នាយក​រដ្ឋមន្រ្តីហ៊ុន​សែន​ថាទំនាក់ទំនងកម្ពុជា-​អាមេ​រិកពេល​នេះ​ល្អជាងពេលណា​ៗទាំ​ង​អស់

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅពេលនេះគឺល្អជាងពេលណាៗទាំងអស់។ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីដូច្នេះគឺធ្វើឡើងខណៈពេលដែលសម្តេចមានជំនួបមួយជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន កាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងប្រទេសកម្ពុជា។ក៏ប៉ុន្តែអ្នកតាមដានសង្គម និងនយោបាយមួយចំនួនយល់ឃើញផ្ទុយពីនេះ។ នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីឆាឡាក់(Michael Michalak) អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រងប្រចាំតំបន់រួមនិងសមាជិកមួយចំនួនទៀតដូចជាក្រុមហ៊ុន Conoco Phillips ក្រុមហ៊ុន Ford ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa ក្រុមហ៊ុន Vriens & Partners សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ថាគ្មានពេលណាដែលទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកល្អជាងពេលនេះទេ។ការឆ្លើយតបរបស់សម្តេចហ៊ុន សែនទៅកាន់ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដូច្នេះ បន្ទាប់ពីលោកម៉ៃឃើលមីឆាឡាក់បញ្ជាក់ពីគោលបំណងនៃទស្សនកិច្ចរបស់លោកនិងគណៈប្រតិភូគឺដើម្បីសម្ដែងនូវការគាំទ្រដល់ផែនការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយស្វែងរកមធ្យោបាយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក និងវិស័យឧស្សាហកម្ម ដែលរងគ្រោះខ្លាំង។បន្ថែមពីនេះក៏ជាការលើកកម្ពស់វិស័យឯកជនរបស់សហរដ្ឋអាមេរិកសម្រាប់ជាប្រភពសំខាន់នៃការយល់ដឹងការអនុវត្តល្អបំផុត និងបច្ចេកវិទ្យាដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរៀបចំ និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ចក្នុងគោលបំណងពង្រឹងឧស្សាហកម្មដែលមានស្រាប់ដោយបណ្ដុះបណ្ដាលតម្លៃបន្ថែមសេវាកម្មនិងឧស្សាហកម្មឲ្យកាន់តែខ្ពស់និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរួមទាំងការអភិវឌ្ឍធនធានមនុស្ស ការបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីភាពជាអ្នកដឹកនាំយុវជន។ នេះបើតាមការលើកឡើងរបស់លោក ម៉ៃឃើលមីឆាឡាក់។ជាការពិតទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់មែននាដំណាក់កាលចុងក្រោយនេះ។ក៏ប៉ុន្តែអ្នកតាមដានសង្គមនិងនយោបាយកម្ពុជាមួយចំនួនមើលឃើញថានៅមានបញ្ហាជាច្រើនទៀត ដែលកម្ពុជា និងអាមេរិក នៅមានការខ្វែងគំនិតគ្នាដូចជាកម្ពុជានៅមានភាពមិនច្បាស់លាស់ក្នុងការទទួលបានភាពអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក(GSP)ការហាមប្រាមកម្ពុជានាំចូលសម្ភារៈយោធាពីអាមេរិក រួមនឹងបញ្ហានយោបាយទ្វេភាគី និងភូមិសាស្ត្រនយោបាយមួយចំនួនទៀតដែលកម្ពុជាត្រូវគេមើលឃើញថាលម្អៀងទៅរកចិនខណៈដែលកម្ពុជា-ចិន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការនឹងគ្នាគ្រប់ជ្រុងជ្រោយកំរិតខ្ពស់ និងជាមិត្តដែកថែបផងដែរ៕RFI



Powered by Blogger.