លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថាព្រះហស្តទាំងពីរនេះជារបស់ព្រះបាទជ័យវម៌្មទី៧

បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹម​ត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់​ក្នុងឆ្នាំ១៩៩៩។

កំណត់សម្គាល់៖ បំណែកព្រះហស្តស្ថាំនៃរូបព្រះបាទជ័យវម៌្មទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នក​ស្រាវជ្រាវខ្មែរលោកបណ្ឌិតមីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជា​បំណែក​ព្រះហស្ដរបស់ ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់​ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។

សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរពិតជា​របស់ព្រះបាទជ័យវម៌្មទី៧ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួត​ស៊ីគ្នាល្អ​ស្ទើរ១០០%។

បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំ​សារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះមករក្សាទុក​នៅសារមន្ទីរក្នុង​ឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់។

លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាងនិងអភិរក្សថ្ម បានសាកល្បងយកព្រះហស្ដទាំង​ពីរនេះមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បី​រកបច្ចេកទេសក្នុងការតភ្ជាប់ព្រហស្ដទាំងពីរនាពេលអនាគត។


គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឮកគុណូបការ​ពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្ត​សម្រាប់ការពារកម្ពុជទេសនៃយើង៕
ការពន្យល់អំពីពាក្យ វរ្ម័ន ឬ វម៌្ម



Powered by Blogger.