃពិធីបុណ្យទន្លេនៅឯខេត្តកំពង់ធំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមគ្នាដើម្បីការពារសន្តិភាពដែលសម្តេចយល់ថារកបានដោយលំបាក។ជាមួយគ្នានេះសម្តេចហ៊ុនសែនក៏បានប្រកាសប្រើប្រាស់គ្រប់មធ្យោបាយដែរដើម្បីកំចាត់អ្នកដែលបំផ្លាញសន្តិភាព។ នៅចំពោះមុខមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសជាថ្មីថាសម្តេចមិនខ្វល់ថាមានអ្វីកើតឡើងទេ អ្នកណាក៏ដោយដែលមានបំណង ឬធ្វើសកម្មភាពដើម្បីបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា សម្តេចមិនញញើតជាមួយនឹងការប្រើគ្រប់មធ្យោបាយនិងវិធានការទោះដោយតម្លៃណាក៏ដោយដើម្បីរក្សាសន្តិភាពធានាដល់ការអភិវឌ្ឍន៍ប្រទេស។នាយករដ្ឋមន្ត្រីបន្តការពារទ្រឹស្តីរបស់សម្តេចថាសន្តិភាពត្រូវដើរមុនអ្វីៗទាំងអស់ បើគ្មានសន្តិភាពក៏គ្មានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយក៏គ្មានអ្វីៗទាំងអស់។ការលើកឡើងរបស់សម្តេចហ៊ុន សែន នៅពេលនេះត្រូវគេមើលឃើញថាបន្ទាប់ពីមានការរិះគន់មិនទាន់អស់ចំហាយពីសំណាក់ប្រទេសលោកខាងលិចអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាបន្តបន្ទាប់ជុំវិញការកាត់ទោសលោកកឹមសុខាមេដឹកនាំនយោបាយប្រឆាំងឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិដោយឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយផងដែរ។ក្រុមអង្គការសង្គមស៊ីវិល និងអ្នកតាមដាននយោបាយខ្មែរមួយចំនួន យល់ឃើញថាការប្តេជ្ញាចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការការពារសន្តិភាពដូច្នេះមិនមែនជារឿងថ្មីទេដែលវោហាសាស្ត្រនេះត្រូវគេកត់សម្គាល់ថាច្រើនកើតមានពេលនយោបាយតានតឹងនិងអំឡុងពេលមុនការបោះឆ្នោត។ទោះយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល និងអ្នកតាមដាននយោបាយដដែលនៅតែអះអាងថាប្រទេសមួយដែលមានសន្តិភាពពេញលេញល្គឹកណាតែប្រជាជនមានសន្តិភាពទាំងផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ក៏ប៉ុន្តែសម្តេចហ៊ុន សែន បានច្រានចោលតាមរយៈវេទិកាជាច្រើនកន្លងមកថាលោកមិនអាចរកសន្តិភាពផ្លូវចិត្តឲ្យមនុស្សគ្រប់គ្នាបានទេដោយសារតែមានអ្នកខ្លះបានប្រព្រឹត្តខុសច្បាប់៕RFI



Powered by Blogger.