លោកPutin​ចុះហត្ថលេ​ខា​លើច្បាប់ផ្អាក​សន្ធិស​ញ្ញានុយក្លេអ៊ែ​រជាមួយអា​មេរិក

ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើច្បាប់ផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មីជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីឯកសារនេះត្រូវបានអនុម័តដោយសភា។យោងតាមច្បាប់ដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីលោកVladimirPutinនិងបានប្រកាសកាលពីថ្ងៃទី២៨ខែកុម្ភៈសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ដែលជាកិច្ចព្រមព្រៀងគ្រប់គ្រងនុយក្លេអ៊ែរចុងក្រោយរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនត្រូវបានផ្អាក។ច្បាប់នេះចូលជាធរមានចាប់ពីពេលដែលវាត្រូវបានផ្សព្វផ្សាយ។ខ្លឹមសារនៃច្បាប់មានបទប្បញ្ញត្តិដែលថាការវិលត្រឡប់របស់ទីក្រុងម៉ូស្គូទៅកាន់New STARTនឹងត្រូវសម្រេចទាំងស្រុងដោយប្រធានាធិបតីរុស្ស៊ី។លោកPutinក៏បានចុះហត្ថលេខាលើច្បាប់ដើម្បីបញ្ចប់សន្ធិសញ្ញារបស់ក្រុមប្រឹក្សាអឺរ៉ុបជាមួយរុស្ស៊ីផងដែរ។ព្រឹទ្ធសភា​រុ​ស្ស៊ី​បាន​អនុម័ត​ច្បាប់​នេះ​ក្រោយ​ការ​បោះ​ឆ្នោត​ក្នុង​សម័យប្រជុំ​កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ។ សភាជាន់ទាបរបស់រុស្ស៊ីមុននេះបានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបញ្ជាក់ថា រុស្ស៊ីនឹងមិនចូលរួម New START ជាមួយអាមេរិកឡើយរហូតទាល់តែក្រុងវ៉ាស៊ីនតោនស្តាប់ជំហររបស់ទីក្រុងម៉ូស្គូ។New START ត្រូវបានចុះហត្ថលេខានៅសាធារណរដ្ឋឆេកក្នុងឆ្នាំ ២០១០ក្រោមការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី Dmitry Medvedev និងប្រធានាធិបតីអាមេរិក Barack Obama។ សន្ធិសញ្ញាចូលជាធរមានក្នុងឆ្នាំ ២០១១ ហើយនឹងត្រូវបន្តរយៈពេល៥ ឆ្នាំទៀតនៅឆ្នាំ ២០២១ ភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden ចូលកាន់តំណែង។កិច្ចព្រមព្រៀងនេះកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិក និងរុស្ស៊ីអាចដាក់ពង្រាយ ក៏ដូចជាចំនួនមីស៊ីល យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹក ។NewSTARTគឺជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរតែមួយគត់ដែលនៅសេសសល់រវាងមហាអំណាចទាំងពីរដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨បានសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញានៃកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ (INF)ដែលបានចុះហត្ថលេខាជាមួយរុស្ស៊ី។នៅក្នុងសុន្ទរកថារដ្ឋរបស់សហភាពកាលពីថ្ងៃទី២១ខែកុម្ភៈ ប្រធានាធិបតីPutinបានហៅ New START ថាជាកេរដំណែលនៃសម័យកាលដែលរុស្ស៊ីនិងអាមេរិកមិនបានចាត់ទុកគ្នាទៅវិញទៅមកជាគូប្រជែង។លោកបាននិយាយថា"លោកខាងលិចស្វែងរកការបរាជ័យជាយុទ្ធសាស្ត្រមកលើយើងនិងជ្រៀតចូលរោងចក្រនុយក្លេអ៊ែររបស់យើង។ខ្ញុំបង្ខំចិត្តប្រកាសនៅថ្ងៃនេះថា រុស្ស៊ីនឹងឈប់ចូលរួម" ។រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់ការផ្អាករបស់រុស្ស៊ីនូវ New START ថា "គ្មានការទទួលខុសត្រូវ និងគួរឱ្យសោកស្តាយយ៉ាងខ្លាំង" ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និងអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប (EU) លោក JosepBorrellបានព្រមានថាចំណាត់ការរបស់រុស្ស៊ីអាចបង្ហាញពីការបញ្ចប់រចនាសម្ព័ន្ធគ្រប់គ្រងអាវុធក្រោយសង្គ្រាមត្រជាក់។យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ទីក្រុងម៉ូស្គូនិងវ៉ាស៊ីនតោន មានក្បាលគ្រាប់នុយក្លេអ៊ែរ៩០% របស់ពិភពលោក។ រុស្សីមានក្បាលគ្រាប់ចំនួន៥.៩៧៧ ដើមនៅដើមឆ្នាំ២០២២ ដែលក្នុងនោះជាង១.៦០០ អាចត្រៀមសម្រាប់ប្រើប្រាស់។ សហរដ្ឋអាមេរិកមានក្បាលគ្រាប់ចំនួន៥,៤២៨ ជាមួយនឹង ១,៧៥០ត្រៀមប្រយុទ្ធ៕យោងតាមTASS

ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinធ្វើជាប្រធានកិច្ចប្រជុំតាមអ៊ីនធឺណិតជាមួយរដ្ឋាភិបាលពីជាយក្រុងម៉ូស្គូនៅថ្ងៃទី១១ខែមករា។ រូបថត៖ Reuters។

Powered by Blogger.