VODត្រូវ​បានបិ​ទអាជ្ញាប័ណ្ណ

 ក្រសួងព័ត៌មាននៅថ្ងៃទី១៣​ខែកុម្ភៈនេះបានសម្រេចបិទអាជ្ញាប័ណ្ណរបស់សំឡេងប្រជាធិបតេយ្យVOD ក្រោយពីមានបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ពីយប់ថ្ងៃទី១២ ខែកុម្ភៈ។ សម្តេចហ៊ុន សែន បានតម្រូវឲ្យសារព័ត៌មាន VOD សូមទោសរាជរដ្ឋាភិបាលនិងលោក ហ៊ុន ម៉ាណែត ក្នុងលក្ខខណ្ឌថាបើមិនសូមទោស សម្តេចនឹងបញ្ជាឲ្យក្រសួងព័ត៌មានដកហូតអាជ្ញាប័ណ្ណ។ការតម្រូវឲ្យVOD សូមទោសគឺពាក់ព័ន្ធនឹងការចុះផ្សាយអត្ថបទថាលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគីដែលកំពុងរងគ្រោះដោយរញ្ជួយដី។កាលពីថ្ងៃទី០៩ខែកុម្ភៈកន្លងទៅសារព័ត៌មានVODបានចុះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា “មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគីមិនមែនជារឿងខុសឆ្គង”។ អត្ថបទនេះបានដកស្រង់ការបញ្ជាក់ពីមន្ត្រីនាំពាក្យរដ្ឋាភិបាលអ្នកសិក្សាផ្នែកច្បាប់ និងអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ។ក្រោយការចុះផ្សាយនេះ នៅថ្ងៃទី១១ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកបានសរសេរឆ្លើយតបនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការដោយសុំឲ្យVODបង្ហាញឯកសារដែលបញ្ជាក់ថាលោកបានចុះហត្ថលេខាជំនួសប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។ លោកសរសេរបន្តថាលោកមិនបានដឹងរឿងនេះ ហើយលោកក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។ក្នុងសំណេរតែមួយនេះ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា “បើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ”។នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ សម្តេច ហ៊ុន សែន​ បានបញ្ជាក់បន្ថែមនៅលើទំព័រហ្វេសប៊ុកផ្លូវការដោយបានចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួមនិងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសតួកគី។ សម្តេចថាច្បាប់និងការអនុវត្តនៅប្រទេសកម្ពុជាគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។ក្នុងសំណេរដដែលនោះ សម្តេចហ៊ុន សែន បានទុកពេលឲ្យ VOD រយៈពេល៧២ម៉ោង សូមទោសរាជរដ្ឋាភិបាលនិងសុំទោសហ៊ុនម៉ាណែត។ សម្តេចបន្តថា ក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយលោក គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីមិនព្រមសុំទោស។ សម្តេចហ៊ុន សែន អះអាងថាមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវ​របស់យើងនោះឡើយ។មកដល់ព្រឹកថ្ងៃទី១២ ខែកុម្ភៈ សម្តេចហ៊ុន សែន ក៏ផ្លាស់ប្តូរចិត្ត​ដោយទុកពេលឲ្យតែ ២៤ម៉ោងប៉ុណ្ណោះ ដើម្បីឲ្យ VOD សូមទោស។ សំណេរនៅលើទំព័រហ្វេសប៊ុករបស់សម្តេចសរសេរថា“ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ត្រឹមម៉ោង១០ព្រឹកថ្ងៃ១៣កុម្ភៈ២០២៣វិញ។ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទង់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង១០ ថ្ងៃទី១៣ កុម្ភៈ២០២៣ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស”។នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ដដែល ក្រសួងព័ត៌មាន ក៏បានទទួលជួបតំណាងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ដើម្បីបកស្រាយពាក់ពន្ធ័ការផ្សាយព័ត៌មានពីវិទ្យុ VOD។ ក្រោយមកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ដែលគ្រប់គ្រង VOD បានជូនលិខិតមួយទៅសម្តេចហ៊ុន សែន។ ក្នុងលិខិតនោះ CCIM បានបង្ហាញការសោកស្តាយដែលកើតមានការយល់ច្រឡំនិងបានពន្យល់ទៅកាន់សម្តេចនាយករដ្ឋមន្ត្រីពីដើមចម ដែលនាំឲ្យមានការចេញផ្សាយអត្ថបទនោះ។ VOD ក៏បានរៀបចំចេញអត្ថបទថ្មីមួយដោយយោងលើព័ត៌មាននិងការស្រាយបំភ្លឺរបស់សម្តេចនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត។លិខិតរបស់ CCIM មិនបានធ្វើឲ្យសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន សប្បាយចិត្តនោះទេ។ប៉ុន្តែផ្ទុយទៅវិញ​ តាមរយៈលិខិតនេះសម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា“តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ?សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ”។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សង្កត់ធ្ងន់ថា ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន សម្តេចសម្រេចបញ្ចប់រឿងនេះ​ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ថ្ងៃ១៣កុម្ភៈ២០២៣ជាកំហិត។ភ្លាមៗនោះ VOD ក៏ចេញលិខិតមួយទៀត​ ដែលសូមទោសសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក​​ ហ៊ុន​ ម៉ាណែត។​ ប៉ុន្តែលិខិតថ្មីនេះ ក៏មិនបានធ្វើឲ្យស្ថានការណ៍ប្រែមកជាល្អឡើងវិញដែរ។ សម្តេចនាយករដ្ឋមន្ត្រីបានឆ្លើយតបនឹងលិខិតថ្មីរបស់ VOD ថា ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ សម្តេចហ៊ុន សែន បញ្ជាក់ថា“ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​បិទ​ចោល​វិទ្យុ​វីអូឌី​នោះ​ឡើយ​”៕RFI

រូបសញ្ញាវិទ្យុសំឡេងប្រជាធិបតេយ្យVOD ។រូបភាពហ្វេសប៊ុក

Powered by Blogger.