កម្ពុជាខិ​តខំជួយសង្គ្រោះស​ត្វផ្សោតអ៊ីរ៉ាវ៉ា​ឌីដែលជិតផុតពូជនៅ​ទន្លេមេ​គង្គ

 ការបង្ហាញខ្លួនសត្វផ្សោតអ៊ីរ៉ាវ៉ាឌី(Irrawaddy dolphins)ហែលក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជាអាចនឹងមិនអាចមើលឃើញទៀតក្នុងពេលអនាគតខាងមុខដោយសារចំនួននៃថនិកសត្វនេះដែលរងការគំរាមកំហែងបានថយចុះបើទោះជាមានការប្រឹងប្រែងអភិរក្សវាក៏ដោយ។កម្ពុជា​បាន​ប្រកាស​ចាត់វិធានការម៉ឺងម៉ាត់​ថ្មី ​លើ​ការ​នេសាទ​ក្នុង​ទន្លេ​ដ៏​ធំនេះ ដើម្បី​កាត់​បន្ថយ​ចំនួន​សត្វ​ផ្សោត​ដែល​ងាប់ដោយសារជាប់​ក្នុង​អួន។ប៉ុន្តែសម្រាប់ប្រទេសដែលមានធនធានហិរញ្ញវត្ថុនៅមានកម្រិត វាជាបញ្ហាប្រឈមដ៏ធំមួយក្នុងការអនុវត្តច្បាប់នៅលើដងទន្លេដែលមានប្រវែងរាប់រយម៉ែត្រដែលមានកូនកោះតូចៗពោរពេញដោយព្រៃក្រាស់។អួនដែលជាសំណាញ់បញ្ឈរដាក់ក្នុងទឹករយៈពេលយូរទាក់ចាប់ត្រីដោយគ្រប់ប្រភេទនិងជាមូលហេតុចម្បងនៃការស្លាប់របស់សត្វផ្សោតនៅក្នុងទន្លេមេគង្គ។នេះបើយោងតាមអ្នកអភិរក្ស។ការផុតពូជនៃប្រភេទសត្វផ្សោតនេះ ក៏អាចប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនជាច្រើនក្នុងតំបន់នោះដែលជាកន្លែងទាក់ទាញអ្នកទេសចរមួយចំនួនធំឱ្យមកទស្សនាសត្វផ្សោតដ៏កម្រនេះ។កាល​ពី​ចុង​ខែ​កុម្ភៈសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​ច្បាប់​ថ្មីដោយ​បង្កើត​តំបន់​ការពារ​ដែល​ហាមមិនឱ្យធ្វើការនេសាទ។អ្នកល្មើសនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំពីបទប្រើប្រាស់អួននិងជាប់ទោសរហូតដល់៥ឆ្នាំសម្រាប់ការឆក់ត្រីនៅតំបន់អភិរក្ស។សត្វផ្សោតអ៊ីរ៉ាវ៉ាឌី ដែលជាប្រភេទសត្វដែលអៀន តូច មានថ្ងាសពក និងមាត់ខ្លីធ្លាប់ហែលឆ្លងកាត់ទន្លេមេគង្គដ៏វែង។ចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គបានធ្លាក់ចុះពី២០០ក្បាល នៅពេលដែលជំរឿនលើកទី១ ត្រូវបានធ្វើឡើងក្នុងឆ្នាំ១៩៩៧ ដោយសល់ត្រឹមតែ ៨៩ក្បាល ក្នុងឆ្នាំ២០២០។ក្នុងឆ្នាំ២០១៦ មូលនិធិសត្វព្រៃពិភពលោក (WWF) បានប្រកាសថាប្រភេទសត្វនេះ នៅកន្លែងខ្លះបានផុតពូជ បន្ទាប់ពីវាត្រូវបានគេរកឃើញថាមានគូបង្កាត់ដែលមានសក្តានុពលតិចតួចពេកក្នុងការទ្រទ្រង់ចំនួនរបស់វា ដោយសារប្រហែល ៧០% ផុតអាយុបន្តពូជ។យោងតាមអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានឱ្យដឹងថាក្រៅពីទន្លេមេគង្គសត្វប្រភេទនេះរស់នៅក្នុងកន្លែងតែ២ទៀតប៉ុណ្ណោះគឺអៃយ៉ារវ៉ាឌី (Ayeyarwady) នៃប្រទេសមីយ៉ាន់ម៉ា និងមហាខេម (Mahakam) នៃប្រទេសឥណ្ឌូនេស៊ី។ ចំនួនសត្វផ្សោតអ៊ីរ៉ាវ៉ាឌីនៅក្នុងទន្លេទាំង៣នេះត្រូវបានចុះបញ្ជីដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ(IUCN)ថាជាសត្វជិតផុតពូជ។កាលពីខែធ្នូឆ្នាំ២០២២អាជ្ញាធរឡាវបានប្រកាសថាប្រភេទសត្វផ្សោតអ៊ីរ៉ាវ៉ាឌីបានផុតពូជនៅក្នុងប្រទេសបន្ទាប់ពីសត្វផ្សោតចុងក្រោយដែលរស់នៅក្នុងផ្នែកមួយនៃទន្លេមេគង្គជាប់ព្រំដែនភាគឦសានកម្ពុជានិងឡាវ បានស្លាប់បន្ទាប់ពីជាប់នៅក្នុងសំណាញ់នេសាទ៕ VNA/Khmer Times 



Powered by Blogger.