បក្សភ្លើងទៀននឹងរៀបចំសមាជវិសាមញ្ញនៅខែកុម្ភៈដើម្បីពង្រីកក្បាលម៉ាស៊ីន
គណបក្សភ្លើងទៀនគ្រោងនឹងរៀបចំសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះ ដើម្បីពង្រីកក្បាលម៉ាស៊ីនដឹកនាំគណបក្សនិងកំណត់យុទ្ធសាស្ត្រនយោបាយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។នេះបើតាមសេចក្តីប្រកាសមួយរបស់គណបក្សនាថ្ងៃទី២៧ខែមករានេះ។ចំណែកអ្នកនាំពាក្យគណបក្សនេះចង់ឲ្យមានការបន្ធូរបន្ថយកំដៅនយោបាយមុនពេលបោះឆ្នោតខាងមុខ។គណបក្សភ្លើងទៀនដែលមានមន្ត្រីជាន់ខ្ពស់មួយចំនួនកំពុងតែរងក្តីក្តាំនៅតុលាការនោះ បានប្រកាសនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី២៧ខែមករានេះថាគណបក្សនឹងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពង្រីកក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទានបានថ្លែងបញ្ជាក់បន្ថែមប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៧ខែមករានេះថាការធ្វើសមាជរបស់គណបក្សគឺមានគោលដៅសម្រាប់ការរៀបចំខ្លួនឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ។សម្រាប់ការបោះឆ្នោតនាពេលខាងមុខ លោក គីមសួរ ភីរិទ្ធ បានបញ្ជាក់ថា បើការបោះឆ្នោតប្រព្រឹត្តិទៅដោយ សេរី យុត្តិធម៌ និងត្រឹមត្រូវ លោកមានសង្ឃឹមថាអ្នក ដែលធ្លាប់គាំទ្រអ្នកប្រជាធិបតេយ្យ នឹងបន្តផ្តល់ទំនុកចិត្តដល់គណបក្សណាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ពោលគឺក្តីសង្ឃឹមនៅតែមានហើយគណបក្សមិនដែលបោះបង់គោលជំហរលើការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ។គម្រោងធ្វើសមាជវិសាមញ្ញរបស់គណបក្សនាពេលនេះកើតឡើងនៅក្រោយពេលដែលអនុប្រធានគណបក្សនេះត្រូវបានតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី១៦ ខែមករា។ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ និងឃុំខ្លួន ដោយតុលាការចោទពីបទចេញសែកដែលគ្មានទឹកប្រាក់ ដែលប្រព្រឹត្តនៅភ្នំពេញ កាលពីឆ្នាំ២០១៩។ ការចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង ត្រូវបានអ្នកតាមដាន និងជាពិសេសគណបក្សភ្លើងទៀនផ្ទាល់ ថ្កោលទោសថាជារឿងនយោបាយ និងទាមទារឲ្យដោះលែង ដោយឥតលក្ខខណ្ឌ។ក្រៅពីលោក ថាច់ សេដ្ឋា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត បានបាត់បង់ដីធ្លីក្រោយរងបណ្តឹងគណបក្សប្រជាជន ហើយលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សក៏បានរងនូវបណ្តឹងតុលាការដែរ ទីបំផុតដីនិងផ្ទះរដ្ឋ ដែលលោកធ្លាប់រស់នៅអស់ពេល៤ទសវត្សរ៍ត្រូវលោកប្រគល់ឲ្យក្រសួងការបរទេសវិញ ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ចប់ការប្តឹងផ្តល់ដែរ។អ្នកនាំពាក្យគណបក្សភ្លើងទៀនបានថ្លែងថារឿងក្តីនៅតុលាការជាលក្ខណៈបុគ្គលគឺមានមេធាវីជាអ្នកដោះស្រាយ។ចំណែកឯករណីដែលពាក់ព័ន្ធនឹងរឿងនយោបាយលោកស្នើសុំឲ្យរាជរដ្ឋាភិបាលឬគណបក្សកាន់អំណាចពិចារណាបន្ធូរបន្ថយកំដៅ ពីព្រោះការបោះឆ្នោតទាមទារឲ្យមានស្ថិរភាពនយោបាយមួយ ពោលគឺ ធ្វើយ៉ាងណាឲ្យគណបក្សប្រកួតប្រជែកមានទំនុកចិត្តក្នុងការចូលរួម។ លោកបន្តថាបើភាគីដែលចូលរួមត្រូវបានគេដាក់កំហិតហួសហេតុពេក នោះការបោះឆ្នោតនឹងមិនប្រព្រឹត្តិទៅដោយសេរីនិងយុត្តិធម៌ទេ។ដូច្នេះមានតែការជជែកគ្នាជាមួយគណបក្សកាន់អំណាច ដើម្បីបន្ធូរបន្ថយបរិយាកាស សំដៅឲ្យគណបក្សប្រជែង និងបក្សកាន់អំណាច មានទំនុកចិត្តទៅវិញទៅមក ដោយផ្អែកលើគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។គណបក្សកាន់អំណាចតែងតែចោទសួរថាតើការជជែកគ្នារវាងគណបក្សកាន់អំណាច និងគណបក្សភ្លើងទៀនលើបញ្ហាអ្វីព្រោះគណបក្សនយោបាយមិនអាចលូកដៃចូលក្នុងការអនុវត្តច្បាប់របស់តុលាការនោះទេពាក់ព័ន្ធរឿងចេញសែកដែលគ្មានទឹកប្រាក់ជាដើម៕RFI
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនក្នុងពេលធ្វើសមាជគណបក្ស នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២២។ រូបថតpostkhmer
Post a Comment