សម្តេចស ខេងជឿថាការទប់ស្កាត់បទល្មើសឆ្លងដែនកាន់តែប្រសើរតាមរយៈបន្តធ្វើការរួមគ្នារវាងកម្ពុជាឡាវ
សម្តេចស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីម្សិលមិញបានបង្ហាញពីភាពជឿជាក់ថាការរួមគ្នាបន្តទប់ស្កាត់បទល្មើសឆ្លងដែនកាន់តែប្រសើរឡើងពេលដែលភាគីកម្ពុជានិងឡាវជួបប្រជុំគ្នាទៀងទាត់លើកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង២។សម្តេចស ខេងបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចពីម្សិលមិញនៅពេលដែលលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើទស្សនកិច្ចនៅក្នុងប្រទេសឡាវរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២នៃដំណើរទស្សនកិច្ចនេះ សម្តេចជាមួយនឹងគណៈប្រតិភូកម្ពុជាបន្តកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្នាំ២០២២ ជាមួយក្រសួងសន្តិសុខសាធារណៈឡាវ។ក្នុងកិច្ចប្រជុំនោះសម្តេចស ខេង បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងទាំង២និងជឿជាក់ថា៖ «តាមរយៈបទពិសោធនៃកិច្ចសហប្រតិបត្តិការនិងការជួបប្រជុំគ្នាជាទៀតទាត់ដូចពេលនេះ គឺភាគីទាំង២នឹងបន្តធ្វើឱ្យបានកាន់តែប្រសើរការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមតំបន់ព្រំដែន និងការងារសំខាន់ៗជាច្រើនទៀត»។បន្ទាប់ពីកិច្ចប្រជុំបញ្ចប់ សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វងក្រសួងសន្តិសុខសាធារណៈឡាវបានចុះហត្ថលេខារួមគ្នាលើឯកសារ ស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។តាមសេចក្ដីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទស្សនកិច្ចការងាររបស់សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកនាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ក្រសួងមហាផ្ទៃគូសបញ្ជាក់ថាទស្សនកិច្ចនេះជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជាជាមួយក្រសួងសន្តិសុខសាធារណៈឡាវ ដោយសម្តេចស ខេង ជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ព្រមទាំងចុះហត្ថលេខាកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣សម្រាប់អនុវត្តបន្តក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងទាំង២។លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា មើលឃើញថា កម្ពុជានិងឡាវមានទំនាក់ទំនងល្អជាមួយគ្នាជាលក្ខណៈប្រវត្តិសាស្ត្រនឹងគ្នា ហើយក៏ជាប្រទេសដែលមានលក្ខណៈវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ស្រដៀងគ្នាជាពិសេសគឺគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា ហើយរឹតតែដូចគ្នាទៅទៀតនោះ ជាប្រទេសស្ថិតក្រោមអាណានិគមបរទេសដូចគ្នាផងដែរ។លោកបន្តថាការវិវឌ្ឍទំនាក់ទំនងប្រទេសទាំង២តាំងពីដើមមកដល់បច្ចុប្បន្នត្រូវបានឃើញកត់សម្គាល់ឃើញការវិវឌ្ឍជាវិជ្ជមានតាំងពីដើមរៀងមក ពោលគឺមិនដែលមានភាពរកាំរកូសនឹងគ្នានោះទេ មិនថាក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជន រួមនឹងសង្គមវប្បធម៌ផងដែរ គឺសុទ្ធតែបង្ហាញពីភាពវិជ្ជមាន។លោកបន្ថែមថា ចំណែកដំណើរទស្សនកិច្ចរបស់សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសឡាវរឹតតែបញ្ជាក់អំពីការវិវឌ្ឍជាវិជ្ជមានរវាងទំនាក់ទំនងរបស់ប្រទេសទាំង២។ ប្រទេសទាំង២ដែលមានទំនាក់ទំនងល្អ គេអាចកត់សម្គាល់មួយផ្នែកតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមករបស់ប្រទេសទាំង២។លោកនិយាយថា៖ «ពេលប្រទេសទាំង២មានទំនាក់ទំនងល្អនឹងគ្នា គឺបានផ្ដល់ផលវិជ្ជមានច្រើនសម្រាប់ប្រទេសនិងប្រជាជនយើង។ នៅពេលដែលយើងមានទំនាក់ទំនងល្អ អ្វីដែលយើងទទួលបាន គឺលើវិស័យពាណិជ្ជកម្ម ការទប់ស្កាត់ការជួញដូរគ្រឿងញៀនដោយខុសច្បាប់ ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលទាំងអស់នេះសុទ្ធតែទាមទារការសហការរួមគ្នា។ ប្រសិនបើយើងយកអ្នកជិតខាងជាសត្រូ គឺយើងខាតទាំងអស់គ្នា»។លោកបញ្ជាក់ថា៖ «កត្តាសំខាន់មួយទៀតដែលជាប្រយោជន៍ត្រូវទទួលបាន គឺការគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចការតំបន់និងអន្តរជាតិ ពីព្រោះកម្ពុជានិងឡាវតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក ហើយឆ្នាំក្រោយនេះឡាវត្រូវធ្វើជាប្រធានអាស៊ាន។ដូច្នេះត្រូវការការគាំទ្រពីកម្ពុជា ហើយកម្ពុជាក៏ត្រូវការការគាំទ្រពីឡាវដូចគ្នា»៕Khmer Times
សម្តេចស ខេងចុះហត្ថលេខាជាមួយភាគីឡាវ។រូបភាព៖ក្រសួងមហាផ្ទៃ/Khmer Times
Post a Comment