សម្តេចហ៊ុន សែនបង្ហើបថាក្រុមលោកសម រង្ស៊ីធ្លាប់ស្នើលោកអាន់វ៉ាសុំចូលទឹកដីម៉ាឡេស៊ីដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃព្រហស្បតិ៍នេះបានបង្ហើបឲ្យដឹងថា ក្រុមលោកសម រង្ស៊ីធ្លាប់បានស្នើសុំលោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចូលទឹកដីម៉ាឡេស៊ីដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។តាមសម្តេចហ៊ុន សែនគឺសម្តេចទទួលបានព័ត៌មាននេះ ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្រោយពេលដែលមេដឹកនាំប្រទេសទាំង២បានជួបគ្នា កាលពីចន្ទកន្លងទៅ។នៅក្នុងពិធីចែកប្រគល់វិញ្ញាបនបត្រនិងសញ្ញាបត្រជូនសិក្ខាកាមនិងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថាលោក អាន់វ៉ា អ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រាប់សម្តេច ពីគម្រោងរបស់ក្រុមលោកសមរង្ស៊ីដែលចង់ចូលទឹកដីម៉ាឡេស៊ីដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ តែទោះយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោក អាន់វ៉ា អ៊ីប្រាហ៊ីមបានសន្យាជាមួយសម្តេចដោយមិនឲ្យក្រុមរបស់លោក សម រង្ស៊ី អាចូលទឹកដីម៉ាឡេស៊ីបានឡើយ។បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនមានក្រុមតំណាងរាស្ត្រម៉ាឡេស៊ីបានស្នើទៅលោកអាន់វ៉ា ដើម្បីឲ្យក្រុមរបស់លោក សម រង្ស៊ី ចូលមកទឹកដីម៉ាឡេស៊ីដើម្បីធ្វើបទបង្ហាញ ។ក៏ប៉ុន្តែសំណើនេះត្រូវបាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលទើបទទួលតួនាទីមួយនេះ បដិសេដ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាប្រសិនបើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហ៊ានឲ្យក្រុមលោកសមរង្ស៊ីជាន់ទឹកដីម៉ាឡេស៊ីនោះនឹងធ្វើឲ្យប៉ះទង្គិចទំនាក់ទំនងរដ្ឋនិងរដ្ឋដោយមើលមុខគ្នាមិនត្រង់។ តាមសម្តេច ហ៊ុន សែន គឺក្រុមអ្នកនយោបាយនៅក្រៅប្រទេសកុំសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីមគឺមកប្រដៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យសោះ។គួរកត់សម្គាល់ថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប់ឆ្នោតថ្មីគឺជាអ្នកនយោបាយមកបក្សប្រឆាំងនិងមានទំនាក់ទំនងជិតស្និតជាមួយលោក សម រង្ស៊ីនិងបណ្តាក្រុមមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ។ លោកទើបតែមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២៧មីនាដែលក្រសួងការបរទេសកម្ពុជា អះអាងថាជាការពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជានិងម៉ាឡេស៊ី ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ដំណើរទស្សនកិច្ចរបស់លោក អាន់វ៉ា មានការកត់សម្គាល់ច្រើនពីបណ្តាអ្នកវិភាគនយោបាយនិងក្រុមអ្នកនយោបាយរស់នៅក្រៅប្រទេស។ក្នុងនោះលោកស្រីមូរសុខហួរមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិបានសរសេរលើបណ្តាញសង្គមធ្វីតធ័រដោយបង្ហាញពីការស្វាគមន៍ចំពោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។យ៉ាងណាមិញ សម្តេចហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ទៅក្រុមអ្នកនយោបាយរស់នៅក្រៅប្រទេសថាពួកគេអាចទាក់ទងក្នុងក្របខណ្ឌប្រឆាំងជាមួយនឹងលោក អាន់វ៉ា កាលលោកនៅជាបក្សប្រឆាំង។ ក៏ប៉ុន្តែក្នុងនាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីពេលនេះគឺលោកនឹងក្លាយទៅជាដៃគូរបស់អ្នកកាន់អំណាចតួយ៉ាងដូចជា សម្តេចហ៊ុន សែន ផ្ទាល់។ តាមសម្តេចហ៊ុន សែន គឺមេដឹកនាំនីមួយៗមានគុណធម៌និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃទៀត។គួរបញ្ជាក់ថា នៅក្នុងដំណើរមាតុភូមិនិវត្តន៍ ៩វិច្ឆិកា២០១៩ លោក សម រង្ស៊ី និងក្រុមមន្ត្រីអតីតបក្សសង្រ្គោះជាតិបានបរាជ័យចូលមកកម្ពុជាតាមច្រកប្រទេសថៃ ហើយត្រូវត្រលប់ទៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។ នៅម៉ាឡេស៊ី គ្រានោះ លោក សម រង្ស៊ី បានចូលរួមប្រជុំជាមួយក្រុមតំណាងរាស្ត្រម៉ាឡេស៊ី ដែលជាការអញ្ជើញរបស់តំណាងរាស្រ្តមួយរូបគឺអ្នកស្រី នូរុលអៃសះ អាន់វ៉ា កូនស្រីរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីមដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លោក សម រង្ស៊ី បានអះអាងថាម៉ាឡេស៊ីបានគាំទ្រលោក ចំពោះការស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា៕RFI
មេដឹកនាំគណបក្សប្រឆាំងនិរទេសកម្ពុជាលោកសម រង្ស៊ីទី២ពីស្តាំ ជជែកជាមួយប្រព័ន្ធផ្សព្វផ្សាយ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ក្នុងទីក្រុង Sepang ប្រទេសម៉ាឡេស៊ី ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP Photo/Vincent Thian)
Post a Comment