រក​ឃើញ​ករណី​ទី​២ នៃ​ជំងឺផ្តាសាយបក្សី កើត​លើ​ឪពុក​ក្មេង​ស្រី​ដែល​ស្លា​.​ប់​ដោយសារ​វីរុស H5N1 នៅ​ខេត្តព្រៃវែង

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​សេចក្តី​ជូន​ព័ត៌មាន ស្តី​ពី​ការ​រក​ឃើញ ករណី​ទី​២ នៃ​ជំងឺផ្តាសាយបក្សី (H5N1) លើ​មនុស្ស នៅ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ។


ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​ស្លា​.​ប់​កុមារី​ម្នាក់ អាយុ​១១​ឆ្នាំ និង​៦​ខែ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​រស់នៅ​ភូមិ​រលាំង ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្ត​ព្រៃវែង ក្រុមការងារ​អង្កេត​ស្រាវជ្រាវ​បន្ទាន់​របស់​ក្រសួងសុខាភិបាល ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង រួម​ជាមួយ​ដៃគូ​សុខាភិបាល បាន​ចុះ​ដល់​មូលដ្ឋាន​ជា​បន្ទាន់​ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រុម​ឆ្លើយ​តប​បន្ទាន់​នេះ បាន​ប្រមូល​យក​វត្ថុ​សំណាក​អ្នក​ប៉ះពាល់​ជាមួយ​កុមារី ដែល​បាន​ស្លា​.​ប់​ដោយសារ​ជំងឺផ្ដាសាយបក្សី H5N1 ចំនួន​១២​នាក់ ដើម្បី​ធ្វើការ​វិភាគ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ ដែល​លទ្ធផល នៃ​ការ​វិភាគ បាន​បញ្ជាក់​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ ថា មាន​វិជ្ជមាន វីរុស​ផ្តាសាយ​បក្សី ប្រភេទ​ហាស់​៥ អ៊ិ​ន​១ (H5N1) ១​សំណាក ក្នុង​ចំណោម​វត្ថុ​សំណាក ទាំង​១២ ដែល​កើត​មាន​លើ​បុរស​អាយុ ៤៩​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​រលាំង ឃុំ​រំចេក ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង ត្រូវជា​ឪពុក​របស់​ករណី​ទី​១ (​ជា​កុមារី​ដែល​បាន​ស្លា​.​ប់​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣)​។ ប៉ុន្តែ​ស្ថានភាព​សុខភាព​របស់​បុរស​នេះ មិន​ទាន់​មាន​ចេញ​នូវ​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​កត់សំគាល់​នៅឡើយ ។
នេះ​ជា​ករណី​ទី​២ នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បន្ទាប់​ពី​មិន​បាន​រក​ឃើញ​វីរុស​នេះ លើ​ខ្លួន​មនុស្ស​អស់​រយៈពេល​០៩​ឆ្នាំ​កន្លង​មក​ហើយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ករ​ណ​ចុង​ក្រោយ​នេះ គឺជា​ករណី​ទី​៥៨ ដែល​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ក្នុង​នោះ មាន​៤៥​ករណី កើត​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​៣១​ករណី ក្នុង​ចំណោម​ករណី​ទាំង​៥៨ ជានា​រី​។ ចាប់តាំងពី​មាន​ជំងឺផ្តាសាយបក្សី​លើក​ដំបូង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០០៥ មក​នៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ឆ្លង​វីរុស​ផ្តាសាយ​បក្សី H5N1 ចំនួន​៥៨​ករណី មាន​តែ​១៩​ករណី​ទេ ដែល​មានជីវិត ។

ក្រុម​ឆ្លើយ​តប​បន្ទាន់​ខាងលើ បាន​នឹង​កំពុង​បន្ត​អង្កេត​ស្រាវជ្រាវ​ការ​កើតឡើង​នូវ​ជំងឺផ្តាសាយបក្សី​ប្រភេទ​នេះ និង​ធ្វើការ​ឆ្លើយ​តប​ទៅ​តាម​វិធីសាស្ត្រ​នីតិវិធី​របស់​ជាតិ និង​បាន​សហការ​គ្នា​រវាង​ក្រុម​ឆ្លើយ​តប​បន្ទាន់​ពេទ្យ​មនុស្ស និង​ពេទ្យសត្វ និង​ស្វែងរក​ប្រភព​ចម្លង ទាំង​លើ​សត្វ និង​មនុស្ស និង​បន្ត​ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ​ទៀត ទាំង​ក្នុង​សហគមន៍​ជា​បន្ត​ទៀត និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដែល​កើតហេតុ
ខាងលើ​ជា​បន្តបន្ទាប់ ។

សារ​ជា​ថ្មី​ម្តងទៀត ឯកឧត្តម​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មាន​ប្រសាសន៍​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ថា “​ជំងឺ​ជំងឺផ្ដាសាយបក្សី H5N1 នៅ​តែ​បន្ត​គំរាមកំហែង​ដល់ សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា និង​កើត​មាន​ច្រើន​លើ​កុមារ​ដែល​ជា​ក្រុម​មាន​ហានិភ័យ​ខ្ពស់ និង​មាន​ភាព​ងាយ​រង​គ្រោះ​ច្រើន​។ ករណី​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី H5N1 លើ​បុរស​ខាងលើ​នេះ គឺជា​ករណី​ផ្ដាសាយ​បក្សី​ទី​៥៨ ដែល​កើត​មាន​លើ​មនុស្ស ចាប់តាំងពី​ឆ្នាំ​២០០៥ ហើយ​នេះ ជា​ករណី​ទី​២ ដែល​បាន​កើតឡើង​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ។ ជា​និច្ចកាល​កុមារ​តែងតែ​មានការ​លេង និង​ឲ្យ​ចំណី​ប​សុ​បក្សី ក្នុងស្រុក ឫ​ជួយ​បោសសម្អាត​ទ្រុង និង​ប្រមូល​ស៊ុតមាន់​-​ទា ហើយ​ជាង​នេះ​ទៅ​ទៀត កុមារ​អាច​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​ប​សុ​បក្សី ដោយសារ​ពួក​គេ​ចាត់​ទុក​វា​ដូច​ជា​សត្វ​ចិញ្ចឹម និង​លេង​ជាមួយ​សត្វ ដូច្នេះ​ពួក​គេ មាន​ភាព​ងាយ​រង​គ្រោះ​ច្រើន និង​មាន​ហានិភ័យ​ខ្ពស់ ពីព្រោះ​ពួក​គេ​ចូល​ចិត្ត​លេង​កន្លែង ដែល​មា​នប​សុ​បក្សី​។

សូម​រំលឹក​ឪពុក​ម្តាយ និង​អ្នក​ថែទាំ​កុមារ​ទាំងអស់ ត្រូវ​ដាក់​កុមារ​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​បក្សី​ឈឺ ឬ​ងាប់ និង​ព្យាយាម​ឱ្យ​កុមារ​លេង​ឱ្យ​ឆ្ងាយ​ពី​សត្វ​ទាំងនោះ មាន​មាន់ និង​ទា​ជាដើម​។ ឪពុក​ម្ដាយ អាណាព្យាបាល និង​អ្នក​ថែទាំ​កុមារ​ទាំងអស់ ត្រូវ​ប្រាកដ​ថា កុមារ​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត មុន​ពេល និង​ក្រោយ​ពេល​បរិភោគ​អាហារ និង​បន្ទាប់​ពី​ប៉ះ​ជាមួយ​ប​សុ​បក្សី​។ ដៃ​អាច​ប្រលាក់​ដោយ​វីរុស ដែល​វីរុស​នេះ មិន​អាច​មើលឃើញ​ដោយ​ភ្នែក​ទ​ទ​ឃើញ​នោះ​ឡើយ​។ សាប៊ូ​លាង​សម្អាត​វីរុស ឬ​មេរោគ​ដែល​ជាប់​នៅ​ដៃ​។ ប្រសិនបើ​ពួក​គេ​មាន​ដង្ហើមញាប់ ឬ ពិបាក​ដកដង្ហើម ត្រូវ​នាំ​កុមារ​ទៅ​រក​ការ​ព្យាបាល​ជា​បន្ទាន់ នៅ​គ្រឹះស្ថាន​សុខាភិបាល (​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ​) ដែល​នៅ​ជិត​ផ្ទះ របស់​លោក​អ្នក​បំផុត ហើយ​ត្រូវ​ប្រាប់​មន្ត្រី​សុខាភិបាល អំពី​ប្រវត្តិ​ប៉ះពាល់ ជាមួយ​សត្វ​បក្សី​ឈឺ ឬ ងាប់​។

សារ​អប់រំ​របស់​ក្រសួងសុខាភិបាល រួម​មាន​៖ ត្រូវ​លាងដៃ​ឱ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹក​ស្អាត មុន​និង​ក្រោយ​ពេល​បរិភោគ​អាហារ និង​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​ប​សុ​បក្សី ត្រូវ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី ដាក់​សត្វ​បក្សី​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ កុំ​បរិភោគ សត្វ​បក្សី​ឈឺ ឬ​ងាប់ និង​រាល់​សត្វ​បក្សី​ដែល​យក​មក​ធ្វើ​ជា​ម្ហូបអាហារ​សម្រាប់​បរិភោគ ត្រូវ​ចម្អិន​ឱ្យ​បាន​ឆ្អិន​ល្អ​។ ត្រូវ​ឆាប់​រាយការណ៍​ទៅ​អាជ្ញារ​ធរ​សុខាភិបាល​នៅ​នឹង​កន្លែង ឬ​ក្រសួងសុខាភិបាល ក្នុង​ករណី​សង្ស័យ​ហើយ​ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ ៕

Powered by Blogger.