សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីម៉ាល់ឌីវ
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ នៅក្នុងឱកាសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅសាធារណរដ្ឋម៉ាល់ឌីវ ។
នៅក្នុងលទ្ធផលនៃជំនួបនោះផងដែរ ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រោយជំនួបថា ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាទៅលើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានការរីករាយ ដែលអាចឃើញ និងសម្រេចបានកិច្ចព្រមព្រៀងទិដ្ឋាការ រវាងប្រទេសយើងទាំងពីរ ។
ឯកឧត្តមបានបញ្ជាក់ថា ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ។
ឯកឧត្តមបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ បានពិភាក្សាគ្នាលើការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍លើវិស័យបដិសណ្ឋារកិច្ច នៃវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ។
ក្នុងនោះ ឯកឧត្តមក៏បានមានប្រសាសន៍ទៀតថា ប្រទេសម៉ាល់ឌីវ នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា មកសិក្សានៅសាកលវិទ្យាល័យជាតិ នៃប្រទេសម៉ាឌីវផងដែរ។
នៅឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវការផ្តាំផ្ញើ និងការអញ្ជើញរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ មកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាពិសេសអំឡុងពេលដែលកម្ពុជារៀបចំស៊ីហ្គេមនៅពាក់កណ្ដាលឆ្នាំ២០២៣។
សម្តេចតេជោបានជ្រើសរើសផ្លូវមួយខ្សែ នៅខេត្តមាត់សមុទ្រ ដាក់ជាឈ្មោះជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយ នឹងរកពេលវេលាសមស្របណាមួយ ដើម្បីសម្ពោធរួមគ្នាតែម្ដង។ សម្តេចតេជោក៏បានស្នើឱ្យមានការពង្រីកវិសាលភាពវិស័យវប្បធម៌រវាងកម្ពុជា-ម៉ាល់ឌីវ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងអំពីការផ្តល់អាហារូករណ៍ទៅវិញទៅមកដល់និស្សិតកម្ពុជា និងម៉ាល់ឌីវ ទទួលបាននូវការសិក្សាចំណេះដឹងផ្សេងៗរវាងប្រទេសទាំងពីរ។ សម្តេចតេជោបានលើកឡើងថា ប្រទេសម៉ាល់ឌីវជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ហើយសម្តេចចង់ឱ្យតំបន់តារាសាគររបស់ប្រទេសកម្ពុជា អភិវឌ្ឍដូចមាត់សមុទ្រម៉ាល់ឌីវ ដែរ។
សម្តេចតេជោ សង្ឃឹមថា អង្ករកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៥ឆ្នាំ និងកំពុងឈរលេខ១ នឹងទទួលបានការពេញនិយមពីប្រជាជនម៉ាល់ឌីវ និងភ្ញៀវទេសចរក្នុងប្រទេសនេះ។
ជាមួយគ្នានោះ សម្តេចតេជោបានលើកឡើងថា ផលិតផលត្រីរបស់ម៉ាល់ឌីវ ក៏អាចនាំទៅកាន់ប្រទេសកម្ពុជាផងដែរ ជាពិសេសសម្រាប់ត្រីខកំប៉ុងដែលកម្ពុជាត្រូវការច្រើនបំផុតក្នុងមួយឆ្នាំៗ។
សម្តេចតេជោសង្ឃឹមថា ម៉ាល់ឌីវ ក៏នឹងគាំទ្រកម្ពុជា ក្នុងការក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការ OIC នៅពេលខាងមុខ។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត នាពេលខាងមុខ៕
Post a Comment