ប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីនៅសប្តាហ៍ក្រោយ(AFP,Reuters)
ក្រសួងការបរទេសចិនបាននិយាយថាប្រធានាធិបតីXi Jinping នឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅដើមសប្តាហ៍ក្រោយតាមការអញ្ជើញរបស់ប្រធានាធិបតីVladimir Putin។ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃនេះថា"ប្រធានាធិបតីXi Jinping នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមីនា"។យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកWangWenbinមេដឹកនាំទាំង២នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក។គោលបំណងនៃដំណើរទស្សនកិច្ចគឺដើម្បីពង្រឹងទំនុកចិត្តរវាងប្រទេសទាំង២ឲ្យកាន់តែខ្លាំងថែមទៀត។វិមានក្រឹមឡាំងនៅថ្ងៃដដែលបានបញ្ជាក់ពីព័ត៌មាននេះ។ វិមានក្រឹមឡាំងបាននិយាយថា"ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំង២នឹងពិភាក្សាអំពីការជំរុញការអភិវឌ្ឍបន្ថែមទៀតនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិន"។ភាគីទាំង២ក៏នឹងចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ។រុស្ស៊ីនិងចិនបានព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ "គ្មានដែនកំណត់"នៅក្នុងខែកុម្ភៈឆ្នាំ២០២២នៅពេលដែលប្រធានាធិបតីPutinបានមកដល់ទីក្រុងប៉េកាំងសម្រាប់ពិធីបើកកីឡាអូឡាំពិករដូវរងា ប៉ុន្មានសប្តាហ៍មុនពេលទីក្រុងម៉ូស្គូបើកយុទ្ធនាការនៅអ៊ុយក្រែន។បន្ទាប់មកភាគីទាំង២បានអះអាងម្តងហើយម្តងទៀតអំពីភាពរឹងមាំនៃទំនាក់ទំនង។ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២២លើសពី១៩០ពាន់លានដុល្លារអាមេរិកកើនឡើង២៩.៣%ធៀបនឹងឆ្នាំមុន។ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេរបស់ប្រទេសចិនដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នបំពង់បង្ហូរប្រេងធំជាងគេទី២និងជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវធំជាងគេទី៤។អ្នកជំនាញនិយាយថារុស្ស៊ីនិងចិនកំពុងខិតជិតគ្នាចំពេលមានភាពតានតឹងកើនឡើងជាមួយលោកខាងលិច។មន្ត្រីលោកខាងលិចជាច្រើនមើលឃើញថាភាពជាដៃគូជាមួយចិនជាកត្តាសំខាន់មួយជួយរុស្ស៊ីក្នុងការទប់ទល់នឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក។ចិនកាន់ជំហរមិនថ្កោលទោសយុទ្ធនាការរុស្ស៊ីនៅអ៊ុយក្រែន។ទីក្រុងប៉េកាំងកាលពីថ្ងៃទី២៤ខែកុម្ភៈបានចេញផ្សាយឯកសារ១២ចំណុចស្តីពីជម្លោះរុស្ស៊ី - អ៊ុយក្រែនដែលបានអំពាវនាវឱ្យភាគីនានាគាំទ្រម៉ូស្គូនិងគៀវឱ្យបន្តការសន្ទនាដើម្បីដោះស្រាយវិបត្តិ។រុស្ស៊ីស្វាគមន៍សំណើនេះខណៈលោកខាងលិចសម្តែងការមន្ទិលចំពោះចេតនារបស់ក្រុងប៉េកាំង។ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីចិនក្នុងឆ្នាំ២០១៣លោក Xi បានជួបជាមួយលោក Putin ទល់មុខគ្នាចំនួន៣៩ដង។ មេដឹកនាំទាំង២បានជួបគ្នាចុងក្រោយនៅក្នុងខែកញ្ញា ឆ្នាំ ២០២២ នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand ប្រទេស Uzbek៕
ប្រធានាធិបតីចិនXi Jinping (ស្តាំ)និងប្រធានាធិបតីរុស្ស៊ីVladimir Putin។
Post a Comment