តេជោសែ​នបញ្ជក់អ្នកប្រឆាំង​សម្តេចនៅបរទេ​សត្រឡប់​ចូលស្រុក

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនជាថ្មីម្តងទៀតនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុស្សិសនិទ្ទេសAថ្នាក់បាក់ឌុបឆ្នាំសិក្សា២០២២នាព្រឹកថ្ងៃពុធនេះនៅវិមានសន្តិភាពបានប្រកាសឲ្យសកម្មជនគណបក្សប្រឆាំងកំពុងរស់នៅឯបរទេស ដែលបានជេររិះគន់សម្តេចកន្លងមក អាចត្រឡប់ចូលមកប្រទេសកម្ពុជាបាន ដោយមិនមានទោសពៃរ៍។ ក៏ប៉ុន្តែសម្រាប់អ្នកដែលមានដីកាតុលាការតាមចាប់ខ្លួន ក៏អាចត្រឡប់ចូលមកស្រុកខ្មែរបានដែរ ប្រសិនបើពួកគេចង់ឲ្យមានការចាប់ខ្លួន។ ជាលើកទី២ហើយ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯនាយសមុទ្រអាចត្រឡប់ចូលមកប្រទេសខ្មែរវិញបានប្រសិនបើពួកគេមិនមានដីកាតុលាការតាមចាប់ខ្លួនទេ។ចំពោះអ្នកមានដីកាតុលាការ ក៏អាចចូលមកបានដែរប្រសិនបើពួកគេចង់ឲ្យមានការចាប់ខ្លួន។ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនដូច្នេះគឺបន្ទាប់ពីមានពលរដ្ឋខ្មែរមួយចំនួននៅឯបរទេសដែលធ្លាប់រិះគន់សម្តេចក្នុងនាមអ្នកគាំទ្រគណបក្សប្រឆាំង មានការព្រួយបារម្ភនិងរារែកនៅពេលដែលពួកគេចង់វិលត្រឡប់មកប្រទេសកម្ពុជា។ដោយលើកឡើងពីលោកស្រីហែមចន្ថាអ្នកគាំទ្របក្សប្រឆាំងនៅសហរដ្ឋអាមេរិក ដែលបាននិយាយទូរស័ព្ទជាមួយសម្តេចកាលពីពេលថ្មីៗនេះ សម្តេច ហ៊ុន សែនបញ្ជាក់ថាការលើសលស់ពាក្យសម្តីបន្តិចបន្តួចមិនមែនជាប្រធានបទសម្រាប់ប្រកាន់គ្នាមួយជីវិតនោះទេ។ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រីបានលើកករណីវាយប្រយុទ្ធគ្នាជាមួយខ្មែរក្រហមយ៉ាងស្រួចស្រាល់ទីបំផុតពេលនេះអង្គុយធ្វើការជាមួយគ្នា។សម្តេចថាទាំងនេះគឺជាដំណោះស្រាយនិងការបង្រួបបង្រួមខ្មែរលើកលែងអ្នកដែលយកលោកជាសត្រូវ។អ្នកតាមដាននយោបាយកម្ពុជាមួយចំនួន បានមើលឃើញថាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ គឺជាយុទ្ធសាស្ត្របំបែកនិងទាញសម្លេងគាំទ្រពីក្រុមប្រឆាំងនៅក្រៅប្រទេសខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ក៏ប៉ុន្តែក៏ជាយុទ្ធសាស្ត្របង្រួបបង្រួមខ្មែរមួយដែរដើម្បីកុំឲ្យប្រទេសទន់ខ្សោយ។ នេះបើតាមអ្នកតាមដាននយោបាយ។សូមរំលឹកថាកាលពីខែមុនសម្តេចហ៊ុន សែន ក៏បានអំពាវនាវឲ្យអ្នកស្មោះស្ម័គ្រជាមួយក្រុមប្រឆាំង និងលោក សម រង្ស៊ី ដូចជាលោក ហូរ វណ្ណ ជាដើមអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ វិលត្រឡប់មកកម្ពុជាបាន ដោយលោកសន្យាជួយលើកលែងទោសឲ្យ។ ក៏ប៉ុន្តែលើកលែងតែលោក សម រង្ស៊ី ម្នាក់គត់ ដែលលោក សម រង្ស៊ី ក្នុងនាមជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិត្រូវសម្តេច ហ៊ុន សែន ចាត់ចូលទៅក្នុងយុទ្ធសាស្ត្រ(IF) របស់សម្តេចគឺដាក់ឲ្យនៅឯកោ និងដល់ទីបញ្ចប់។ជាការកត់សម្គាល់ ក្រៅពីភរិយាលោក សម រង្ស៊ី មានអ្នកនយោបាយដែលស្និទ្ធនឹងលោក សម រង្ស៊ី ចំនួន៧នាក់ផ្សេងទៀត កំពុងបន្តរស់នៅនិងធ្វើសកម្មភាពនយោបាយតាមលោក សម រង្ស៊ី ពីក្រៅប្រទេស។ អ្នកនយោបាយជាន់ខ្ពស់ទាំងនោះរួមមាន លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ និងលោក នុត រំដួល។ អ្នកនយោបាយទាំងអស់នេះ សុទ្ធតែបានរងនូវបណ្តឹងនិងការផ្តន្ទាទោសពីតុលាការក្រុងភ្នំពេញជាច្រើនឆ្នាំពីបទចោទ«ឧបឃាត»។លោក ម៉ែន សុថាវរិន្ទ្រ កាលពីពេលថ្មីៗនេះ បានថ្លែងប្រាប់វិទ្យុបារាំង RFI ថាមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងលោក សម រង្ស៊ី នឹងអាចវិលចូលប្រទេសកម្ពុជាវិញ ដរាបណាមានលោក សម រង្ស៊ី មកជាមួយ៕RFI





Powered by Blogger.