សម្ដេចហ៊ុនសែន៖គណបក្សប្រជាជនកម្ពុជានឹងធ្វើមហាសន្និបាតវិសាមញ្ញនៅចុងសប្ដាហ៍នេះ
សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា គណបក្សប្រជាជនកម្ពុជានឹងធ្វើមហាសន្និបាតវិសាមញ្ញរបស់ខ្លួន រយៈពេល២ថ្ងៃ(ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ខែមករាឆ្នាំ២០២៣)នៅចុងសប្ដាហ៍នេះដើម្បីជជែករៀបចំក្របខណ្ឌគោលនយោបាយ២០២៣-២០២៨។ការថ្លែងរបស់សម្ដេចនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណជាង ៣ ០០០ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។សម្ដេចហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា នឹងរៀបចំកិច្ចប្រជុំចុងសប្ដាហ៍នេះ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺរយៈពេល២ថ្ងៃ សម្រាប់គេហៅថាមហាសន្និបាតតំណាងទូទាំងប្រទេសរយៈពេល២ថ្ងៃ ដើម្បីជជែករៀបចំក្របខណ្ឌគោលនយោបាយ២០២៣-២០២៨។ សម្ដេចបន្តថា បញ្ហានេះមិនមែនអនុម័តដោយមនុស្សម្នាក់ ពីរនាក់ឬមនុស្សបួន ដប់នាក់នោះទេ ដោយធ្វើការអញ្ជើញតាំងពីថ្នាក់ស្រុកមកធ្វើការជួបប្រជុំ ផ្ដល់មតិទៅលើទិសដៅ ដែលត្រូវប្រកាន់យកក្នុងរយៈពេល៥ឆ្នាំទៅមុខហើយត្រូវប្រើទៅដល់មហាសន្និបាតតំណាងទូទាំងប្រទេសវិសាមញ្ញទៅទៀត។សម្ដេចគូសបញ្ជាក់ថា ការរៀបចំក្របខណ្ឌគោលនយោបាយ២០២៣-២០២៨ មិនមែនជាការកំណត់ដោយ ហ៊ុន សែន ម្នាក់ឬត្រឹមតែសមាជិកអចិន្ត្រៃយ៍ប៉ុន្មាននាក់ ឬគណៈកម្មាធិការកណ្ដាលនោះទេ តែនេះប្រមូលផ្ដុំនេះបញ្ញាញាណមនុស្សរាប់ពាន់នាក់ដែលតំណាងមកតាំងពីថ្នាក់ស្រុក ដើម្បីមកចូលរួមផ្ដល់នូវយោបល់សម្រាប់កម្មវិធីនយោបាយ រយៈពេល៥ឆ្នាំទៅមុខ លើមូលដ្ឋានដែលមានរួចហើយ តើអ្វីដែលត្រូវកែសម្រួល។ សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា ក្នុងនោះ បញ្ហាមនុស្ស ក្លាយទៅជាបញ្ហាសំខាន់ជាងគេ ដូចដែលសម្ដេចធ្លាប់និយាយហើយថា ថវិកាឆ្នាំ២០២៣ គឺជាថវិកាបម្រើឱ្យមនុស្ស ដែលក្នុងនោះមានទាំងការតម្លើងបៀវត្ស ការធ្វើអន្ដរាគមន៍ជួយចំពោះអ្នកក្រីក្រដែលជួបបញ្ហាកូវីដ បញ្ហាអតិថរណាជាដើម។ជាមួយគ្នានេះ សម្ដេចតេជោក៏បានលើកឡើងជាថ្មី អំពីគម្រោងនឹងបណ្ដុះបណ្ដាលយុវជន១លាន៥សែននាក់ ហើយពេលចូលរៀនមិនត្រឹមតែមិនបង់ប្រាក់ទេ តែរដ្ឋផ្ដល់ប្រាក់ឧបត្ថម្ភឱ្យ ដើម្បីយើងមានធនធានមនុស្សបម្រើឱ្យសេចក្ដីត្រូវការនៃការវិនិយោគពីខាងក្រៅ ខណៈដែលបច្ចុប្បន្នកម្ពុជា បានក្លាយជាគោលដៅនៃការវិនិយោគទាក់ទាញពីខាងក្រៅនោះ៕AKP
Post a Comment