សម្តេចហ៊ុនសែនរិះគន់អង្គការក្រៅរដ្ឋាភិបាលថាមានស្ដង់ដារ២ជុំវិញការនិយាយមិនសមរម្យលើស្ដ្រី
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែនពីម្សិលមិញរិះគន់ការប្រើប្រាស់ស្ដង់ដារ២របស់អង្គការក្រៅរដ្ឋាភិបាលដែលទាមទារថ្កោលទោសលោក ផែង វណ្ណៈដែលនិយាយសម្ដីមិនសមរម្យមកលើស្ត្រីអ្នកសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) ខណៈភរិយានិងប្អូនថ្លៃស្រីពៅរបស់លោកដែលរងការប្រមាថ។ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលទាំងនោះមិនចេញមកការពារ។សម្តេចបញ្ជាក់ថាសម្តេចមិនបានកាន់ជើងលោក ផែង វណ្ណៈ នោះទេ ។ប៉ុន្តែក្នុងខណៈសម្តេចកំពុងតែកើតទុក្ខដោយសារប្អូនថ្លៃស្រីពៅរបស់សម្តេចទទួលមរណភាពភរិយានិងគ្រួសាររបស់សម្តេចបានទទួលរងការប្រមាថមាក់ងាយ ហេតុអ្វីគ្មានអង្គការទាំងនោះមិនចេញលិខិតចំហទាមទារថ្កោលទោសបុគ្គលនោះផង?នេះជាសំណួររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទសួរទៅកាន់អង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០ដែលបានដាក់ចេញលិខិតចំហទាមទារថ្កោលទោសលោក ផែង វណ្ណៈ ដែលនិយាយសម្ដីមិនសមរម្យមកលើស្ត្រីអ្នកសារព័ត៌មានសំឡេងប្រជាធិបតេយ្យ។តាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណុចនេះសបញ្ជាក់យ៉ាងច្បាស់ថា អង្គការក្រៅរដ្ឋាភិបាលទាំងនោះ គឺបានបង្កើតឡើងដើម្បីប្រឆាំងនឹងរដ្ឋាភិបាលតែប៉ុណ្ណោះ ខណៈពួកគេមិនមែនធ្វើសកម្មភាពណាមួយដើម្បីការពារកិត្តិយសស្ត្រីដូចគ្នានោះទេ។សម្តេចផ្ដាំអង្គការក្រៅរដ្ឋាភិបាលទាំងនោះថា៖ «ប្អូនថ្លៃស្រីពៅខ្ញុំស្លាប់ត្រូវបានប្រមាថប្រពន្ធខ្ញុំត្រូវបានប្រមាថ គ្រួសារខ្ញុំត្រូវបានប្រមាថអ្នកឯង (អង្គការក្រៅរដ្ឋាភិបាល) អត់ចេញមកការពារ។ ដូច្នេះនៅថ្ងៃក្រោយកុំនិយាយអំពីស្ដង់ដាទ្វេជាមួយខ្ញុំឲ្យសោះនៅក្នុងអំណាចនៃការគ្រប់គ្រងរបស់ ហ៊ុន សែន។ ខ្ញុំរង់ចាំមើលក្រសួងកិច្ចការនារី ខ្ញុំរង់ចាំមើលអង្គការក្រៅរដ្ឋាភិបាលទាំងឡើយ តើពួកគេចេញមកការពារគ្រួសារខ្ញុំទេ»។សម្តេចបន្តថា៖ «រឿងដែលអង្គការក្រៅរដ្ឋាភិបាលកំពុងតែធ្វើនេះ គឺមិនសមរម្យទាល់តែសោះ។ បញ្ហាដែលខ្ញុំលើកឡើងនៅទីនេះ ខ្ញុំមិនកាន់ជើង ផែង វណ្ណៈ នោះទេ។ក៏ប៉ុន្តែរឿងស្រីដូចគ្នា។ ក្នុងពេល ផែង វណ្ណៈនិយាយតែមួយករណី ចំណែកគ្រួសារខ្ញុំត្រូវបានគេប្រមាថរាប់ពាន់ រាប់ម៉ឺន រាប់សែនដងក្នុងកម្រិតធ្ងន់ធ្ងរ ហេតុអ្វីអ្នកឯងមកចេញមកថ្កោលទោស?»។សម្តេចបន្ថែមថា៖ «ហេតុអ្វីបានជាអ្នកឯងការពារតែស្ត្រីនៅខាងប្រឆាំង ចំណែកស្ត្រីនៅខាងរដ្ឋាភិបាលអ្នកឯងមិនការពារ»។សម្តេចហ៊ុន សែន ប្រកាសថា ចាប់ពីពេលនេះ សម្តេចគ្មានឡើយការលើកលែងណាមួយចំពោះក្រុមបុគ្គលដែលតែងតែលាបពណ៌ និងបំភ្លៃការពិតក្នុងបំណងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលក៏ដូចជាមកលើក្រុមគ្រួសាររបស់សម្តេចឡើយ។ជីម ចាន់នាង អគ្គលេខាការអិនជីអូ សី-ដ បាននិយាយថាពេលនេះអង្គការក្រៅរដ្ឋាភិបាលទាំង៤០កំពុងជួបប្រជុំពិភាក្សាគ្នាស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបទៅកាន់រដ្ឋាភិបាលដោយប្រុងប្រយ័ត្នចំពោះរឿងនេះ ដើម្បីបញ្ចៀសការប៉ះទង្គិចដល់អង្គការក្រៅរដ្ឋាភិបាលទាំងអស់ដែលពាក់ព័ន្ធនឹងបញ្ហានេះ។ចាន់នាងបញ្ជាក់ថា៖ «ប្រសិនបើខ្ញុំឆ្លើយតបឥឡូវ វាធ្វើឲ្យខ្ញុំគ្រោះថ្នាក់តែម្នាក់ឯងទេ ដូច្នេះខ្ញុំមិនទាន់អាចនិយាយបានទេ ដើម្បីកុំឲ្យប៉ះពាល់ដល់ក្រុមដែលមាន៤០អង្គការក្រៅរដ្ឋាភិបាលដែលបានចូលរួមពាក់ព័ន្ធនឹងរឿងនេះ»។សូមរំលឹកថា អង្គការក្រៅរដ្ឋាភិបាលចំនួន៤០ កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានរួមគ្នាផ្ញើលិខិតចំហដើម្បីស្នើក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានចំណាត់ការលើលោក ផែង វណ្ណៈ ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ការប្រមាថ ការមាក់ងាយ និងបៀបបៀងទៅលើស្ត្រីអ្នកសារព័ត៌មាន។ការស្នើនេះធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ សរសេរលើហ្វេសប៊ុកថា៖ «ជាក្មេងស្រីមានរូបសម្បត្តិស្អាតបាតដែរ តែចរិតព្រៃផ្សៃហ៊ាននិយាយមួរបង្កាច់ឯកឧត្តម ហ៊ុន ម៉ាណែត ទាំងទទឹងទិស និយាយគ្មានភស្ដុតាង គ្មានមូលដ្ឋានអ្វីទាំងអស់។ ចរិតថោកដូចនាង អាណាយកធ្វើប្រពន្ធងាប់ហើយ។ ឈប់បានឈប់ទៅកុំព្រោះតែប្រាក់ខែបរទេស ហ៊ានក្បត់ជាតិខ្លួនឯង និយាយប្រឌិតមួលបង្កាច់មនុស្សត្រឹមត្រូវតាមអំពើចិត្តនោះ។ បើខ្ញុំផ្សាយថា ខ្ញុំទើបយកខ្លួននាងបានបីបួនដងនិងធ្លាប់ជូននាងទៅយកកូនចេញម្ដងដែរ នាងយល់អារម្មណ៍ដែលគេចោទទាំងទទឹងទិសបែបណាដែរ?»៕Khmer Times
Post a Comment