ក្រសួងព័ត៌មាននឹងបើកវគ្គតម្រង់ទិសវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន
រដ្ឋលេខាធិការក្រសួងព័ត៌មានលោកប៉ែនបូណានៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៣នេះបានបញ្ជាក់ថាក្រសួងព័ត៌មាននឹងបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានដែលមិនទាន់មានវិជ្ជាជិវៈត្រឹមត្រូវ។ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានប្រគល់ភារៈកិច្ចចំនួន៣ដល់រដ្ឋលេខាធិការក្រសួងព័ត៌មានដែលទើបត្រូវបានតែងតាំរូបនេះ។លោកប៉ែនបូណារដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI ថាក្នុងខែកុម្ភៈនេះ ក្រសួងព័ត៌មាននឹងរៀបចំវគ្គបណ្ដុះបណ្ដាលមួយបន្ទាន់ សម្រាប់អ្នកសារព័ត៌មានដែលមិនគោរពវិជ្ជាជីវៈឬមិនមានចំណេះដឹងខាងវិជ្ជាជិវៈសារព័ត៌មាន។លោក ប៉ែន បូណាបានបញ្ជាក់ថាលោកនឹងធ្វើកិច្ចការអប់រំបណ្ដុះបណ្ដាល បង្រៀនអ្នកសារព័ត៌មានទាំងនោះឱ្យបានយល់ដឹងច្បាស់អំពីវិជ្ជាជិវៈសារព័ត៌មាន និងបញ្ឈប់នូវបាតុភាពអសកម្មទាំងឡាយដែលកើតឡើងដោយសារអ្នកសារព័ត៌មានដែលមិនមានវិជ្ជាជីវៈ។ រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះបានបន្ដថា លោកនឹងធ្វើយ៉ាងណាឱ្យមានរបៀបរៀបរយដើម្បីលើកតម្លៃគុណភាពវិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់តម្លៃអ្នកសារព័ត៌មាន។ចំពោះវគ្គបណ្ដុះបណ្ដាលតម្រង់ទិសវិជ្ជាជីវៈសារព័ត៌មាននេះ លោក ប៉ែន បូណា បញ្ជាក់ថា ក្រសួងព័ត័មានបាននឹងកំពុងរៀបចំឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក្នុងខែកុម្ភៈនេះឬនៅដើមខែក្រោយ។កន្លងមកអ្នកសារព័ត៌មានមួយចំនួនដែលទំនងមិនបានឆ្លងកាត់វគ្គសិក្សាអំពីសារព័ត៌មានបានធ្វើការងារសារព័ត៌មានប៉ះសិទ្ធិអ្នកដទៃតាមរយៈការផ្សាយព័ត៌មានរបស់ខ្លួនដោយបានគិតថានេះជាសិទ្ធិរបស់អ្នកកាសែតក្នុងការផ្សាយខណៈដែលពួកគេមិនបានយល់ដឹងអំពីក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។នេះបើតាមលោក ប៉ែន បូណា។ លោកក៏បានឱ្យដឹងផងដែរថាអ្នកសារព័ត៌មានមួយចំនួនទៀតបានបំពានវិជ្ជាជីវៈសារព័ត៌មានក្នុងការធ្វើអ្វីប្លែកៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសារធារណៈជន ឱ្យចូលមើលព័ត៌មានរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកជាដើម។ សូមរំលឹកថារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ តាមរយៈលិខិតមួយ បានប្រគល់ភារកិច្ចចំនួនបីដល់លោកប៉ែនបូណារដ្ឋលេខាធិការក្រសួងព័ត៌មានដែលត្រូវបានតែងតាំងកាលពីខែធ្នូឆ្នាំ២០២២ ដែលភារកិច្ចទាំងនោះរួមមាន ការងារសម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមន៍សារព័ត៌មាន។គួរជម្រាបជូនថា កាលពីចុងខែមករា ក្រសួងព័ត៌មានបានហៅអ្នកសារព័ត៌មានអនឡាញមួយចំនួនទៅអប់រំ បន្ទាប់ពីមានបញ្ជាពីប្រមុខរដ្ឋាភិបាល ដែលចំណាត់ការនេះធ្វើឡើងក្រោយពីអ្នកសារព័ត៌មានអនឡាញម្នាក់បានធ្វើផ្ទុះឡើងការចាប់អារម្មណ៍ករណីស្តីបន្ទោសទៅលើអ្នកជួយសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញកាលពីពេលថ្មីៗនេះ៕RFI
Post a Comment