WHO៖ហា​និភ័យ​ជំងឺ​ផ្ដាសាយ​​បក្សី​ចំពោះ​មនុស្ស​នៅ​កម្ពុជា​នៅ​​មាន​កម្រិត​​ទាប

 អង្គការសុខភាពពិភពលោក(WHO)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា ហានិភ័យនៃជំងឺគ្រុនផ្តាសាយបក្សី A (H5N1)ចំពោះប្រជាជនទូទៅនៅកម្ពុជាគឺនៅតែមានកម្រិតទាប បើទោះបីជាករណីឆ្លងរបស់មនុស្សពីរនាក់ត្រូវបានរកឃើញនាពេលថ្មីៗនេះក៏ដោយ។សេចក្តីថ្លែងការណ៍បាននិយាយថា កាលពីសប្តាហ៍មុន កម្ពុជាបានបញ្ជាក់ពីការឆ្លងជំងឺផ្តាសាយបក្សី H5N1 របស់មនុស្ស២នាក់ដែលនេះជាលើកទីមួយចាប់តាំងពីឆ្នាំ២០១៤។ករណីទី១ ពាក់ព័ន្ធនឹងកុមារីអាយុ ១១ឆ្នាំ មកពីខេត្តព្រៃវែងដែលបានស្លាប់ដោយសារវីរុសនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ហើយឪពុកក្មេងស្រីអាយុ ៤៩ឆ្នាំ ត្រូវបានគេធ្វើតេស្ដរកឃើញថា មានផ្ទុកវីរុសនេះ មួយថ្ងៃក្រោយមកហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។សេចក្តីថ្លែងការណ៍បានបង្ហាញទៀតថាមនុស្ស១១នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្មេងស្រីដែលបានស្លាប់នោះមានតេស្តអវិជ្ជមាន។ស្ទើរតែគ្រប់ករណីឆ្លងមេរោគគ្រុនផ្តាសាយបក្សីH5N1លើមនុស្សត្រូវបានផ្សារភ្ជាប់នឹងទំនាក់ទំនងជិតស្និទ្ធជាមួយសត្វស្លាបដែលឆ្លងមេរោគនៅរស់ឬងាប់ឬបរិស្ថានដែលមានផ្ទុកមេរោគនេះ។សេចក្តីថ្លែងការណ៍បាននិយាយថា “ផ្អែកលើភ័ស្តុតាងរហូតមកដល់ពេលនេះ មេរោគមិនងាយឆ្លងដល់មនុស្សទេ ហើយការរីករាលដាលពីមនុស្សទៅមនុស្សក៏ហាក់ដូចជាមិនងាយដែរ” ។ “ដោយផ្អែកលើព័ត៌មានដែលមានរហូតមកដល់ពេលនេះ WHO វាយតម្លៃហានិភ័យចំពោះប្រជាជនទូទៅដែលបង្កឡើងដោយមេរោគនេះថាមានកម្រិតទាប”។តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Li Ailan បានសរសើរកម្ពុជាចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ខ្លួននៃការផ្ទុះឡើងនៃមេរោគគ្រុនផ្តាសាយបក្សី H5N1។លោក​ស្រី​បាន​និយាយ​ថា​៖ «​នេះ​ជា​ករណី​មនុស្ស​ពីរ​នាក់​ដំបូង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 ដែល​បាន​រាយការណ៍​ពី​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០១៤​មក»។ “ការរកឃើញទាន់ពេល និងការឆ្លើយតបយ៉ាងឆាប់រហ័ស នៅតែមានសារៈសំខាន់ ដើម្បីរក្សាសុវត្ថិភាពប្រទេស និងពិភពលោក”។យោងតាមក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ ២០០៥ មកទល់ពេលនេះ មានករណីឆ្លងមនុស្សចំនួន ៥៨ ករណី ហើយមាន ៣៨ នាក់បានស្លាប់៕Xinhua/Khmer Times 

រូបភាព៖សហការី


Powered by Blogger.