មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានបញ្ជាក់ថាការបិទអាជ្ញាប័ណ្ណមានវិសាលភាពតែលើការផ្សាយរបស់វីអូឌីតែការងារដទៃជាសមត្ថកិច្ចរបស់ស្ថាប័នផ្សេង
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានបញ្ជាក់នៅថ្ងៃពុធនេះថាការបិទអាជ្ញាប័ណ្ណវីអូឌីដោយក្រសួងព័ត៌មានគឺមានវិសាលភាពតែលើការផ្សាយព័ត៌មាននិងសោធទស្សន៍តែប៉ុណ្ណោះ ខណៈការងារណាដែលមិនទាក់ទងនឹងការផ្សាយព័ត៌មានទេគឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ការបញ្ជាក់យ៉ាងដូច្នេះគឺស្របពេលអតីតបុគ្គលិករបស់វីអូឌីប្រមាណ២០នាក់ត្រូវបានគេអះអាងថា បានដាក់ពាក្យសុំចូលធ្វើការងាររដ្ឋ នៅគ្រាដែលឱសានវាទជិតមកដល់។ លោកផុសសុវណ្ណប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា តាមច្បាប់ក្រសួងព័ត៌មានវិសាលភាពគ្រប់គ្រងតែលើការងារការផ្សាយព័ត៌មាន និងសោធទស្សន៍តែប៉ុណ្ណោះ។ លោកថា ការងារទាំងឡាយណាដែលមិនទាក់ទងការផ្សាយព័ត៌មានទេ គឺជាសមត្ថកិច្ចរបស់ក្រសួងផ្សេង។សូមបញ្ជាក់ថាវីអូឌី(VOD)គឺជាឈ្មោះកម្មវិធីមួយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថាCCIM។ CCIM ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃថ្ងៃទី១៥មិថុនាឆ្នាំ២០០៧ ដោយធ្វើការរបស់ខ្លួនផ្តោតលើអភិបាលកិច្ច ប្រជាធិបតេយ្យ តាមរយៈធ្វើឲ្យពលរដ្ឋទទួលបានព័ត៌មានពិត និងមានអំណាចក្នុងការសម្រេចចិត្ត។បុគ្គលិកសរុបរបស់អង្គការមិនមែនរដ្ឋាភិបាលមួយនេះមានប្រមាណជិត៦០នាក់ ក្នុងនោះក្រុមការងារធ្វើការទាក់ទងនឹងការផ្សាយព័ត៌មានមានគ្នាតែប្រមាណ២០នាក់ប៉ុណ្ណោះ។គិតត្រឹមថ្ងៃទី២២កុម្ភៈ គឺមានអតីតបុគ្គលិករបស់វីអូឌីប្រមាណ២០នាក់ត្រូវបានគេអះអាងថា បានដាក់ពាក្យសុំចូលធ្វើការងាររដ្ឋ ខណៈឱសានវាទដែល ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ទុកឲ្យគឺផុតត្រឹមថ្ងៃទី២៨កុម្ភៈ។ ពួកគេគឺជាអ្នករងផលប៉ះពាល់ផ្ទាល់ដោយសារតែការបិទអាជ្ញាប័ណ្ណនេះ។ ចំណែកបុគ្គលិកផ្សេងទៀតដែលធ្វើការនៅក្នុងគម្រោងផ្សេងៗដែលគ្រប់គ្រងដោយCCIM អះអាងថានៅតែបន្តធ្វើការជាធម្មតា៕RFI
Post a Comment