កងទ័ពកម្ពុជា-ចិននឹងធ្វើសមយុទ្ធរួមគ្នារយៈពេល២០ថ្ងៃ គឺចាប់ពីថ្ងៃទី២០មីនា ដល់ថ្ងៃទី៨ខែមេសា(BTV)
ភ្នំពេញ៖ តាមការពិភាក្សារវាងក្រុមការងារដឹកនាំការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនភាគីទាំងពីរ បានសម្រេចនឹងធ្វើសមយុទ្ធ«នាគមាសឆ្នាំ២០២៣» និងលើកទី៥នេះ នៅថ្ងៃទី ២០ខែមីនាដល់ថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២៣ ដោយឥតកែប្រែនោះឡើយ។
នេះបើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានប្រាប់ថ្លែងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្ដទៀតថា ចំពោះទីកន្លែង ភាគីទាំងពីរបានឯកភាពគ្នាយកមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់ធ្វើសមយុទ្ធនេះ។
លោកឧត្តមសេន៍ទោ បានបញ្ជាក់បន្ថែមទៀតថា អត្ថប្រយោជន៍ដែលកងទ័ពប្រទេសទាំងពីរទទួលបានពីការធ្វើសមយុទ្ធនេះ គឺការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។
យ៉ាងណាក៏ដោយសម្រាប់សមយុទ្ធរួមគ្នាដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៣»លើកទី៥នេះ ភាគីទាំងពីរពុំទាន់បានកំណត់របៀបវារៈជាក់លាក់នោះទេ ដោយរង់ចាំប្រជុំសម្រេចជាផ្លូវការនាពេលដ៏ខ្លីនេះរវាងក្រុមការងារដឹកនាំការធ្វើសមយុទ្ធរវាងកងទ័ពទាំងពីរបន្តទៀត។
បើតាមអ្នកនាំពាក្យរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទរូបនេះ បានឲ្យដឹងផងដែរថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន យើងបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះយើងធ្វើរួមគ្នាបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨ , ២០១៩ និងឆ្នាំ ២០២០។ យើងផ្អាកចំនួនបីដង គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បើតាមសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រាប់អ្នកសារព័ត៌មានកាលពីកន្លងទៅថា សមយុទ្ធ«នាគមាសឆ្នាំ២០២៣»នេះនឹងប្រព្រឹត្តិទៅក្រោមប្រធានបទជាច្រើន ជាពិសេសគឺការបោសសម្អាតគ្រាប់មីន ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការរក្សាសន្តិសុខ និងក្បួនធំៗ និងរបៀបសង្រ្គោះជនរងគ្រោះជួបឧបទ្ទវហេតុដោយសារគ្រោះធម្មជាតិជាដើម៕
Post a Comment