សមា​គម​​សម្ព័ន្ធសា​រ​ព័ត៌មា​ន​ឯ​ករាជ្យចេញសេច​ក្តីថ្លែ​ង​ការ​ណ៍​ជុំវិញការ​លុប​អាជ្ញាប័​ណ្ណវិទ្យុVOD

 ភ្នំពេញ៖នៅរសៀលថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣នេះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានចេញសេចក្តីថ្លែងការណ៍ជុំវិញការលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (វិទ្យុ VOD) ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានសង្កេតឃើញថា មានអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាសាធារណមតិមួយចំនួន បានលើកឡើងជាច្រើនជុំវិញករណីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (វិទ្យុ VOD) ដែលការលើកឡើងទាំងនោះ ផ្ទុយពីការពិត ផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាពិសេសក្នុងន័យបង្អាប់ជាតិសាសន៍ខ្លួនឯង និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តច្បាប់នៅកម្ពុជា។សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ យល់ឃើញថា ការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (វិទ្យុVOD)របស់ក្រសួងព័ត៌មានពិតជាត្រឹមត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ក៏ដូចជាវិជ្ជាជីវៈសារព័ត៌មានសកលលោក ពិសេសដើម្បីពង្រឹងច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាផងដែរ។សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបាននិងកំពុងតែធ្វើសកម្មភាពលើវិស័យសារព័ត៌មាន តែងតែគាំទ្រនិងជួយសម្របសម្រួលជានិច្ចចំពោះអង្គភាពសារព័ត៌មាននិងអ្នកសារព័ត៌មានជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏ដូចជាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ជាពិសេសអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា។ ជាមួយគ្នានេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមអំពាវនាវដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ គប្បីគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមពង្រឹងគុណភាពនៃការផ្សព្វផ្សាយក៏ដូចជាលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត៕








Powered by Blogger.