ដំណើ​រឆ្ពោះទៅរៀបចំ​«សង្ក្រាន្តបន្ទាយឆ្មារឆ្នាំ២០​២៣»​ឈានដល់កិច្ចក្រុងពា​លីហើយ

ដំណើរឆ្ពោះទៅកាន់ការរៀបចំកម្មវិធី«សង្ក្រាន្តបន្ទាយឆ្មារឆ្នាំ២០២៣» ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៣នៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យនោះនៅថ្ងៃនេះបានឈានដល់កិច្ចក្រុងពាលីតាមប្រពៃណីសាសនា និងទំនៀមទម្លាប់ខ្មែរហើយ។ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមស សុខា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មការប្រតិបត្តិកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ បានប្រារព្ធពិធីក្រុងពាលីក្រោមអធិតបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវឧកញ៉ាបណ្ឌិតអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។នៅមួយថ្ងៃមុនប្រារព្ធពិធីក្រុងពាលីចូលឆ្នាំបន្ទាយឆ្មារនេះ ពោលគឺនាថ្ងៃទី១៦ ខែកុមុ្ភៈម្សិលមិញនេះ ឯកឧត្តម ស​ សុខា រដ្ឋលេខាធិការក្រសួអប់រំយុវជននិងកីឡានិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ និងឯកឧត្តម​ កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រតិបត្តិកម្មពិធីចូលឆ្នាំបន្ទាយឆ្មារ និងលោកជំទាវ បានដឹកនាំក្រុមការងារដែលជាថ្នាក់ដឹកនាំនិងសមាជិកអនុគណៈកម្មការនីមួយៗ ចុះពិនិត្យទីតាំងប្រារព្ធពិធីនៅជុំវិញប្រសាទបន្ទាយឆ្មារ។នៅថ្ងៃដដែលនោះ ឯកឧត្តម ស សុខា និងឯកឧត្តម កែ សួនសុភាព ក៏បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗនៃគណៈកម្មការប្រតិបត្តិផងដែរ។ អនុគណៈកម្មការនៃគណៈកម្មការប្រតិបត្តិការកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ រួមមានលេខាធិការដ្ឋាន, អនុគណៈកម្មការផ្គត់ផ្គង់ ដឹកជញ្ជូន និងទំនាក់ទំនងសាធារណៈ, អនុគណៈកម្មការរចនា សិល្បៈ តន្រ្តី សាសនា និងគុនខ្មែរ, អនុគណៈកម្មករសម្របសម្រួលយុវជន និងបរិស្ថាន, អនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន, អនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការចលនូបត្ថម្ភ, អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច និងអនុគណៈកម្មការហិរញ្ញវត្ថុ។សូមបញ្ជាក់ពិធីចូលឆ្នាំបន្ទាយឆ្មារនឹងប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកែគឹមយ៉ានឧបនាយករដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ ​បញ្ចស័ក ព.ស២៥៦៦ នឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ សម្រាប់កម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ដែលប្រារព្ធឡើងមួយថ្ងៃមុនថ្ងៃចូលថ្មីប្រពៃណីជាតិ មានកម្មវិធី និងព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើននឹងត្រូវប្រារព្ធ និងរៀបចំឡើង រហូតដល់ថ្ងៃទី១៦ ខែមេសាដែលជាថ្ងៃចុងក្រោយ៕















Powered by Blogger.