ឯកឧត្តម​​ស សុ​ខា៖​ការ​សម្រេចចិត្តខុ​សរបស់ថ្នាក់ដឹ​ក​នាំវិទ្យុVOD​ធ្វើឲ្យបាត់បង់ឱ​កាស​និងប៉ះ​ពា​ល់​​ដល់​បុគ្គលិក

ភ្នំពេញ៖ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ដោយបានគូសបញ្ជាក់ថា ការសម្រេចចិត្តខុសរបស់ថ្នាក់ដឹកនាំវិទ្យុVOD ធ្វើឲ្យបាត់បង់ឱកាស និងប៉ះពាល់ដល់បុគ្គលិក។ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តមស សុខា៖[ខ្ញុំតាមដានករណី វីអូឌី ច្រើនថ្ងៃដែរទម្រាំខ្ញុំសំយោគធ្វើមូលវិចារណ៍។ ជាបឋមក្នុងនាមពលរដ្ឋខ្មែរមួយរូបខ្ញុំសូមសំដែងការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចឲ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណរបស់វីអូឌី (VOD) នាប៉ុន្មានថ្ងៃនេះ។មែនទែនទៅ ខ្ញុំចង់បញ្ជាក់ជូនថា ខ្ញុំក៏ជាអ្នកចូលចិត្តតាមដាន និងឱ្យតម្លៃព័ត៌មាន មិនថា អង្គភាពនោះលំអៀង ស្រប ឬឯករាជ្យនោះទេ។ ផ្ទុយមកវិញ ខ្ញុំក៏មិនគាំទ្រដែរចំពោះការផលិតព័ត៌មានដែលខុសពីការពិត ពេលខ្លះមានចេតនាមួលបង្កាច់ ដើម្បីផលប្រយោជន៍អ្វីមួយនោះ។ និយាយករណី វីអូឌី ខ្ញុំកត់សម្គាល់ឃើញថា សម្ដេចតេជោ លោកមិនមែនដាច់អហង្ការក្នុងការដកអាជ្ញាប័ណ្ណបិទដំណើរការភ្លាមៗនោះទេ ដោយលោកទុកឱសានវាទ ៧២ម៉ោងដើម្បីឱ្យវីអូឌីសុំទោស។ ខ្ញុំមិនថា វីអូឌី មិនទទួលខុសត្រូវនោះទេ តែការឆ្លើយតបលើកទី១ មិនស្របតាមលក្ខខណ្ឌតម្រូវរបស់សម្ដេចទើបតែលិខិតទី២ បានហ៊ានប្រើពាក្យសុំទោសតែហួសពេល។អាចនិយាយបានថាជាការសម្រេចចិត្តយឺតមួយជំហានរបស់ថ្នាក់ដឹកនាំ វីអូឌី ដែលនាំទៅដល់ការអនុវត្តច្បាប់។ ជារួមការសម្រេចរបស់រាជរដ្ឋាភិបាលនេះ មានមូលដ្ឋានខាងសង្គមធម៌ផង និងផ្លូវច្បាប់ផង។ពោលគឺជាការអនុវត្តច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាពិសេសជាការតម្រង់ផ្លូវមួយក្នុងវិស័យសារព័ត៌មាន ទន្ទឹមនឹងរាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ដូចគ្នា។អ៊ីចឹង ត្រូវតែធ្វើព្រមគ្នាដែរដើម្បីសមភាពនិងនាំឲ្យកម្ពុជាទាំងមូលរួមគ្នាលប់បំបាត់ចោលរាល់ព័ត៌មានក្លែងក្លាយបំភ្លៃការពិតនិងបំពានលើសិទ្ធិអ្នកដទៃ ដែលបង្កឲ្យមានភាពច្របូកច្របល់និងហានិភ័យដល់ស្ថិរភាពសង្គម និងសន្តិសុខជាតិ។បើខ្ញុំចាំមិនខុសទេ កន្លងទៅសម្ដេចតេជោ ក៏ធ្លាប់បានផ្តល់ជាពាក្យស្លោកដល់បងប្អូនអ្នកសារព័ត៌មានកម្ពុជា ក្នុងស្មារតីពង្រឹងវិជ្ជាជីវៈនិងបង្កើនជំនឿទុកចិត្តពីសំណាក់សាធារណជន អ្នកមើល អ្នកស្តាប់ ពោរពេញដោយអត្ថន័យថា “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិតនិងផ្សាយតែព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ”ជាដើម។ក្នុងនោះដែរខ្ញុំសូមសម្តែងនូវការគាំទ្រចំពោះសារព័ត៌មានភាគច្រើន ដែលបានអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវហើយខ្ញុំក៏មិនគាំទ្រដែរចំពោះសារព័ត៌មានមួយចំនួនតូច ដែលមិនគោរពច្បាប់ មិនគោរពវិជ្ជាជីវៈ និងពុំមានការទទួលខុសត្រូវនៅពេលដែលខ្លួនបានផ្សាយចេញខុសពីការពិត មិនហ៊ានប្រើត្រឹមសម្បត្តិពាក្យសុំទោសដូចពាក្យចាស់ពោលថា ថោកអីនឹងដៃថ្លៃអីនឹងមាត់។ដូចគ្នាដែរខ្ញុំក៏មិនគាំទ្រចំពោះអង្គភាពសារព័ត៌មានដែលបង្កើតឡើងជ្រកក្រោមស្លាកសារព័ត៌មានតែក្នុងបំណងបង្កើតការញុះញង់និងបង្កឲ្យមានការបែកបាក់ឯកភាពជាតិ។ពោលគឺបង្កើតធ្វើជាអាវុធនយោបាយនោះឡើយ។ សម្រាប់ខ្ញុំ ខ្ញុំតែជឿជាក់ថា បើយើងធ្វើត្រូវតាមវិជ្ជាជីវៈ ក្រមសីលធម៌ និងច្បាប់ជាធរមាន យើងនឹងចៀសផុតពីការប្រឈមផ្លូវច្បាប់ បើមិនអ៊ីចឹងទេមិនមែនសម្ដេចតេជោឱ្យក្រសួងព័ត៌មានបង្កើតមេធាវីដើម្បីជួយការពារអ្នកសារព័ត៌មានដែលត្រឹមត្រូវនោះឡើយ]៕








Powered by Blogger.