សម្តេច​ហ៊ុន សែន​មិនលើ​កទោ​សឲ្យលោកសុន ឆ័យ​ទេចង់បញ្ចប់​វប្បធម៌​លាបពណ៌និង​ការប្រមាថ

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងតាមបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចនៅថ្ងៃអង្គារនេះថាសម្តេចមិនអាចទទួលយកការសុំទោសពីលោកសុន ឆ័យបានទេ។ការបញ្ជាក់របស់សម្តេចហ៊ុន សែន ដូច្នេះបានធ្វើឡើងក្រោយពីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានសរសេរលិខិតសុំទោសលោក កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣ពាក់ព័ន្ធនឹងការលើកឡើងថាគណបក្សប្រជាជនកម្ពុជានិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាចោរលួចសន្លឹកឆ្នោត។តាមរយៈបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានសរសេរថាលោកមិនទទួលយកការសុំទោសនោះឡើយដោយសម្តេចបញ្ជាក់ថាសម្តេចចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។សម្តេចហ៊ុនសែនបន្តថាសម្តេចទទួលយកមិនបាននូវការចោទប្រកាន់ថាគណបក្សប្រជាជនជាអ្នកលួចសន្លឹកឆ្នោត។ ការលើកឡើងបែបនេះ គឺជាការឆ្លងឆ្លើយទៅកាន់លោកសយសុភាពដែលទំនងជាអ្នកនាំសារសម្របសម្រួលនយោបាយមកពីកាសែតដើមអម្ពិល។ទន្ទឹមគ្នានឹងការសរសេរសារខ្លីនៅលើតេឡេក្រាមដូច្នេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ចេញលិខិតមួយច្បាប់របស់លោក សុន ឆ័យ ដែលផ្ញើទៅសុំទោសលោកកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ។ យោងតាមលិខិតនេះលោកសុនឆ័យបានធ្វើការបដិសេធនូវពាក្យសម្តីដែលលោកបានធ្វើសម្ភាសន៍ជាមួយកាសែតឌឺ ខេមបូឌាដេលី កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ដែលចោទគណបក្សប្រជាជនថាជាចោរលួចសន្លឹកឆ្នោត ហើយថាលោកមិនដែលមានចេតនាទេរួមទាំងនៅពេលអនាគតផងដែរ។ លិខិតលោកសុនឆ័យបន្តថាបើគណបក្សប្រជាជនកម្ពុជាឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ទុកសម្តីក្នុងបទសម្ភាសថាជាចោរលួចសន្លឹកឆ្នោតនោះ លោកសុំអភ័យទោស។ក៏ប៉ុន្តែដោយសំដៅផងដែរទៅលើលោក សម រង្ស៊ី និងអ្នកគាំទ្រ សម្តេចហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររបស់សម្តេចបន្តថា សម្តេចធ្លាប់បានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើតឡើង ទើបចង់បញ្ចប់វប្បធម៌រឿងដដែលៗហើយសុំទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្សអាក្រក់រាងចាល។សូមរំលឹកថាសាលាដំបូងរាជធានីភ្នំពេញកាលពីខែតុលា ឆ្នាំ២០២២ បានសម្រេចផ្តន្ទាទោសលោក សុន ឆ័យ ចំពោះបណ្តឹងបរិហាកេរ្តិ៍ទាំង២ដោយពិន័យជាប្រាក់ចំនួន៩លានរៀលឲ្យ គ.ជ.ប និង៨លានរៀលឲ្យគណបក្សប្រជាជន រួមនឹងសងជំងឺចិត្តដើមបណ្តឹងចំនួន ៣ ០០០លានរៀល។ ក៏ប៉ុន្តែសាលាឧទ្ធរណ៍បានបន្ថែមប្រាក់ពិន័យ និងប្រាក់ជំងឺចិត្តលើសនេះបន្តិចទៀតដោយមានការគាំទ្រការសម្រេចនេះពីតុលាការកំពូលផងនោះ ធ្វើឲ្យលោក សុន ឆ័យ ប្រឈមនឹងការបង់ពិន័យទៅ គ.ជ.ប និងការសងជំងឺចិត្តទៅគណបក្សប្រជាជនសរុបជាង១លានដុល្លារ។សូមបញ្ជាក់ថាអនុប្រធានគណបក្សភ្លើងទៀនចំនួន២រូប គឺលោក ថាច់ សេដ្ឋា និងលោកសុនឆ័យបានរងនូវក្តីក្តាំពីតុលាការបន្តបន្ទាប់គ្នាខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាន់តែខិតជិតមកដល់។ ទោះយ៉ាងណាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងនៅក្នុងការថ្លែងកាលពីថ្មីៗនេះ នៅតែព្យាយាម និងរំពឹងពីការសម្របសម្រួលខាងនយោបាយ ខណៈដែលគណបក្សកាន់អំណាចនៅតែព្យាយាមបិទទ្វារយ៉ាងជិតឈឹង៕RFI


អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក សុន ឆ័យនៅ​មុខសាលាដំបូង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃ​ទី១២ កក្កដា ២០២២។រូបភាពសហការី

Powered by Blogger.