កម្ពុជាត្រៀមថវិកាជាង៩ទ្រីលានរៀលសម្រាប់ចំណាយលើមន្ត្រីរាជការក្នុងឆ្នាំ២០២៣
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងហិរញ្ញវត្ថុត្រៀមបញ្ចេញថវិកាសម្រាប់ចំណាយលើបុគ្គលិករដ្ឋជាង៩ទ្រីលានរៀលក្នុងឆ្នាំ២០២៣នេះ។តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងកញ្ចប់ថវិកានេះ មានការជ្រើសរើសគ្រូបង្រៀនឡើងវិញសរុប៣០០០នាក់ ក្រោយផ្អាកអស់រយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ។ ថវិកាជាង៩ទ្រីលានរៀលនឹងត្រូវចំណាយសម្រាប់ការជ្រើសរើសមន្ត្រីក្របខណ្ណថ្មី ជំនួសអ្នកចូលនិវត្តន៍ឆ្នាំ២០២២និងការជ្រើសរើសក្របខណ្ឌគ្រូបង្រៀនឡើងវិញចំនួន៣០០០កន្លែងក្រោយអាក់ខានចំនួន២ឆ្នាំកន្លងមកដោយសារវិបត្តិកូវីដ១៩។តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ការដំឡើងបៀវត្សមន្ត្រីរាជការឡើងវិញដែលបានអាក់ខាននៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ក៏រួមបញ្ចូលទៅក្នុងគម្រោងថវិកាចំណាលើបន្ទុកបុគ្គលិករដ្ឋនៅក្នុងឆ្នាំ ២០២៣ខាងលើនេះដែរ។ ក្នុងឆ្នាំ២០២៣នេះ បុគ្គលិករដ្ឋដែលរួមមានមន្ត្រីរាជការស៊ីវិលនឹងមានប្រាក់បៀវត្សអប្បរមាពីជាង១លាន១សែនរៀល-ជាង១លាន៣សែនរៀល), គ្រូបង្រៀននិងគ្រូពេទ្យ (ជាង១លាន២សែន-១លាន៤សែន), នគលបាល (ជាង១លាន២សែន-ជាង១លាន៣សែន) និងយោធិន (១លាន១សែន-ជាង១លាន២សែន)។ ក្រៅពីនេះ រដ្ឋាភិបាលក៏តំឡើងប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យាពី៦៧ម៉ឺនរៀលទៅដល់៧១ម៉ឺនរៀលផងដែរ។តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ថវិកា៥០ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់មូលនិធិថែទាំសុខភាពសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងនិវត្តជនបន្តគម្រោងថវិកា៦ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។ រីឯប្រាក់សោធននិវត្តន៍វិញ រដ្ឋក៏គ្រោងថវិកាចំនួន១៨១ប៊ីលានរៀលសម្រាប់ដំឡើងប្រាក់សោធនអប្បបរមាប្រចាំខែដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលនិងកម្លាំងប្រដាប់អាវុធដែរ ដែលអាចត្រូវដំឡើងពី ៦៩ម៉ឺនរៀលទៅដល់៧៧ម៉ឺនរៀល។ សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២១និងឆ្នាំ២០២២ បានធ្វើវិចារណកម្មចំណាយដើម្បីបង្វែរធនធានថវិកាទៅប្រើប្រាស់ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ពិសេសទៅក្នុងវិស័យសុខាភិបាល។ ក្រសួងសុខាភិបាលនេះ នៅតែជាទិសដៅអាទិភាពទី២ សម្រាប់ការចំណាយថវិការបស់រដ្ឋ ក្នុងចំណោមក្រសួងស្ថាប័នរដ្ឋទាំង៣៥ ខណៈក្រសួងអប់រំស្ថិតក្នុងអាទិភាពទី១ និងអាទិភាពទី៣គឺក្រសួងការពារជាតិ៕RFI
រូបិយប័ណ្ណកម្ពុជា។អ៊ីនធឺណិត
Post a Comment