IFADបន្តគាំទ្រកម្ពុជាលើវិស័យកសិកម្ម
លោកស្រីJyotsna Puriអនុប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)បានមានប្រសាសន៍ថាអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជាលើវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើងធំធាត់ឡើង និងជាកសិកម្មមួយប្រកបដោយភាពវៃឆ្លាត។លោកអ៊ាងសុផល្លែតជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះបន្ទាប់ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោកស្រី Jyotsna Puri ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ក្នុងជំនួបនោះ លោកស្រី Puri បានសម្ដែងនូវការគោរពដល់សម្ដេចតេជោចំពោះកិច្ចប្រឹងប្រែងរបស់សម្ដេច ក្នុងការថែរក្សាសុខសន្តិភាពនិងស្ថេរភាពសង្គមជាពិសេសក្នុងគ្រាមានជំងឺកូវីដ១៩ សម្ដេចតេជោបានដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធីសាស្ត្រទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងប្រសិទ្ធភាពជួយដល់ប្រជាជនដែលបានឆ្លងផុតពីបន្ទាត់ក្រីក្រហើយ មិនឱ្យធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រវិញជួយកិច្ចគាំពារសង្គមខាងអាហារូបត្ថម្ភ និងបានដាក់ចេញនូវកម្មវិធីនយោបាយយ៉ាងល្អសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍជនបទឱ្យមានអ្នកបច្ចេកទេសកសិកម្មនៅតាមឃុំនិងកម្មវិធីស្រោចស្រពដើម្បីជំរុញការផលិតកសិផលដែលមានគុណភាពស្របតាមតម្រូវការទីផ្សារ។លោកស្រី Puri បានបន្តថា អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម សូមសម្ដែងនូវការគោព និងគាំទ្រ ចំពោះកិចុ្ចប្រឹងប្រែងថែរក្សាសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍរបស់កម្ពុជាលើវិស័យកសិកម្ម។លោកស្រីក៏បានថ្លែងអំណរគុណសម្ដេចតេជោ ចំពោះការបង្កើនវិភាគទានពី៦០ម៉ឺន ទៅ១លានដុល្លារ សម្រាប់ឆ្នាំ២០២៥-២០២៨ ហើយបានប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា លើវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើងធំធាត់ឡើងនិងជាកសិកម្មមួយប្រកបដោយមានភាពវៃឆ្លាត។ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ជាដៃគូល្អ ជាង៣០ឆ្នាំមកហើយៗដែលមានទស្សនៈដូចគ្នាក្នុងន័យនេះយើងត្រូវបន្តភាពជាដៃគូតទៅទៀត។សម្ដេចតេជោមានប្រសាសន៍បន្តថាកម្ពុជាផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍកសិកម្មនិងជនបទចង់ធ្វើយ៉ាងណាឱ្យកសិករផលិតហើយទទួលបានផលចំណេញចង់រក្សាកុំឱ្យអ្នកដែលឆ្លងផុតពីបន្ទាត់ក្រីក្រហើយធ្លាក់ចុះទៅវិញ ចង់ជំរុញវិស័យកសិកម្មឱ្យទៅជាកសិ-ពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីរីករាយសារជាថ្មីម្ដងទៀត ចំពោះភាពជាដៃគូដ៏ល្អជាមួយអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហើយបានសម្រេចបង្កើនវិភាគទានរបស់កម្ពុជា ពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨៕AKP
Post a Comment