ឯកឧត្តម​​ស សុខាអញ្ជើញចែក​​អំណោយ​​ជូនប្រជា​​ពលរដ្ឋ៣០​០គ្រួ​សា​រក្នុងខេ​ត្តព្រៃវែង

 ព្រៃវែង៖ឯកឧត្តម ស សុខាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែងនិងខេត្តបាត់ដំបងនិងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារនៅក្នុងសង្កាត់បារាយណ៍ក្រុងព្រៃវែងដើម្បីជួយសម្រួលដល់បញ្ហាជីវភាពប្រចាំថ្ងៃពិសេសក្នុងបរិបទកូវីដ-១៩ ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់ថា ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិនមានបញ្ហាប្រឈមទៅនឹងការខ្វះខាតស្បៀងអាហារហូបចុកនោះឡើយឲ្យតែពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានដឹង។ឯកឧត្តមបានបន្តថាជាក់ស្តែងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ថាមិនឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់បាយដោយយើងមិនបានដឹងនោះឡើយ។ ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំដទៃទៀត តែងតែលើកទឹកចិត្ត និងជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ គ្រប់លំដាប់ថ្នាក់ចុះទៅតាមមូលដ្ឋាននានា ដើម្បីស្វែងយល់ ក៏ដូចជាក្តាប់ឲ្យបាននូវតម្រូវការចាំបាច់ បញ្ហាប្រឈមព្រមទាំងសំណូមពររបស់ពលរដ្ឋ ក្នុងន័យឆ្លើយតបឲ្យបានទាន់ពេលវេលា។ឯកឧត្តម ស សុខា បានបន្តទៀតថា ដើម្បីជួយសម្រួល ក៏ដូចជាឆ្លើយតបបន្ទាន់នូវរាល់តម្រូវការនានារបស់ពលរដ្ឋកន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានជំរុញឲ្យតួអង្គសំខាន់ទាំង៤ នៅមូលដ្ឋាន បន្តយកចិត្តទុកដាក់បំពេញភារកិច្ច ដើម្បីបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និងពង្រឹងការផ្ដល់សេវារដ្ឋបាលសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពបំផុត ទាំងនៅទីប្រជុំជន និងតំបន់ជនបទ។ តួអង្គទាំង៤ នៅមូលដ្ឋានរួមមាន ៖ មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ និងមេភូមិ ។ ឯកឧត្តម បន្តថា កន្លងមកសម្តេចក្រឡាហោម ស ខេង តែងតែរំលឹកថា តួអង្គទាំង៤ នេះ គឺនៅកៀកជិតនឹងប្រជាពលរដ្ឋ ហើយត្រូវបម្រើពួកគាត់ឱ្យអស់លទ្ធភាព ដោយមិនបង្កភាពអសកម្មផ្សេងៗ ដែលនាំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋឡើយ ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋាន ឲ្យបន្តអនុវត្តការងារមួយចំនួនដូចខាងក្រោម ៖១.បន្តយកចិត្តទុកដាក់រួមគ្នាឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដូចជា ៖ ការផ្តល់សេវាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការបញ្ជាក់លិខិតស្នាមចាំបាច់ផ្សេងៗ ។ ក្នុងន័យនេះ ឯកឧត្តម ស្នើឲ្យពង្រឹងការងាររបស់ខ្លួន និងពិនិត្យពិច័យផ្ទៀងផ្ទាត់អោយបានច្បាស់លាស់ មុននឹងចេញជាផ្លូវការឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ ចៀសវាងចេញទៅខុសឈ្មោះ ឬថ្ងៃខែឆ្នាំកំណើត ។ល។ ដែលនាំឲ្យខាតពេលវេលារបស់ប្រជាពលរដ្ឋ និងនាំឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់អង្គភាព ឬមន្ត្រីរាជការសាធារណៈ។ ឯកឧត្តមថា សូមកុំធ្វើឲ្យខូចឈ្មោះអង្គភាព ឬស្ថាប័ន និងក្រុមការងារ ដោយសារតែភាពខ្ជីខ្ជា ឬការធ្វេសប្រហែសរបស់ខ្លួន។២. បន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានភាពកក់ក្តៅ និងមានជំនឿចិត្តលើអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ។ ៣. ចំពោះលោកយាយ លោកតា ពុកម៉ែ អ៊ំ ពូ មីងទាំងអស់ សូមធ្វើយ៉ាងណាបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំ ជាពិសេសរក្សាអនាម័យ ដោយអនុវត្តតាមទិសស្លោក (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។៤. ត្រូវបន្តយកចិត្តទុកដាក់អប់រំណែនាំកូនចៅ របស់ខ្លួន ឱ្យខិតខំរៀនសូត្រ និងចៀសឆ្ងាយពីអំពើអបាយមុខទាំងឡាយ ជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ ត្រូវសហការ និងហ៊ានរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ក្នុងករណីដឹង ឬឃើញមានការប្រើប្រាស់ឬចែកចាយគ្រឿងញៀននៅក្នុងសហគមន៍របស់ខ្លួន៕អត្ថបទ៖សេង បូលីន

រូបភាព ៖ សាន់ ផានិត










Powered by Blogger.