សម្តេចហ៊ុន ​សែន​ស្នើ​ឱ្យ​ឈប់​វា​យ​ប្រហារ​អ្នក​ធ្លាប់​​គាំទ្រ​និន្នាការ​​ប្រឆាំង​ប្ដូរ​មក​​គាំទ្រ​រដ្ឋាភិ​បាល​

 ​​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ស្នើ​ឱ្យ​គ្រប់​បក្ស​នយោបាយ​និង​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​វប្បធម៌​វាយ​ប្រហារ​អតីត​អ្នក​ធ្លាប់​គាំទ្រ​និន្នាការ​ប្រឆាំង​ហើយ​បាន​ផ្លាស់​ប្ដូរ​មក​គាំទ្រ​រដ្ឋាភិបាល​ដើម្បី​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​។​​ក្នុង​ពិធី​អប​អរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​១​១​ ​កាល​ពី​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​សម្តេចហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​យុវជន​ដែល​ធ្លាប់​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ ​បាន​សម្រេច​ផ្លាស់​ប្ដូរ​មក​គាំទ្រ​រដ្ឋាភិបាល​ ​ហើយ​បាន​អនុវត្ត​គម្រោង​នានា​ ​ដើម្បី​ប្រយោជន៍​ដល់​បរិស្ថាន​និង​សង្គមជាតិ​។​សម្តេច​ថា​៖​ ​«​នៅ​ពេល​ចលនា​នេះ​ប្តូរ​ទិស​ពី​ការ​គាំទ្រ​ក្រុម​ប្រឆាំង​ ​បែរជា​មាន​ការ​វាយ​ប្រហារ​ពី​ក្រុម​​ប្រឆាំង​ ​ទៅ​លើ​យុវជន​កូន​ៗ​ទាំង​នេះ​ ​នេះ​ជា​ការ​ខ្វះ​ការគោរព​ភាព​ប្រជាធិបតេយ្យ​»​។​សម្តេច​ហ៊ុន​ ​សែន​ ​អះអាង​ថា​ ​ក្រុម​យុវជន​ដែល​បាន​ផ្លាស់ប្ដូរ​មក​គាំទ្រ​រដ្ឋាភិបាល​ ​ពួកគេ​បាន​យល់ថា​ ​ពេល​នេះ​អ្វី​ដែល​ជា​ជម្រើស​ល្អ​​​ជាងគេ​ ​គឺ​គាំទ្រ​រដ្ឋាភិបាល​ ​ដើម្បី​អនុវត្ត​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​ការពារ​ធនធានធម្មជាតិ​ ​បរិស្ថាន​ ​និង​សកម្មភាព​មួយ​ចំនួន​ ​ដែល​ពួក​គេ​យល់ថា​ ​ចូលរួម​បម្រើ​ជាតិ​ ​បន្ទាប់ពី​នៅ​ជាមួយ​ក្រុម​ប្រឆាំង​ ​ដែល​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាំងអស់​។​សម្តេចនាយករដ្ឋមន្ត្រី​បន្ថែម​ថា​ ​បើ​គិតដល់​ដំណើរការ​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិ​របស់​ពលរដ្ឋ​ចំពោះ​បញ្ហានយោបាយ​ ​សូម​កុំ​វាយប្រហារ​ក្រុម​យុវជន​ទាំងនេះ​។​ សម្តេច​បន្ត​ថា​៖​ ​«​វា​មិនមែន​ប្រជាធិបតេយ្យ​ទេ​ ​នៅពេលដែល​គេ​គាំទ្រ​អ្នកឯង​ ​អ្នក​ឯង​ចាត់ទុកថា​ ​គេ​ល្អ​ ​ដល់ពេល​ដែលគេ​មើល​ឃើញ​ថា​ ​ល្អ​បំផុត​ ​គឺ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​ដើម្បី​ធ្វើសកម្មភាព​ ​អ្នក​ឯង​ចាត់​ទុកថា​ ​គេ​ក្បត់​លក់​ឧត្តមគតិ​»​។​សម្តេចនិយាយ​ថា​ ​រដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ដល់​ក្រុម​យុវជន​ដែល​ធ្លាប់​គាំទ្រ​ក្រុម​ប្រឆាំង​​គឺ​អនុញ្ញាត​អាច​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​ ​ដើម្បី​ចូលរួម​ជួយ​វិ​ស័យ​បរិស្ថាន​ ​និង​សង្គម​។​ សម្តេច​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​មិនដែល​បាន​ចាត់​ទុក​ក្រុម​យុវជន​ទាំង​ជា​សត្រូវ​នោះ​ទេ​ ​ហើយ​បាន​អំពាវនាវ​ឱ្យ​បណ្តា​​បក្ស​នយោបាយ​ ​និង​អ្នកនយោបាយ​ ​កុំ​លាប​ពណ៌​ទៅ​លើ​ក្រុម​យុវជន​ទាំងនោះ​។​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​បន្តិចទៀត​នៅ​ពេល​មាន​សមាជិក​ក្រុម​ប្រឆាំង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​បន្ត​ទៀត​ ​នឹង​បន្ត​រក​ការរិះគន់​ថា​ ​លក់​ក្បាល​ឱ្យ​រដ្ឋាភិបាល​ជាមិនខាន​។សម្តេច​និយាយ​ថា​ ​ការរិះគន់​ ​និង​វាយ​ប្រហារ​ទៅ​លើ​ក្រុម​យុវជន​ទាំងនោះ​ ​នឹង​អាច​ឱ្យ​ពួក​គេ​ទ្រាំ​មិន​បាន​ ​ហើយ​ឆ្លើយតប​ត​ទៅវិញ​ផង​ដែរ​។​​កាល​ពីម្សិលមិញ​ ​អតីត​សហ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ ​លោក​ ​ម៉េង​ ​ហេង​ ​បាន​ចេញ​វីដេអូ​ឃ្លីប​ប្រកាស​បង្កើត​អង្គការ​មាតា​ធម្មជាតិ​ ​ដើម្បី​ចូលរួម​​លើក​ស្ទួយ​វិស័យ​បរិស្ថាន​ ​ការពារ​សន្តិភាព​និង​ការ​អភិវឌ្ឍ​។​លោក​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​ ​បាន​ចេញ​គោល​នយោបាយ​ក្រោម​ការ​​​ដឹកនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ផ្តល់​ឱកាស​ដល់​លោក​ចូលរួម​ក្នុង​ការ​ការពារ​បរិស្ថាន​។​ ​លោក​បាន​អំពាវនាវ​ដល់​សមាជិក​ចលនា​មាតា​ធម្មជាតិ​ទាំ​ងអស់​ចូលរួម​ជាមួយ​លោក​ ​ដើម្បី​លើកស្ទួយ​វិ​ស័យ​បរិស្ថាន​។​លោក​អះអាង​ថា​៖​ ​«​ខ្ញុំ​ចូលរួម​នេះ​ ​ដោយសារតែ​កន្លង​មក​ ​ខ្ញុំបាទ​ធ្វើសកម្មភាព​សង្គម​មិន​បាន​ពេញ​លេញ​ទៅ​តាម​សមត្ថភាព​ ​និង​មិនបាន​យល់​ដឹង​ស៊ី​ជម្រៅ​អំពី​គោល​នយោបាយ​ការពារ​បរិស្ថាន​របស់​រាជរដ្ឋាភិបាល​ ​ជាហេតុ​ធ្វើ​ឱ្យ​ខ្ញុំបាទ​ ​ធ្វើសកម្មភាព​សង្គម​ ​ដើរ​ផ្ទុយ​នឹង​ច្បាប់​ដែល​បាន​ចែង​»​។​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​សកម្មជន​ការពារ​បរិស្ថាន​ ​និង​ជា​អ្នក​ធ្លាប់​តស៊ូ​មតិ​ស្វែងរក​យុត្តិធម៌​ជូន​ ​លោក​ ​កែម​ ឡី ​អតីត​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​គឺ​លោក​ ​ជុំ​ ​ហួត​ ​និង​លោក​ ​ជុំ​ ​ហួរ​ ​ត្រូវ​បាន​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​មុខងារ​សាធារណៈ​ ​ត្រូវ​បានតែងតាំងជា​ជំនួយ​ការក្រ​សួង​ប្រៃសណីយ៍​​និង​ទូរគមនាគមន៍​ ​ដែល​មាន​ឋានៈ​ស្មើ​អនុប្រធាន​នាយកដ្ឋាន​។​លោក​ ​ជុំ​ ​ហួត​ ​និង​លោក​ ​ជុំ​ ​ហួរ​ ​ក៏​ធ្លាប់​ភៀសខ្លួន​ចាក​ចេញ​ពី​កម្ពុជា​ផង​ដែរ​ ​ដោយសារ​បារម្ភ​រឿង​តាម​ចាប់​ខ្លួន​ពី​អាជ្ញាធរ​ ​បន្ទាប់ពី​ធ្វើសកម្មភាព​តស៊ូ​មតិ​ពាក់ព័ន្ធ​ការពារ​បរិស្ថាន​ ​និង​ករណី​ឃាតកម្ម​លោក​ ​កែម​ ឡី​។​អ្នក​ទាំង២ក៏​ជា​អតីត​មន្ត្រី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ ​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ ​បាន​ប្រកាស​រំលាយ​កាលពី​ឆ្នាំ​២​០​២​២​ ​មុន​នឹង​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​រដ្ឋាភិបាល​ ​ដោយ​ភាគ​ច្រើន​ពួក​គេ​ទទួល​បាន​តួនាទី​ចាប់ពី​អនុប្រធាន​នាយកដ្ឋាន​ ​រហូត​ដល់​រដ្ឋលេខាធិការ​ ​នៅ​ក្រសួង​មួយ​ចំនួន​ផង​ដែរ៕​Khmer Times 


លោក​ ​ជុំ​ ​ហួត​ ​និង​លោក​ ​ជុំ​ ​ហួរ​ ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​កាលពី​ខែ​មករា​។​  ​រូបភាព​៖​ជុំ​ ​ហួត​ ​និង​ ​ជុំ​ ​ហួរ​/​Khmer Times

Powered by Blogger.