កម្ពុ​ជា-អូស្រ្តា​លីរីក​រាយ​ចំ​ពោះកិច្ច​សហ​ប្រតិប​ត្តិ​ការជាពិសេ​ស​លើវិស័យ​ក​សិកម្ម

 សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្ដែង​នូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២(កម្ពុជា-អូស្ត្រាលី)។ជា​ពិសេសលើ​វិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតវិទ្យាស្ថានCARDIសម្រាប់​ការ​ស្រាវ​ជ្រាវហើយការស្រាវជ្រាវនេះទៀតសោត ក៏បាននាំកម្ពុជាដល់ការស្រាវជ្រាវបានពូជ​ស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខ១ និងពូជស្រូវដទៃទៀត។លោកអ៊ាង សុផល្លែតជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងដូច្នេះបន្ទាប់ពី​សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បាន​អនុញ្ញាតឱ្យឯកឧត្តម Justin Kevin Whyatt ឯកអគ្គរាជទូតអូស្រ្តាលីថ្មី ប្រចាំនៅព្រះ​រា​ជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះលោកWhyattបានគោរពជម្រាបជូនសម្ដេចតេជោថាលោក​ពិតជាមានសេចក្ដីរីករាយណាស់ដែលបានវិលត្រឡប់មកបំពេញការងារនៅព្រះរាជា​ណាចក្រ​កម្ពុជាបន្ទាប់ពីរយៈពេលជាង២០ឆ្នាំកន្លងមក។ លោកបានមានប្រសាសន៍ថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយលោកក៏​សូម​សម្ដែងនូវការគោរព ចំពោះការដឹកនាំដ៏វ័យឆ្លាតរបស់សម្ដេចតេជោក្នុងការទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩កន្លងមក។ទន្ទឹមនេះការរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាននិង​កិច្ច​ប្រជុំកំពូលពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំកន្លងមក ដែល​នាំឱ្យកម្ពុជា​ទទួលបាននូវកិត្តិស័ព្ទដ៏ល្អរន្ទឺ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាក្នុងអាណត្តិជាឯកអគ្គរាជទូតនៅ​ព្រះរាជា​ណា​ចក្រកម្ពុជាលោកនឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងប្រទេ​ស​ទាំង២និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូនៅ​លើ​វិស័យដូចជាទី១.គឺជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទី២.ទំនាក់ទំនង​រវាង​អ្នកវិនិយោគនិងអ្នកវិនិយោគ ទី៣. ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទី៤. លើវិស័យសុខាភិបាល ទី៥. លើវិស័យដោះមីន ធ្វើយ៉ាងណាជួយគាំទ្រកម្ពុជាឱ្យ​បាន​សម្រេចនូវគោលដៅជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។ ទី៦. លើវិស័យសង្គមកិច្ច ទី៧. លើ​វិស័យលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ទី៨. លើវិស័យការពារជាតិ និងទី៩. លើ​វិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជួញដូរគ្រឿងញៀន ជូញដូរមនុស្ស និងឧក្រិដ្ឋកម្ម​ផ្សេងៗទៀត។ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការ​ស្វាគម​ន៍ និងអបអរសាទរ ចំពោះលោកWhyatt ដែលត្រូវបានតែងតាំងជា​ឯកអគ្គរាជ​ទូត​វិសាមញ្ញនិងពេញសមត្ថភាពរបស់អូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។សម្ដេច​តេជោ​ក៏បានសម្ដែងនូវការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ជា​ពិសេសលើវិស័យកសិកម្ម ដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតវិទ្យាស្ថាន CARDI សម្រាប់​ការស្រាវជ្រាវហើយការស្រាវជ្រាវនេះទៀតសោតក៏បាននាំកម្ពុជាដល់ការស្រាវជ្រាវ បាន​ពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខ១ និងពូជស្រូវដទៃទៀត។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជន​អូស្ត្រាលី ដែលកន្លងមកបានជួយកម្ពុជា ក្នុងការផ្ដល់នូវវ៉ាក់សាំងសម្រាប់ទប់​ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩។ សម្ដេចតេជោមានប្រសាសន៍ថា ជោគជ័យរបស់​កម្ពុជា​លើការទប់ស្កាត់ជំងឺកូវីដ១៩ គឺមិនអាចកាត់ផ្ដាច់បាន ពីការគាំទ្រនិងជួយពី​ប្រទេស​អូស្ត្រាលីទេ។សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ជូនដល់រដ្ឋាភិបាល និង​ប្រជា​ជន​អូស្ត្រាលី ដែលបានជួយដល់កម្ពុជា លើបញ្ហាដោះមីននិងកិច្ចសហប្រតិបត្តិការ​លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យវិនិយោគ រួមនឹងវិស័យដទៃទៀត៕AKP



Powered by Blogger.