បក្សប្រជា​ជនកម្ពុជាបញ្ជាក់ពីជ័យ​ជំនះដ៏កម្រនា​អាណត្តិទី៦

គណបក្ស​ប្រជាជនកម្ពុជា​បាន​គូស​បញ្ជាក់​ជា​ថ្មី​អំពី​ជ័យជំនះ​ដ៏​កម្រ​របស់​គណបក្ស​មួយ​នេះ​នៅ​អាណត្តិ​ទី៦​ដែល​អាច​ឲ្យ​បក្ស​បាន​កាន់​អំណាច​ទាំង​ស្រុង​និង​ដឹក​នាំ​ប្រទេស​បាន​ងាយ​ស្រួល។​ ​ការ​គូស​បញ្ជាក់​នេះ​ធ្វើ​​​ឡើង​នា​អំឡុង​ពេល​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ចំនួន​២ថ្ងៃ​ ដើម្បី​អនុម័ត​គោល​នយោបាយ​ថ្មី ​សម្រាប់​ការ​ប្រជែង​ការ​បោះឆ្នោត​អាណត្តិ​ទី៧​ជា​បន្ត។​តាមរយៈជ័យជំនះទាំងស្រុងកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គណបក្សប្រជាជនកម្ពុជាបានចាត់ទុកថានេះជាស្ថានភាពដ៏កម្រដែលអាចឲ្យបក្សមួយនេះដឹកនាំប្រទេសបានងាយស្រួល តាមរយៈការកាន់អំណាចទាំងស្រុង ទាំងនៅថ្នាក់ជាតិនិងទាំងនៅថ្នាក់ក្រោមជាតិ។នេះបើតាមសុន្ទរកថាបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅថ្ងៃនេះ។សម្រាប់គណបក្សប្រជាជនកម្ពុជា ជ័យជំនះទាំងស្រុងនៅអាណត្តិទី៦គឺជាជោគជ័យដែលអាចឲ្យបក្សបានអភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើនឆាប់រហ័ស ដោយមានទាំងការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។តាមរយៈនីតិកាលទី៦ គណបក្សប្រជាជនកម្ពុជាបានអះអាងថា ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិ បានបំពេញការងារខ្លួនដោយមិនសំចៃដៃ ដើម្បីគ្រប់គ្រងស្ថិរភាពនយោបាយ និងសង្គម។ជាការកត់សម្គាល់ ការអះអាងរបស់គណបក្សកាន់អំណាចបែបនេះទំនងជាការឆ្លើយតបទៅនឹងការរិះគន់មួយចំនួន ពីបណ្តាគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ដែលធ្លាប់លើកឡើងថា សភាអាណត្តិទី៦កន្លងមកនេះជាសភាអសកម្មដែលមិនបានដោះស្រាយបញ្ហាចម្បងរបស់ប្រជាពលរដ្ឋ។ម្យ៉ាងវិញសម្រាប់បណ្តាគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ការណ៍នេះគឺព្រោះតែការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅឆ្នាំ២០១៨ មិនមានវត្តមានគណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។ទោះយ៉ាងណា សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិទី៦នេះ ជាពេលវេលាផ្លែផ្ការបស់កម្ពុជាដ្បិតថាគណបក្សកាន់អំណាចទទួលបានជោគជ័យលើការបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិមួយចំនួន តួយ៉ាងដូចជា កិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។សូចនាករទាំងអស់នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា គណបក្សប្រជាជនកម្ពុជាមានរចនាសម្ព័ន្ធ និងធនធានមនុស្សគ្រប់គ្រាន់ ក្នុងការឆ្ពោះទៅរកជ័យជំនះជាថ្មីនៅចំពោះមុខនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងធ្វើឡើងនៅខែកក្កដាខាងមុខ។បើតាមសុន្ទរកថា គឺបក្សប្រជាជនកម្ពុជានឹងអនុម័តភារកិច្ចនយោបាយជាបន្ត តាមរយៈមហាសន្និបាតចំនួន២ថ្ងៃនេះ ដើម្បីយកទៅឃោសនាទាញសំឡេងពីប្រជាពលរដ្ឋ។ ក្នុងនោះ គណបក្សកាន់អំណាច នឹងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់បក្ស ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២​ និងទិសដៅភារកិច្ចឆ្នាំ២០២៣។ អនុម័តសេចក្តីព្រាងកម្មវិធីនយោបាយរបស់បក្សសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។និងវាយតម្លៃអំពីភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោតថ្នាក់ជាតិពេលខាងមុខ៕RFI



Powered by Blogger.