ទំព័រហ្វេសប៊ុកសម្តេចស ខេងទទួលបណ្ដឹងបានជាង១៧០០ករណី
ចាប់ពីឆ្នាំ២០២០រហូតដល់ដំណាច់ឆ្នាំ២០២២គឺមានរយៈពេល២ឆ្នាំដែលសម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទទួលបណ្ដឹងចំនួន ១៧៦៨ករណី ដែលពលរដ្ឋបានប្ដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។ ក្នុងនោះមាន៨០២ករណីត្រូវបានឆ្លើយតបនិងដោះស្រាយជូនពួកគេ ខណៈនៅសល់៦៤៧ករណីទៀតកំពុងដោះស្រាយ។យោងតាមរបាយការណ៍ដែលចេញផ្សាយជាសាធារណៈដោយសម្តេច ស ខេង រដ្ឋមន្ត្រីមហាផ្ទៃពីម្សិលមិញ បានឱ្យដឹងថាបណ្ដឹងទាំងអស់ដែលពលរដ្ឋរាយការណ៍មកកាន់តាមទំព័រហ្វេសប៊ុករបស់សម្តេច គឺត្រូវបានបញ្ជូនទៅកាន់បណ្ដាអង្គភាពពាក់ព័ន្ធដោយក្រុមការងារហ្វេសប៊ុករបស់សម្តេចដើម្បីពិនិត្យនិងដោះស្រាយ។របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមបណ្ដឹងទាំង ១៧៦៨ករណីដែលបានទទួលពីពលរដ្ឋតាមទំព័រហ្វេសប៊ុកត្រូវបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន៣៦៤ករណី បានដោះស្រាយ២៧៥ករណី និងកំពុងដោះស្រាយ៨៩ករណី។ បណ្ដឹងចំនួន៨៣១ករណីត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានរដ្ឋបាលរាជធានីខេត្តដោះស្រាយបានចំនួន៤០១ករណី និងកំពុងដោះស្រាយចំនួន៤៣០ករណី។ បណ្ដឹងចំនួន១៨៥ករណីត្រូវបានបញ្ជូនទៅអគាធិការដ្ឋានដោះស្រាយបានចំនួន៦៣ករណីនិងកំពុងដោះស្រាយ១២២ករណី។ បណ្ដឹងចំនួន៦៤ករណីត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងបានដោះស្រាយរួចរាល់។របាយការណ៍បន្តថា បណ្ដឹងដទៃទៀតត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន១៦ករណី បានដោះស្រាយ១២ករណី និងកំពុងដោះស្រាយ៤ករណី។ បណ្ដឹង៤ករណីត្រូវបានបញ្ជូនទៅកាន់អគ្គនាយដ្ឋានពន្ធធនាគារដោះស្រាយរួចរាល់។ចំណែកបណ្ដឹងផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ បណ្ឌិត្យសភានគរបាល និងក្រុមការងារកាន់ទំព័រហ្វេសប៊ុកបានពិនិត្យ បានឆ្លើយតប បានដោះស្រាយ និងកំពុងតែដោះស្រាយ។សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយពីម្សិលមិញថា វឌ្ឍនភាពការងារនេះអាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង កិច្ចសហការគ្នារវាងថ្នាក់ដឹកនាំនិងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្តេច។សម្តេចបានចាត់ទុកថា ការទទួលបណ្ដឹងពលរដ្ឋតាមទំព័រហ្វេសប៊ុករបស់ខ្លួន ជាយន្តការមួយដើម្បីចូលរួមដោះស្រាយបញ្ហានានានៅក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងរួមគ្នាអភិវឌ្ឍសង្គមជាតិ។សម្តេចសង្កត់ធ្ងន់ថា៖ «រាល់បញ្ហាដែលក្ដាប់បានឬទទួលបានពីប្រជាពលរដ្ឋ និងទទួលបានពីថ្នាក់លើដែលនៅសល់គប្បីខិតខំពន្លឿនការដោះស្រាយ ហើយត្រូវប្រាកដថាការដោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហានិងចប់ចុងចប់ដើមប្រកបដោយយុត្តិធម៌ គឺមិនមែនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជានិងបញ្ជូនតាមបែបបទរដ្ឋបាលនោះឡើយ»។លោកនាយឧត្តមសេនីយ៍ ជា សុគន្ធា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររបស់ហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បណ្ដឹងភាគច្រើនដែលពលរដ្ឋបានរាយការណ៍មកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចរដ្ឋមន្ត្រី គឺជាបណ្ដឹងទាក់ទងនឹងទំនាស់ដីធ្លី ការមិនពេញចិត្តការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន បញ្ហាអត្រានុកូលដ្ឋាន រួមទាំងបញ្ហាអន្តោប្រវេសន៍ផងដែរ។លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ (អាដហុក) បានយល់ឃើញថា សកម្មភាពទទួលបណ្ដឹងតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាយន្តការមួយដ៏ល្អប្រសើរស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ដែលបណ្ដាញទំនាក់ទំនងសង្គមនានា ជាពិសេសហ្វេសប៊ុកអាចជួយផ្ដល់ព័ត៌មានបានលឿនរហ័សទៅដល់ថ្នាក់ដឹកនាំចាត់ចំណាត់ការដោះស្រាយ។លោកបន្តថា៖ «បណ្ដឹងឬរាយការណ៍បញ្ហាពីប្រជាពលរដ្ឋទៅកាន់ស្ថាប័នរដ្ឋ ជាពិសេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ក្នុងការដោះស្រាយ។ ម្យ៉ាងទៀតវាក៏ជារឿងមួយដ៏ល្អប្រសើរចំពោះការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលពីមុនពួកគាត់ត្រូវចំណាយច្រើនលើការធ្វើដំណើរមកដាក់បណ្ដឹង»៕Khmer Times
ទំព័រហ្វេសបុករបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង។ រូបភាព៖ ហ្វេសបុក/Khmer Times
Post a Comment