លោកហ៊ុន ម៉ាណែតប្រកាសបើកផ្លូវឲ្យចាប់ខ្លួនបុគ្គលណាដែលយកឈ្មោះលោកទៅប្រើខុសច្បាប់
លោក ហ៊ុន ម៉ាណែតមេបញ្ជាការកងទ័ពជើងគោកប្រកាសបើកផ្លូវឲ្យសមត្ថកិច្ចអាចចាប់ខ្លួនភ្លាមៗចំពោះបុគ្គលណាដែលយកឈ្មោះលោកទៅប្រើប្រាស់ដើម្បីប្រព្រឹត្តនូវអំពើមិនល្អដែលពេលខ្លះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋដទៃទៀត។បើតាមបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតរូបនេះបញ្ហានេះបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំមកហើយគឺការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗរួមទាំងរូបលោក ខណៈដែលលោកតែងតែផ្តល់ឱកាសឲ្យមានការថតរូបជាមួយគ្នានៅពេលចុះមូលដ្ឋាន។ នៅក្នុងវីដេអូខ្លីដែលផ្សព្វផ្សាយនៅថ្ងៃទី២៧មីនាលោក ហ៊ុន ម៉ាណែត បានលើកយកករណីបុគ្គលខ្លះដែលប្រើប្រាស់រូបភាពដែលថតជាមួយលោកទៅអះអាងថាជាជំនួយការពិសេសរបស់លោកទៅចាប់យកដីនៅខេត្តព្រះសីហនុ។មេបញ្ជាការកងទ័ពជើងគោកដែលទើបត្រូវបានតម្លើងឋានន្តរស័ក្តជានាយកឧត្តមសេនីយ៍ផ្កាយ៤បានថ្លែងថា ប្រសិនបើមានបុគ្គលណាដែលប្រើប្រាស់ឈ្មោះរបស់លោកទៅប្រព្រឹត្តិខុសច្បាប់គឺសមត្ថកិច្ចនៅទីនោះអាចចាប់ខ្លួនភ្លាមៗ ដោយមិនចាំបាច់សុំយោបល់ពីលោកឡើយ។លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានកត់សំគាល់ថាតែងតែបង្ហាញភាពស្និទស្នាលដោយផ្តល់ឱកាសថតរូបជាមួយប្រជាពលរដ្ឋនៅពេលលោកមូលដ្ឋាន។បើតាមលោក ហ៊ុន ម៉ាណែត គឺមានមនុស្សច្រើនណាស់ដែលសុំលោកថតរូបជាមួយនៅពេលលោកចុះមូលដ្ឋានទាំងដែលបុគ្គលខ្លះលោកមិនចាំឈ្មោះផង។ តែលោកថាបុគ្គលខ្លះបានយករូបភាពនេះទៅប្រើប្រាស់រំលោភបំពានសិទ្ធិនិងប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ ដែលករណីនេះលោកបើកផ្លូវឲ្យមានការចាប់ខ្លួនភ្លាមៗដើម្បីកុំឲ្យកំពុបបុណ្យដែលលោកខំសាងកន្លងមក។ដោយឡែក នៅក្នុងវីដេអូមួយទៀត នៅថ្ងៃ២០មីនា លោក ហ៊ុន ម៉ាណែត ក៏បានប្រតិកម្មទៅនឹងការចុះផ្សាយរបស់សារព័ត៌មានមួយដែលមានមូលដ្ឋាននៅក្រៅប្រទេសដែលថាលោកជាប់ពាក់ព័ន្ធនឹងការរកស៊ីឈើខុសច្បាប់ ខណៈដែលសារព័ត៌មាននោះមិនមានភស្តុតាងគ្រប់គ្រាន់។មិនមានភស្តុតាងគ្រប់គ្រាន់ ដោយសារតែសារព័ត៌មាននោះមានតែរូបថតរបស់លោក ហ៊ុន ម៉ាណែត ដែលថតជាមួយបុគ្គលម្នាក់ក្នុងពិធីសាធារណៈហើយដែលបុគ្គលនោះរងការចោទប្រកាន់ថារកស៊ីឈើខុសច្បាប់៕RFI
លោកហ៊ុនម៉ាណែតមេបញ្ជាការកងទ័ពជើងគោកនិងបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតក្នុងពិធីមួយនៅទីក្រុងភ្នំពេញប្រទេសកម្ពុជានាខែមិថុនាឆ្នាំ ២០២០។ រូបថត៖ AFP។
Post a Comment