នាយករដ្ឋមន្រ្តីកម្ពុជាអំពាវនាវឱ្យយកចិត្តទុកដាក់ជំរុញវិស័យទេសចរណ៍
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីម្សិលមិញបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជំរុញវិស័យទេសចរណ៍របស់ប្រទេស។ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» រួមជាមួយនឹងពិធីប្រគល់ពានរង្វាន់ទីក្រុងស្អាតលើកទី៣សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានថ្លែងថាវិស័យទេសចរណ៍នៅតែជាសសរស្តម្ភសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។សម្តេចបានបន្តថា “នៅពេលដែលមានភ្ញៀវទេសចរមកកាន់តែច្រើន ប្រទេសជាតិនិងប្រជាជនរបស់យើងនឹងទទួលបានប្រាក់ចំណូលកាន់តែច្រើន” សម្តេចបានបន្ថែមថាទេសចរណ៍ក៏អាចផ្តល់អត្ថប្រយោជន៍ចាប់ពីថ្នាក់មូលដ្ឋានឡើងផងដែរ។សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា“ប្រជាជនរបស់យើងអាចលក់ដូង ផ្លែឈើ និងសេវាកម្មផ្សេងៗដល់ភ្ញៀវទេសចរ ។ប៉ុន្តែយើងត្រូវធានានូវបដិសណ្ឋារកិច្ចល្អ សន្តិសុខ អនាម័យល្អ រមណីយដ្ឋានស្អាត បរិស្ថានល្អ ព្រៃឈើ និងសត្វព្រៃកាន់តែច្រើន…” ។«យើងត្រូវប្រាកដថាគេមកកម្សន្តប្រទេសយើងមកម្ដងទៀតដោយយកមិត្តភ័ក្ដិឬសមាជិកក្រុមគ្រួសារមកជាមួយ»។សម្តេចក៏បានបន្តអំពាវនាវដល់សាធារណជន យកចិត្តទុកដាក់ខ្ពស់ ចំពោះផលប៉ះពាល់នៃកាកសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ និងប្រភពទឹកផ្សេងទៀត។កម្ពុជាត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបរទេសប្រមាណ៤លាននាក់ និងអ្នកទេសចរក្នុងស្រុកប្រមាណ១៥លាននាក់ក្នុងឆ្នាំនេះ។ក្នុងឆ្នាំ២០២២ កម្ពុជាបានចុះបញ្ជីភ្ញៀវអន្តរជាតិប្រមាណ២,២៨លាននាក់ កើនឡើងយ៉ាងខ្លាំង១.០៥៩% បើធៀបនឹងឆ្នាំ២០២១៕AKP/Khmer Times
Post a Comment