រដ្ឋបាលព្រៃឈើ បញ្ជាក់ព័ត៌មានលម្អិត ជុំវិញការចុះហាមឃាត់ និងចាប់សត្វក្ងោកនៅខេត្តកំពង់ឆ្នាំង, បុគ្គលម្ចាស់ក្ងោកមិនមែនចិញ្ចឹមធម្មតា តែបានជួញដូរដោយខុសច្បាប់(FN)
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសាធារណជនជាច្រើនមានការងឿងឆ្ងល់អំពីសកម្មភាពចុះបង្រ្កាប និងចាប់យកសត្វក្ងោកពីលោក យឹម សំអឿន នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
រដ្ឋបាលព្រៃឈើ តាមរយៈសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអះអាងថា ក្រុមការងារបានបើកការស៊ើអង្កេតច្បាស់លាស់មុនការចុះអនុវត្តនីមួយៗ ដោយជាលទ្ធផលបញ្ជាក់ថា បុគ្គលនេះបានធ្វើការជួញដូរសត្វក្ងោក តាមប្រព័ន្ធហ្វេសបុក ទូរស័ព្ទ និងមានភស្តុតាងដ៏ទៃទៀត។ ក្នុងហ្វេសបុករបស់លោក យឹម សំអឿន បានបង្ហោះលក់សត្វក្ងោក និងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្រ្ត (Pavo muticus) ជាប្រភេទសត្វស្លាប ស្ថិតនៅក្រុមប្រភេទសត្វព្រៃមានដោយកម្រ យោងតាមប្រកាសលេខ០២០ ប្រក.កសក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃនិងក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វព្រៃជិតផុតពូជ (CITES)។
ការធ្វើពាណិជកម្មល្មើសច្បាប់ត្រូវផ្តន្ទាទោស ក្រោមបទល្មើសថ្នាក់ទី២ ដោយត្រូវជាប់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅប្រាំ(៥)ឆ្នាំ និងត្រូវពិន័យជាប្រាក់ពីមួយលាន (១០,០០០,០០០)រៀល ទៅដប់លាន (១០០,០០០,០០០)រៀល ឬផ្តន្ទាទោសណាមួយ នៃទោសទាំងពីរ វត្ថុតាងទាំងអស់ត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ (មាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ)។ ករណីបទល្មើសសត្វព្រៃមានសភាពធ្ងន់ធ្ងរ ការចោទប្រកាន់ត្រូវបញ្ចូលការប្រឆាំងការលាងសំអាតប្រាក់ ដែលជាកាតព្វកិច្ចចាំបាច់របស់ប្រទេសម្ពុជា អនុលោមតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយក៏ជាសកម្មភាពមួយដែលបានចូលរួមនាំឲ្យប្រទេសអាចចាកចេញពីបញ្ជីប្រផេះបាន។
សូមបញ្ជាក់ផងដែរថា សត្វព្រៃជាមរតកធម្មជាតិរបស់ដូនតាយើងដែលបន្សល់ទុកសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយ។ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា ចែកចេញជាបីក្រុម៖ ក្រុមទី១ ក្រុមប្រភេទជិតផុតពូជ ដូចជាគោព្រៃ ដំរី ខ្លាដំបង រមាំង ត្រយងយក្ស ទាព្រៃស្លាបស, ក្រុមទី២ ក្រុមប្រភេទមានដោយកម្រ ដូចជា ខ្ទីង ទន្សោង ខ្លាឃ្មុំតូច ទោច ក្រៀល ក្ងោក សេកសោម, និង ក្រុមទី៣ ក្រុមប្រភេទមានដោយបង្គួរ ដូចជា ជ្រូកព្រៃ ឈ្លូស ទន្សាយ សំពោច កុក មាន់ព្រៃ ទោម ប្រវឹក សារិកាកែវ ត្រចៀកកាំ។
សេចក្ដីស្រទ្បាញ់ចំពោះសត្វព្រៃ អាចឆ្លុះបញ្ចាំងបានតាមរយៈការចូលរួមថែរក្សា អភិរក្ស ការពារសត្វព្រៃដែលរស់នៅក្នុងព្រៃដោយសុវត្ថិភាព។ ការមានទស្សនៈ ស្រឡាញ់សត្វព្រៃដោយសកម្មភាពបរបាញ់ ដាក់អន្ទាក់ ចាប់យកមេបា ពង កូនសត្វពីព្រៃ ជាទង្វើមួយឈានទៅរកការវិនាសហិនហោចសត្វព្រៃ ពិសេសប្រភេទសត្វព្រៃជិតផុតពូជ ឬមានដោយកម្រ និងជាអំពើល្មើសច្បាប់។ ច្បាប់បានអនុញ្ញាតឲ្យមានការចិញ្ចឹមប្រភេទសត្វព្រៃលក្ខណៈគ្រួសារតែក្នុងក្រុមមានដោយបង្គួរ ព្រោះវាមានភាពសំបូរ និងប៉ះពាល់តិចតួចទៅដល់ចំនួនសត្វព្រៃនៅក្នុងធម្មជាតិ។
ករណីមានចម្ងល់បន្ថែម រដ្ឋបាលព្រៃឈើ សូមស្វាគមន៍ចំពោះមតិ យោបល់និងត្រៀមឆ្លើយតបនៅសំណួរនានា។ លេខទំនាក់ទំនង ០១២២២៣៧១៥ ឬ ០៧៧៨២៧០៦៣៕
Post a Comment