ជនរងគ្រោះនៃការជួញដូរមនុស្សជាង១០០នាក់ហ្វីលីពីនត្រូវបានជួយសង្គ្រោះពីប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០២១
ស្ថានទូតហ្វីលីពីនប្រចាំប្រទេសកម្ពុជានិងឡាវកាលពីថ្ងៃពុធបានរាយការណ៍ថាពួកគេបានជួយសង្គ្រោះប្រជាជនហ្វីលីពីនដែលត្រូវបានជួញដូរប្រហែល២០០នាក់ ដែលត្រូវបានបង្ខំឱ្យធ្វើការជាអ្នកបោកប្រាស់រូបិយប័ណ្ណគ្រីបតូ នៅក្នុងប្រទេសទាំងនេះ។ព័ត៌មាននេះត្រូវបានបញ្ចេញឱ្យដឹងក្នុងអំឡុងពេលសវនាការជាសាធារណៈនៃគណៈកម្មាធិការព្រឹទ្ធសភាស្តីពីស្ត្រីតាមប្រព័ន្ធកូនកាត់អំពីការជ្រើសរើសជនជាតិហ្វីលីពីនខុសច្បាប់នៅបរទេសដើម្បីធ្វើការនៅក្នុងកន្លែងលេងល្បែងអនឡាញ និងរូបិប័ណ្ណគ្រីបតូ។ព្រឹទ្ធសមាជិក លោកស្រី Ana Theresia “Risa” Hontiveros ប្រធានគណៈកម្មាធិការបានសួរមន្ត្រីបេសកកម្មហ្វីលីពីនដែលចូលរួមសវនាការតាមប្រព័ន្ធអ៊ីនធឺណិតថាតើពួកគេបានកត់ត្រាករណីជនជាតិហ្វីលីពីនដែលត្រូវបានជ្រើសរើសដោយខុសច្បាប់ ធ្វើជាអ្នកបោកប្រាស់រូបិយប័ណ្ណនៅក្នុងប្រទេសម្ចាស់ផ្ទះដែរឬទេ?គណៈកម្មាធិការនេះកំពុងស៊ើបអង្កេត “រោងចក្រក្លែងបន្លំ” ឬមជ្ឈមណ្ឌលហៅទូរស័ព្ទបោកប្រាស់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលកំណត់គោលដៅប្រជាជនហ្វីលីពីនដែលមិនបានដឹងឱ្យធ្វើការឱ្យពួកគេ។ស្ថានអគ្គកុងស៊ុលហ្វីលីពីនប្រចាំនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា លោកស្រី Emma Sarne បានបញ្ជាក់ថា ប្រជាជនហ្វីលីពីនកំពុងរងគ្រោះ។លោកស្រីបានមានប្រសាសន៍ថា “វាជាការពិត។ស្ថានទូតហ្វីលីពីនសូមរាយការណ៍អំពីការកើនឡើងនៃករណីជនជាតិហ្វីលីពីនដែលត្រូវបានជ្រើសរើសដោយខុសច្បាប់ និងបង្ខំឱ្យធ្វើការនៅក្នុងកន្លែងបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងព្រះរាជាណាចក្រ”។លោកស្រីបានបន្ថែមថា “យើងបានជួយសម្រួលដល់ការជួយសង្គ្រោះជនជាតិហ្វីលីពីនចំនួន ១១៩នាក់ពីកន្លែងលេងល្បែងអនឡាញដែលមិនបញ្ចេញឈ្មោះនៅក្នុងខេត្តនានាក្នុងប្រទេសកម្ពុជា ដែលភាគច្រើនមកពីក្រុងព្រះសីហនុក្នុងខែកក្កដា ឆ្នាំ២០២១”។លោកស្រី Sarne បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា “បានបិទ” កន្លែងលេងល្បែងអនឡាញ ចាប់តាំងពីខែតុលា ឆ្នាំ ២០២០។លោកស្រីបានកត់សម្គាល់ថា គម្រោងវិនិយោគខុសច្បាប់ទាំងនេះរីករាលដាលនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលមានជំងឺរាតត្បាត។ “ហើយនោះជាពេលដែលយើងចាប់ផ្តើមជួយសង្គ្រោះប្រជាជនហ្វីលីពីនទាំងនេះ”។លោកស្រី Deena Joy Amatong ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសឡាវ បានមានប្រសាសន៍ថា “ជាអកុសល យើងមានករណីពលករហ្វីលីពីននៅក្រៅប្រទេស ដែលត្រូវបានជួញដូរ និងជ្រើសរើសដោយខុសច្បាប់ ដើម្បីធ្វើការជាអ្នកបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសឡាវ”។លោកស្រី Amatong បានមានប្រសាសន៍ថា “យើងអាចជួយសង្គ្រោះពួកគេ ហើយបានបញ្ជូន និងធ្វើមាតុភូមិនិវត្តន៍ពួកគេទៅកាន់ប្រទេសហ្វីលីពីន ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរឡាវ។ ដូច្នេះ យើងសូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយរបស់ពួកគេ” ។លោកស្រី Hontiveros បានមានប្រសាសន៍ថា ប្រជាជនហ្វីលីពីនត្រូវបានជ្រើសរើសដោយក្រុមឧក្រិដ្ឋជន ហើយត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការបោកប្រាស់នៅក្នុងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។លោកស្រីបានមានប្រសាសន៍ថា “នេះជាវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងដែលប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនដ៏ឃោឃៅ”។សាក្សីម្នាក់បានបង្ហាញថាបុគ្គលិកនៃការិយាល័យអន្តោប្រវេសន៍ដែលមានមូលដ្ឋាននៅទីក្រុង Clark រដ្ឋ Pampanga បានសម្របសម្រួលការធ្វើដំណើររបស់ជនរងគ្រោះទៅបរទេស។ព្រឹទ្ធសមាជិក លោក Rafael “Raffy” Tulfo បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងប្រទេសដោយមានប្រសាសន៍ថាវាជា “កាតព្វកិច្ចសីលធម៌” របស់រដ្ឋាភិបាលក្នុងការការពារ និងរក្សាអាយុជីវិតរបស់ប្រជាជនហ្វីលីពីនទាំងអស់ដែលរងគ្រោះក្នុងគម្រោងការជួញដូរមនុស្ស។សមាជិកព្រឹទ្ធសភាបានអំពាវនាវឱ្យស្ថាប័នអនុវត្តច្បាប់កំណត់អត្តសញ្ញាណ និងចាប់ខ្លួនក្រុមជួញដូរមនុស្ស។ “ការជួញដូរមនុស្សរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ដូច្នេះវាដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”៕ Manila Times/Khmer Times
ព្រឹទ្ធសមាជិកលោកស្រី Ana Theresia 'Risa' Hontiveros សាកសួរប្រេសិតហ្វីលីពីនក្នុងអំឡុងពេលសវនាការសាធារណៈរបស់ព្រឹទ្ធសភាស្តីពីការជួញដូរមនុស្សនៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។ រូបថតដោយ Rene. H. Dilan/Khmer Times
Post a Comment