នាយករដ្ឋមន្ត្រីកម្ពុជាត្រូវជនមិនស្គាល់អត្តសញ្ញាណមានប្រភពនៅតៃវ៉ាន់ឱ្យផ្ញើលុយតាមABA
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនត្រូវជនមិនស្គាល់អត្តសញ្ញាណដែលប្រើប្រាស់លេខប្រទេសឡាវនិងមានប្រភពចេញពីតៃវ៉ាន់បានផ្ញើសារតាមតេឡេក្រាមឱ្យសម្តេចផ្ញើលុយចូលគណនីABAដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។កាលពីយប់ថ្ងៃអាទិត្យសម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថាមានករណីល្បិចបោកប្រាស់មួយនៅក្រៅប្រទេសបានផ្ញើសារមកសម្តេចដើម្បីឱ្យបាញ់លុយទៅពួកគេតាមរយៈការបន្លំប្រើប្រាស់រូបរបស់ជនជាតិខ្មែរ នៅលើ Profile Telegram។ប៉ុន្តែធាតុពិតជនឆបោកនេះឈរជើងនៅតៃវ៉ាន់ ហើយលេខដែលពួកគេប្រើនោះជាលេខរបស់ប្រទេសឡាវ។សម្តេចបញ្ជាក់ថា៖«ជនជាតិជាទីស្រឡាញ់ ឥឡូវមានល្បិចបោកប្រាស់ ដែលករណីនេះ ខ្លួនខ្ញុំមុននេះប្រហែលមួយម៉ោងគឺមានការផ្ញើសារជាភាសាអង់គ្លេស ដើម្បីឱ្យខ្ញុំផ្ញើលុយតាម ABA ដែលប្រើប្រាស់ Profile ជាលោកឧកញ៉ា ឃុន សៀ។ប៉ុន្តែលេខទូរសព្ទ ៨៥៦ ជាលេខរបស់ប្រទេសឡាវ»។សម្តេចនិយាយថា ចំពោះជនក្លែងបន្លំខាងលើនេះ ប្រហែលមិនបានដឹងផ្ញើសារមកលេខតេឡេក្រាមរបស់សម្តេចនេះ គឺជាលេខទូរសព្ទរបស់នាយករដ្ឋមន្រ្តីឡើយ។សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ស្ថាប័នរដ្ឋ និងឯកជន ជាពិសេស ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងករណីខាងលើនេះ ដើម្បីកុំឱ្យចាញ់បោក និងខាតបង់ប្រយោជន៍ច្រើនទៅលើជនបោកប្រាស់ទាំងក្នុងនិងក្រៅប្រទេស។ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ លោក ជា ពៅ បានលើកឡើងយ៉ាងខ្លីថា បញ្ហាខាងលើនេះ មិនមែនជារឿងថ្មីនោះទេ គឺតែងកើតឡើងចំពោះប្រជាពលរដ្ឋមួយចំនួននៅតាមមូលដ្ឋាន ហើយសមត្ថកិច្ចតែងចុះបង្ក្រាបនិងទប់ស្កាត់ផងដែរ។លោកបញ្ជាក់ថា៖ «តាមការពិតមិនមែនជារឿងថ្មីអីណា ហើយកាលពីកន្លងមកសារព័ត៌មានមួយចំនួនក៏ធ្លាប់ចុះផ្សាយព្រោងព្រៀតផងដែរ។ជាពិសេសការឆបោកនៅតាមប្រព័ន្ធតេឡេក្រាម»។កាលពីចុងឆ្នាំ២០២២ សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា មួយរយៈចុងក្រោយនេះ កម្ពុជាជាកន្លែងរងគ្រោះនៃបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ សម្តេចថ្លែងថា បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលកើតនៅកម្ពុជា មិនមែនជនជាតិខ្មែរជាអ្នកប្រព្រឹត្តនោះទេ ។ប៉ុន្តែអ្នកដែលប្រព្រឹត្ត និងមេខ្យល់ គឺជនជាតិផ្សេងដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។កាលពីខែមករា ឆ្នាំ២០២៣ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថាទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលបញ្ហាប្រឈមក៏បានកំពុកើតឡើងជារៀងរាល់ថ្ងៃ ដោយជនខិលខូចឬឧក្រិដ្ឋជនបានទាញយកនូវបច្ចេកវិទ្យាជាមធ្យោបាយក្នុងប្រព្រឹត្តិអំពើល្មើសមានដូចជា ធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត អំពើឆបោកប្រាក់ អំពើលួចយកនូវទិន្នន័យ អំពើក្លែងអត្តសញ្ញាណ និងអំពើស៊ើបការសម្ងាត់ផ្សេងៗ។នាយកដ្ឋានខាងលើបានជំរុញដល់ប្រជាពលរដ្ឋ ត្រូវស្វែងយល់អំពីបច្ចេកវិទ្យាដែលខ្លួនកំពុងប្រើប្រាស់ឱ្យបានច្បាស់មានដូចជា Facebook, Telegram, Instagram, Messenger, WhatsApp ព្រមទាំង ឧបករណ៍បច្ចេកវិទ្យាមួយចំនួនមានដូចជា កុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ និងកាម៉េរ៉ាសុវត្ថិភាព ជាដើម។ប្រភពដដែលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជនមិនស្គាល់អត្តសញ្ញាណច្បាស់ ដែលបានសន្យាផ្ញើប្រាក់ ឬវត្ថុមានតម្លៃមកពីក្រៅប្រទេស ប៉ុន្តែត្រូវឱ្យជនរងគ្រោះផ្ញើប្រាក់ទៅជនល្មើសជាមុនសិន ដើម្បីផ្ញើប្រាប់ជាច្រើនត្រឡប់មកជនរងគ្រោះវិញ។នាយកដ្ឋាន បានស្នើកុំលក់ ឬប្រគល់លើការគ្រប់គ្រងគណនីធនាគាររបស់ខ្លួនទៅឱ្យអ្នកដទៃ ឬជនមិនដែលស្គាល់អត្តសញ្ញាណ ព្រោះអាចប្រឈមមុខពាក់ព័ន្ធនឹងបទផ្សំគំនិត ឬផ្ដល់មធ្យោបាយឱ្យជនល្មើសប្រព្រឹត្តបទល្មើសបាន៕Khmer Times
រូបភាពProfile របស់គណនីតេលេក្រាមរបស់ជនដែលព្យាយាមឆរបោកសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន។រូបភាព៖ហ្វេសបុកសម្តេចហ៊ុន សែន/Khmer Times
Post a Comment