ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញថ្លែងក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញថ្លែងក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅសាលានាយទាហានសកម្ម ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរចំពោះសាលានាយទាហានសកម្ម និងបណ្តាស្ថាប័ន-កងឯកភាពដៃគូសហការ ដែលបានខិតខំព្យាយាមប្រឹងប្រែងថែរក្សាប្រពៃណី និងទំនៀមទម្លាប់ក្នុងការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទរាប់ចាប់តាំងពីវគ្គនាយទាហានសកម្មជំនាន់ទី១ ក្នុងឆ្នាំ១៩៩៦ រហូតមានការចាប់អារម្មណ៍ និងការទទួលស្គាល់ជាបន្តបន្ទាប់ ដោយផ្តើមពីការប្រកួតកម្រិតផ្ទៃក្នុងសាលា រហូតមានការបើកទូលាយឱ្យបណ្តាសា្ថប័ន-កងឯកភាពផ្សេងទៀតចូលរួមជាមួយចាប់ពីឆ្នាំ២០០០ ហើយនៅក្នុងឆ្នាំ២០១៧ និង២០១៨ កន្លងទៅ ក៏ធ្លាប់ត្រូវបានរៀបចំក្នុងកម្រិតថ្នាក់ជាតិ ដោយមានការចូលរួមពីមហាជនផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះការរៀបចំក្នុងឆ្នាំ២០២៣ នេះ ដែលធ្វើឡើងបន្ទាប់ពីត្រូវបានអាក់ខានរយៈពេលពីរឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩, សូមវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើររៀបចំការប្រកួតទាំងមូលទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនៃសមាសភាពចូលរួម ដោយក្នុងឆ្នាំនេះផ្ទាល់ មានការបញ្ជូនក្រុមកីឡាករមកចូលរួមប្រកួតចំនួនច្រើនជាងបណ្តាឆ្នាំមុនៗ រហូតដល់ប្រមាណ ២៧ ក្រុម មកពី ១៧ ស្ថាប័ន-កងឯកភាព ព្រមជាមួយនឹងចំនួនកីឡាករ-កីឡាការិនីសរុបប្រមាណ ២៧០ រូប។ ជោគជ័យនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡាក្នុងជួរកងយោធពលខេមរភូមិន្ទ និងការលើកស្ទួយការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាការបង្ហាញនូវភាពរីកចម្រើនរបស់មាតុភូមិកម្ពុជានាពេលបច្ចុប្បន្នក្នុងសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍។

ទន្ទឹមនឹងនេះ ឯកឧត្តម សម្តែងនូវការអបអរសាទរដល់ក្រុមកីទ្បាករ-កីទ្បាការិនីទាំងអស់មកពីបណ្តាកងឯកភាព និងស្ថាប័ននានាចំណុះអគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ព្រមទាំងក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងពិធីប្រកួតកីទ្បាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាតប៉ុលពត។

ការប្រកួតនេះក៏ជាការផ្តល់ឱកាសឱ្យក្រុមកីឡាករ-កីឡាការិនី ដែលមកពីបណ្តាស្ថាប័ន-កងឯកភាពផ្សេងៗគ្នា បានជួបជុំគ្នា ស្គាល់គ្នា និងស្វែងយល់ពីគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពតាមរយៈការចូលរួមលេងកីឡាជាមួយគ្នា រហូតក្លាយទៅជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នាក្នុងបរិយាកាសស្និទ្ធស្នាល ចេះអត់ឱនអធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមកទោះក្នុងលក្ខណៈជាបុគ្គល ជាក្រុម ឬជាអង្គភាពក្តី។ ព្រមជាមួយគ្នានេះ សូមយោធិនទាំងអស់ត្រូវបន្តយកចិត្តទុកលើការហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព និងកាយសម្បទា សំដៅធានាបាននូវសមត្ថភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យបានជោគជ័យ។







Powered by Blogger.